ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Putin និយាយ​កំប្លែង​លេង​ថា គាត់​ត្រូវបាន​ការពារ​ ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាលពី​ថ្ងៃ​អង្គារ​បាន​និយាយ​កំប្លែង​លេង​ថា គាត់​ត្រូវបាន​ការពារ​ដោយ​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​ ដែល​មិនបាន​បញ្ចូល​ឈ្មោះ​របស់គាត់​នៅក្នុង​បញ្ជី​មន្ត្រី​និង​មេដឹកនាំ​ជំនួញ​ដែល​អាច​ទទួលបាន​ទណ្ឌកម្ម។

លោក Putin បាន​ប្រាប់​អ្នកគាំទ្រ​របស់គាត់​ទាំង​ញញឹម​ដោយ​ដកស្រង់​ឃ្លា​មួយ​ដ៏​ល្បីល្បាញ​ពី​ខ្សែភាពយន្ដ​សម័យ​សូ​វៀត​ដ៏​ពេញ​និយម​មួយ​ថា “​ខ្ញុំ​ត្រូវបាន​ការពារ អ្នកដឹង​ទេ​”​។​

លោក Putin បាន​និយាយ​បែបនេះ​បន្ទាប់ពី​ក្រសួង​រតនាគារ​សហរ​ដ្ឋ​អា​មេ​រិក​បាន​បញ្ចេញ​បញ្ជី​ដែល​គេ​រង់ចាំ​ជា​យូរ​មកហើយ​មួយ​ សម្រាប់​មន្ត្រី​និង​មេដឹកនាំ​ជំនួញ​រុស្ស៊ី​ដែល​អាច​ទទួល​បានការ​ដាក់ទណ្ឌកម្ម​នៅក្រោម​ច្បាប់​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ដាក់ទណ្ឌកម្ម​ក្រុង​មូ​ស្គូ​ចំពោះ​ការជាប់​ពាក់ព័ន្ធ​ក្នុងការ​បោះឆ្នោត​ដែល​បានធ្វើ​ឲ្យ​លោក Donald Trump កាន់អំណាច។

បញ្ជី​នេះ​បង្ហាញ​ពី​ឈ្មោះ​របស់​សមាជិក​ជាន់ខ្ពស់​ភាគច្រើន​នៅ​ក្នុង​រដ្ឋបាល​របស់​លោក Putin រួម​ទាំង​លោកនាយក​រដ្ឋមន្ត្រី Dmitry Medvedev និង​រដ្ឋមន្ត្រីការបរទេស​លោក Sergei Lavrov និង ពាណិជ្ជករ​ចំនួន​៩៦​នាក់​ផង​ដែរ​ ដែល​សហរដ្ឋអាមេរិក​ចាត់ទុកថា​ជា​ជំនិត​របស់​លោក Putin។

លោក Putin បាន​ហៅ​ការចេញ​បញ្ជី​នេះ​ថា​ជា “​វិធានការ​គ្មាន​មិត្តភាព​” ដែល​លោក​និយាយថា​នឹងធ្វើ​ឲ្យ​ស្មុគស្មាញ​បន្ថែមទៀត​ដល់​ទំនាក់ទំនង​រវាង​អាមេរិក​និង​រុស្ស៊ី​ក៏ដូចជា​ទំនាក់ទំនង​អន្តរជាតិ​ជាទូទៅ​ផងដែរ​។​

លោក​បាន​ប្រាប់​ក្រុម​អ្នកគាំទ្រ​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ថា “​យើង​មិន​ចាប់អារម្មណ៍​ក្នុងការ​កាត់បន្ថយ​ទំនាក់ទំនង​របស់​យើង​ជាមួយ​សហរដ្ឋអាមេរិក​ទេ​”​។ លោក​បន្តថា “​យើង​នឹងមិន​ស្វែងរក​បញ្ហា​ហើយ​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​ធ្ងន់ធ្ងរ​នោះទេ​។ យើង​ដឹង​ពីអ្វី​ដែល​យើង​ចង់បាន​។ យើង​ចង់​កសាង​ទំនាក់ទំនង​យូរអង្វែង​និង​មាន​ស្ថេរភាព​ជាមួយ​សហរដ្ឋអាមេរិក​ដោយ​ផ្អែកលើ​ច្បាប់​អន្តរជាតិ​”​។​

លោក Putin ត្រូវបាន​គេ​រំពឹង​យ៉ាង​ទូលំទូលាយ​ថា​នឹង​ទទួលបាន​តំណែង​ជា​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទី​បួន​នៅក្នុង​ការបោះឆ្នោត​ខែមីនា​ដោយ​ពង្រីក​អាណត្តិ​របស់លោក​នៅ​វិមាន​ក្រឹម​ឡាំង​រហូតដល់​ឆ្នាំ​២០២៤​និង​ក្លាយជា​មេដឹកនាំ​រុស្ស៊ី​ដែល​បម្រើការ​យូរ​បំផុត​ចាប់តាំងពី​មេដឹកនាំ​ផ្តាច់ការ Joseph Stalin មក​៕ AFP


TAG