ព័ត៍មានទាន់​ហេតុការណ៏
Search

មាន​មនុស្ស​ជាង​៨០​នាក់ ​ស្ថិតនៅលើ​សាឡាង​របស់​ប្រទេស​គី​រី​បាទី ​ដែល​បាត់​ខ្លួន​ ខណៈ​ការស្វែងរក​អ្នក​នៅរស់​កំពុង​បន្ត

អាជ្ញាធរ​បាន​អះអាង​នៅ​ថ្ងៃ​ពុធ​ថា នាវា​ចម្លង​របស់​ប្រទេស​គី​រី​បាទី​ ដែល​បាត់​ខ្លួន​គឺមាន​ដឹក​អ្នកដំណើរ​ជាង​៨០​នាក់​ ខណៈដែល​យន្តហោះ​អូស្ត្រាលី​ និង​អាមេរិក​បាន​រុករក​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​សម្រាប់​អ្នក​រស់រាន​មានជីវិត​ក្នុង​រយៈពេល​ជាង​មួយ​សប្ដាហ៍​បន្ទាប់ពី​វា​បាន​លិច។

​នាវា​ប្រវែង​១៧​ម៉ែត្រ​មួយគ្រឿង​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី​២០​ខែមករា​ពោល​គឺមាន​រយៈពេល​ពីរ​ថ្ងៃ​បន្ទាប់ពី​វា​បាន​ចាក​ចេញពី​កោះ Nonouti លើ​ការធ្វើដំណើរ​ចម្ងាយ​២៥០​គីឡូម៉ែត្រ​ទៅ​ទីក្រុង Betio នៃ​ប្រទេស​គី​រី​បាទី​។​

មនុស្ស​៧​នាក់​ដែល​ត្រូវបាន​គេ​ជួយសង្គ្រោះ​ពី​ទូក​ពោង​មួយ​ដែល​អណ្តែត​កាលពី​ចុង​សប្តាហ៍​បាន​និយាយថា សាឡាង​នោះបាន​លិច​ភ្លាមៗ​បន្ទាប់ពី​ចេញដំណើរ​កាលពី​ថ្ងៃទី​១៨​ខែមករា​ហើយ​ពួកគេ​បានឃើញ​អ្នកដំណើរ​ដទៃទៀត​បាន​ស្រ​វេ​ស្រវា​តោង​ឡើង​ជិះទូក​ពោង​កៅស៊ូ​។​

កងកម្លាំង​ការពារ​នូ​វែ​ល​ហ្សេ​ឡង់​ធ្លាប់បាន​រាយការណ៍​ថា មាន​មនុស្ស​៨​នាក់​ត្រូវបាន​ជួយសង្គ្រោះ​ប៉ុន្តែ​បាន​កែប្រែ​ចំនួន​នោះ​វិញ​។ របាយការណ៍​ស្តីពី​ចំនួន​អ្នកដំណើរ​សរុប​មាន​ភាពប្រែប្រួល​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ចន្លោះ​ពី​៣៥​ទៅ​១០០​។​

មជ្ឈមណ្ឌល​សម្របសម្រួល​ជួយសង្គ្រោះ​នូ​វែ​ល​ហ្សេ​ឡង់ (RCCNZ) ដែល​កំពុង​ជួយ​ការរុករក​នោះបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ថា អាជ្ញាធរ​គី​រី​បាទី​បាន​បញ្ជាក់ថា មាន​អ្នកដំណើរ​ប្រហែល​៨០​នាក់​និង​នាវិក​៥​នាក់​នៅលើ​សាឡាង​នោះ​ហើយ​ប្រាំពីរ​នាក់​ក្នុងចំណោម​ពួកគេ​ត្រូវបាន​ជួយសង្គ្រោះ​។​

យន្តហោះ​អូស្ត្រាលី​ពីរ​គ្រឿង​និង​មួយគ្រឿង​មកពី​កង​ឆ្មាំ​សមុទ្រ​អាមេរិក​កំពុង​ស្វែងរក​នៅ​មហាសមុទ្រ​ក្នុង​ផ្ទៃក្រឡា​ប្រមាណ​៩២,០០០​គីឡូម៉ែត្រ​ការ៉េ​សម្រាប់​ទូក​ពោង​កៅស៊ូ​ដែល​បាត់​ខ្លួន​។​

យន្តហោះ​នូ​វែ​ល​ហ្សេ​ឡង់​មួយគ្រឿង​បាន​រកឃើញ​ទូក​ពោង​មួយ​កាលពី​ថ្ងៃអាទិត្យ​ជាមួយ​មនុស្ស​ប្រាំពីរ​នាក់​រួមទាំង​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ផងដែរ​ដែល​បាន​បាត់​ខ្លួន​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​ដោយ​គ្មាន​ទឹក​ផឹក​។​

អ្នកនាំពាក្យ RCCNZ បាន​និយាយថា អ្នក​រស់រានមានជីវិត​ត្រូវបាន​វាយតម្លៃ​ដោយ​គ្រូពេទ្យ​នៅលើ​ទូក​ល្បាត​ហើយ​មិន​ត្រូវការ​ការព្យាបាល​ប​ន្ទា​ន់​របស់​មន្ទីរពេទ្យ​នោះទេ​៕ REUTERS