ព័ត៍មានទាន់​ហេតុការណ៏
Search

តុលាការ​បង្គាប់​ឱ្យ​នាំខ្លួន​លោក​ ញឹក ប៊ុនឆៃ មក​បើក​ការសាកសួរ​ករណី​គ្រឿងញៀន​

​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​បង្គាប់​ឱ្យ​អនុរក្ស​ពន្ធនាគារ​បញ្ជូន​លោក ញឹក ប៊ុនឆៃ មកកាន់​តុលាការ ដើម្បី​បើក​ការសាកសួរ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​គ្រឿងញៀន។ ឥឡូវនេះ​ចៅក្រម​តុលាការ​ កំពុង​សាកសួរ​ជនសង្ស័យ​។​

លោក ញឹក ប៊ុនឆៃ ត្រូវបាន​នាំខ្លួន​តាម​ដីកា​បញ្ជា​ឲ្យ​នាំខ្លួន ដែល​ទើបតែ​ចេញ​កាលពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៧ នេះ ដែល​ចុះហត្ថលេខា​ដោយ​លោក​ព្រះរាជអាជ្ញា សៀង សុខ បាន​បង្គាប់​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​នាំខ្លួន​លោក ញឹក ប៊ុនឆៃ មក​បង្ហាញខ្លួន​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពី​ដំណើររឿង​សមគំនិត​ពីបទ​ផលិត​គ្រឿងញៀន​ខុសច្បាប់ និង នាំ​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន ប្រព្រឹត្ត​នៅ​ចំណុច ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០០៧។

ដីកា​បញ្ជាក់ថា យើង សៀង សុខ បញ្ជា​បង្គាប់​ឲ្យ​សមត្ថកិច្ច​នាំខ្លួន​បុគ្គល​នាម ញឹក ប៊ុនឆៃ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មក​បង្ហាញខ្លួន​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការ រាជធានី​ភ្នំពេញ។

លោក ញឹក ប៊ុនឆៃ ត្រូវបាន​សង្ស័យថា ពាក់ព័ន្ធ​នៅក្នុង​ករណី​គ្រឿងញៀន​ធំ​មួយ​ក្នុង​ឆ្នាំ ២០០៧ នៅ​ខេត្តកំពង់ស្ពឺ ហើយ​នៅពេលនោះ​ទីប្រឹក្សា​របស់លោក​ម្នាក់ គឺ​លោក ជា ជុង ត្រូវបាន​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​២៥​ឆ្នាំ ដោយសារ​ពាក់ព័ន្ធ​នៅក្នុង​ការផលិត​គ្រឿងញៀន​នេះ។

ប៉ុន្តែ​កាលពី​ខែមេសា ឆ្នាំ​២០០៧ ក្រោយពី​មានការ​បង្ក្រាប​គ្រឿងញៀន​ដ៏​ធំ​នៅ​ខេត្តកំពង់ស្ពឺ លោក​បាន​ប្រាប់​អំពី​ការទំនាក់ទំនង​ជាមួយ​ជនជាប់ចោទ​ឈ្មោះ ជា ជុង ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ជាមួយនឹង​ជន​ដទៃទៀត។ ជា ជុង ត្រូវ​បាន​លោក ញឹក ប៊ុនឆៃ ប្រាប់​កាលពី​ពេលនោះ​ថា ធ្លាប់​ធ្វើជា​ទីប្រឹក្សា​របស់​លោក​នៅ​សម័យ​លោក​ជា​សហរដ្ឋមន្ត្រី​ក្រសួងការពារជាតិ៕