ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ស្រុក​ពាមរក៍ ប្ដេជ្ញា​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ឲ្យ​ខាងតែបាន

ព្រៃវែង ៖​ លោកស្រី សេង ទៀង​ អភិបាលស្រុក​ពាមរ​ក៍ បាន​មានប្រសាសន៍ថា គិត​មក​ត្រឹម​ថ្ងៃទី ២៥-២៦ ​ខែមករា ​ឆ្នាំ​២០១៨ ​នេះ​កម្លាំង​សមត្ថកិច្ច រួមមាន​នគរបាល អាវុធហត្ថ មន្ត្រីជលផល និង​ឧបករណ៍​ជាច្រើន​បាន​ត្រៀម​រួចជាស្រេច សម្រាប់​តាម​ចាប់​ទូក​ដែល​ចេញ​ឆក់​ត្រី​កណ្តាលយប់នៅតាម​ដង​ទន្លេតូច ក្នុងភូមិ​សាស្ត្រ​ឃុំ​បន្លិចប្រាសាទ​ ស្រុក​ពាមរ​ក៍ ​ខេត្តព្រៃវែង ហើយកម្លាំង​នេះ​ត្រូវ​ត្រៀម​ប្រចាំការ​ជានិច្ច រហូត​ទាល់តែ​ចាប់​ទូក​ប្រព្រឹត្ត​បទល្មើស​បាន​។​

លោកស្រី សេង ទៀង អភិបាលស្រុក​ពាមរក៍ ​បាន​អះអាង​បែបនេះ គឺ​បន្ទាប់ពី​មាន​ពលរដ្ឋរាយការណ៍​ថា មាន​អ្នក​បើកទូក​មក​ឆក់​ត្រី​ពេលយប់​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកនេសាទ​ជាលក្ខណៈគ្រួសារ​ ហើយ​នៅ​រសៀល​ថ្ងៃទី​២៥​ ខែមករា​ ឆ្នាំ​២០១៨​ ប្រជាពលរដ្ឋ​បានមក​ប្តឹង​ឲ្យនគរបាល​ប៉ុស្តិ៍​បន្លិច​ប្រាសាទ ចាត់ការ​ចំពោះទូក​នេសាទ​ធំៗ ​២​ ទៅ​ ៣​ គ្រឿង ដែល​តែងតែ​ចេញធ្វើ​សកម្មភាព​ឆក់​ត្រជាក់នៅតាម​ដង​ទន្លេតូច ​ក្នុងភូមិ​សាស្ត្រ​ឃុំ​បន្លិច​ប្រាសាទ ​ជាច្រើន​យប់ជាប់ៗ​គ្នា​។ វា​មិន​ត្រឹមតែ​បំផ្លាញ​អស់​ពពួក​មច្ឆជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ឧបករណ៍​នេសាទ​របស់បងប្អូន​ប្រជាពលរដ្ឋ ដែល​ដាក់​នៅក្នុង​ទន្លេដូចជា ​មង សន្ទូច​ ជាដើម​ក៏ត្រូវ​ទូក​ទាំងនោះ​អូសកាត់ផ្តាច់​ទៅជា​មួយ​ដែរ​។ ​

ប្រជាពលរដ្ឋ​នៅ​ឃុំ​បន្លិច​ប្រាសាទ ដែល​រងគ្រោះ​ដោយសារទូកនេសាទ​ខុសច្បាប់បាន​រៀបរាប់ថា ទូក​ឆក់​ត្រជាក់វា​អាច​ស្រូបយក​ត្រី​បាន​ក្នុង​ទំហំ​ ១០ម៉ែត្រ​៤ជ្រុង ហើយ​បច្ចុប្បន្ន​មាន​ទូក​ឆក់​ត្រជាក់​ពេលយប់​ចំនួន​ ៣ ​គ្រឿង​។​ សម្រាប់​ក្បាល​អាំង​ស៊ីវ៉ា​ត់​ទ័រឆក់​ប្រភេទ​នេះ ​គឺវា​ស្រូប​យកតែ​ត្រីប្រភេទ​អត់​ស្រកា ដូចជា ​ត្រី​ឆ្លូញ ត្រី​ប្រា ត្រី​ខ្ជឹង ត្រី​ពោរ ត្រី​ឆ្លាំង ហើយ​នៅពេល​ឆក់​ចំ​ត្រី គឺ​វា​អណ្តែត​លើទឹក​ដូច​ពពុះ​ទើប​អ្នក​ឆក់​គេ​ដួស​យក​។ ពលរដ្ឋ​បន្តថា អ្នកភូមិ​សព្វថ្ងៃគ្នា​នេសាទ​គ្រាន់​ហូប ដាក់មង​គៀនៗ​អី​តិចតួច បែរជា​ទូក​ឆក់​ត្រជាក់មក​ចូក​ដោយយកទៅ​ទាំងអស់​អា​លីង ទាំង​មង​ ទាំង​សន្ទូច​។​

ឆ្លើយតប​ចំពោះ​ការលើកឡើង​នេះ ក៏ដូចជា​ដើម្បី​ដោះស្រាយ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំបន្លិច​ប្រាសាទ លោកស្រី សេង ទៀង អភិបាលស្រុក​ពាមរ​ក៌​បាន​បញ្ជាក់ថា ពេលនេះ​កម្លាំង​ដែលលោកស្រី​ចាត់តាំង សម្រាប់​ចេញ​ធ្វើ​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​ខាងលើនេះ បានត្រៀមខ្លួន​រួចជាស្រេច​អស់ហើយ គឺ​រង់ចាំ​ឱ្យតែ​ឃើញ​ទូក​ប្រព្រឹត្ត​បទល្មើស​ទាំងនោះ​ យើង​នឹងបង្ក្រាប​ភ្លាមយកមក​ផ្ដន្ទាទោស​តាមច្បាប់​។

​មិន​ថា​យប់​ឬ​ថ្ងៃ​ទេ បើទោះជា​ទូក​ទាំងនោះ​ដឹងខ្លួន​ចូល​ពួន​អស់​ក៏ដោយ ក៏​លោកស្រី​បញ្ជាឱ្យ​កម្លាំងចុះ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ ដើម្បី​ចាប់​ឱ្យបាន​មិនឱ្យ​រួចខ្លួន​ឡើយ​។​ ចំពោះ​ការប្តេជ្ញាចិត្ត​ដ៏មុតមាំ​របស់លោក​ស្រី​អភិបាលស្រុក បានធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត និង​ មានភាពកក់ក្តៅ ហើយ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ចំណាត់ការ​នេះ ហើយ​ពលរដ្ឋ​សន្យាថា ​នឹងចូលរួម​សហការ​នូវ​គ្រប់​រូបភាពឱ្យតែ​អាជ្ញាធរ ឬ​សមត្ថកិច្ច​ត្រូវការ ដើម្បី​រក្សា​ពូជ​ត្រី​ឱ្យនៅ​គង់វង្ស៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114