ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​អប់រំ​ណែនាំ​ដល់​មន្ទីរអប់រំ​រាជធានី​ខេត្ដ​ពង្រឹង​វិន័យ​ និង​ការគ្រប់គ្រង ពិនិត្យ​វត្ដ​មាន​បុគ្គលិក អប់រំ ក្នុងពេល​បំពេញការងារ​ឱ្យបាន​ត្រឹមត្រូវ​

ភ្នំពេញ ​៖ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរអប់រំ​រាជធានី ខេត្ដ ត្រូវ​ពង្រឹង​វិន័យ និង​ការគ្រប់គ្រង​នៅ​គ្រឹះស្ថានសិក្សា​សាធារណៈ ត្រួតពិនិត្យ​វត្ដ​មាន​បុគ្គលិក​អប់រំ​ក្នុងពេល​បំពេញ​ការងារ គោរព​តាម​ពេលវេលា និង​ម៉ោង​បង្រៀន​ឱ្យបាន​ត្រឹមត្រូវ​។​

ថ្លែង​នៅក្នុង​លិខិត​ចុះ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ដ្រី ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ណែនាំ​ឲ្យ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ដ ត្រូវ​ពង្រឹង​យន្ដការ​គ្រប់គ្រង ត្រួតពិនិត្យ​វត្ដ​មាន​របស់​បុគ្គលិក​អប់រំ​នៅ​គ្រប់​គ្រឹះស្ថានសិក្សា​សាធារណៈ​ឱ្យបាន​ច្បាស់លាស់ និង​ត្រឹម ត្រូវ​ដើម្បី​ពង្រឹង​វិន័យ និង​ការ​អនុវត្ដ​កាតព្វកិច្ច​របស់ បុគ្គលិក​អប់រំ​ឱ្យបាន​ល្អប្រសើរ ។​

​ការប្រកាស​នេះ​បានធ្វើ​ឡើង បន្ទាប់ពី​ក្រសួង​អប់រំ ក្នុងពេល​កន្លងមក បាន​ពិនិត្យឃើញ​បុគ្គលិក អប់រំ​ខ្លះ​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ​មួយចំនួន​មិនទាន់​អនុវត្ដ​ ​ពេលវេលា​បំពេញការងារ និង គោរព​ម៉ោង​បង្រៀន​បាន​ពេញលេញ​នៅឡើយ ជាហេតុ​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ដ​កម្មវិធីសិក្សា និង ការសិក្សា​របស់​សិស្ស ជាពិសេស​ថែមទាំង​ជះឥទ្ធិពល​មិនល្អ​ដល់​អ្នក​ដែល​ខិតខំ​បំពេញការងារ និង សហគមន៍​ផងដែរ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តថា គ្រប់​មន្ទីរអប់រំ​រាជធានី ខេត្ដ ត្រូវ​អនុវត្ដ​ ​វិន័យ​រដ្ឋបាល ឬ​វិន័យ​ការងារ ចំពោះ​បុគ្គលិក​អប់រំ​ចូល​យឺត ចេញ​មុន​ម៉ោង​កំណត់ បុគ្គលិក​អប់រំ​ដែល​អនុវត្ដ​ ​កាតព្វកិច្ច​ដោយ​ពុំមាន ស្មារតី​ទទួលខុសត្រូវ និង​ប្រគល់​ភារកិច្ច​ឱ្យ​អ្នកដទៃ​ធ្វើ​ជំនួស ដោយ​ខ្លួនឯង​ទៅ​បំពេញការងារ​ក្រៅ​ខុស បទបញ្ជា ឬ​យក​ការងារ​ក្រៅ​អង្គភាព​មក​ឡូកឡំ​ក្នុង​ម៉ោង​ការងារ ឬ​អ​វត្ដមាន​ដោយ​ពុំមាន​មូលហេតុ ច្បាស់លាស់​។​

លោក​រដ្ឋមន្ដ្រី​បាន​ជំ​រុញឱ្យ​មន្ទីរអប់រំ​យុវជន និង​កីឡា​រាជធានី ខេត្ដ ត្រូវ​ចាត់ចែង​អនុវត្ដ​ន៍ ឱ្យបាន​ម៉ឺងម៉ាត់ នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ ក្រោម​ឱវាទ និង​ត្រូវ​ចុះ​ពិនិត្យ​សកម្មភាព​នេះ ជាប្រចាំ​សំដៅ​ធានាបាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​។​

លោក មាស ឆ​ពណ្ណ នាយក​សាលាបឋមសិក្សា​ព្រះ​ន​រោ​ត្ដម បានឱ្យដឹងថា​សាលា​តែងតែបាន​ដាក់ចេញ​នូវ​បទបញ្ជាផ្ទៃក្នុង​និង​មានការ​ជួបប្រជុំ​ជាប្រចាំ​ខែ​ដើម្បីឱ្យ​បុគ្គលិក​ទាំងអស់​អនុវត្ដ​ ​ការងារ​ឱ្យបាន​ល្អ និង​មាន​គុណភាព​ក្នុង​ការផ្ដល់​ចំណេះដឹង​ដល់​សិស្សានុសិស្ស​។​ លោកនាយក​ចាត់ទុកថា​ការងារ​គ្រប់គ្រង និង​ពង្រឹង​វិន័យ​លើ​បុគ្គលិក​និង​លោកគ្រូ អ្នកគ្រូ​គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុងការ​គ្រប់គ្រង​សាលា​ក៏ដូចជា​លើកកម្ពស់​គុណភាព​សិក្សា​របស់​សិស្ស​ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធភាព​ខ្ពស់​។

លោក​បាន​បន្ដថា «​ការប្រើប្រាស់​បុគ្គលិ​ក​នៅក្នុង​សាលាបឋមសិក្សា​ព្រះ​ន​រោ​ត្ដម គឺមាន​ភាព​សន្សំសំចៃ​បំផុត ដោយ​មិនមាន​បុគ្គលិក​ណា មួយ​នៅសល់ ឬ​នៅក្រៅ​ការបែងចែក​ភារកិច្ច​ចាត់តាំង​របស់​សាលា​នោះទេ​»​។​

ចំណែក​លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា រាជធានី​ភ្នំពេញ​បានដឹងថា​ការគ្រប់គ្រង​បុគ្គលិក និង​មន្ដ្រី​អប់រំ នៅក្នុង រាជធានី​ភ្នំពេញ គឺ​មន្ទីរ​បាន​ណែនាំ​ជា​បន្តបន្ទាប់​ចំពោះ​ការ​អនុវត្ដ​​ពង្រឹង​វិន័យ​ការងារ ការគោរព​ពេល ម៉ោង​បង្រៀន ដើម្បី​ផ្ដល់នូវ​គុណ​វុ​ឌ្ឍ និង​ប្រសិទ្ធភាព​ការងារ​ឱ្យ​កាន់តែ​ខ្ពស់​ថែមទៀត​៕​
​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114