ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងសុខាភិបាល​ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺផ្តាសាយបក្សី​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន

​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺផ្តាសាយបក្សី​នៅ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ ខណៈ​ដែល​ពិធីបុណ្យ​នេះ​នឹង​ឈាន​ចូល​មកដល់​ចាប់ពី​ថ្ងៃទី​១៦​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៨ ​ខាងមុខនេះ​។

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បាល​បាន​មានប្រសាសន៍ថា​ជាទូទៅ​នៅ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​តែង​តែង​មានការ​ធ្វើ​ចរាចរណ៍​សត្វ​បក្សី​មកពី​តាម​បណ្តា​ខេត្ត​នានា​ចូលមក​ទីប្រជុំជន​និង​ទីក្រុង​ហើយ​ប្រសិនបើ​មិន​មាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​ទេនោះ​អាចធ្វើ​ឲ្យ​មាន​ការឆ្លង​ជំងឺផ្តាសាយបក្សី​បាន។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​«​នេះ​ជាការ​ងារ​មួយ​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​រឿង​អនាម័យ​ចំណីអាហារ​នេះ​មាន​សារៈសំខាន់​ណាស់​ព្រោះថា​ ជាទូទៅ​ជំងឺ​គ្រុនផ្តាសាយ​បក្សី​ច្រើនតែ​កើតឡើង​នៅពេល​ត្រជាក់​ក្នុង​ពិធី​បិ​ណ្យ​ចូលឆ្នាំ​ចិន​។​ដូច្នេះ​សូម​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​នេះ​»​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា «​កុំ​ប៉ះពាល់​សត្វ​ដែល​ឈឺ​ឬ​ងាប់​ពិសេស​កុមារ​ត្រូវ​យក​ទៅ​កប់​ចោល​កុំ​យក​មក​លក់​ឬ​បរិភោគ​ហើយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ទៅ​អាជ្ញាធរ​មន្ត្រី​ពេទ្យសត្វ​ដើម្បី​ហ៊ុមព័ន្ធ​តំបន់​នោះ​បង្ការ​កុំ​ឲ្យ​មាន​ឆ្លង​ពី​សត្វ​ទៅ​សត្វ​និង​ទៅ​មនុស្ស »​។

ជា​មួយ​គ្នា​នេះ​ដែរ ​លោក​រ​ដ្ឋ​មន្ត្រី​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​រួមមាន​ផឹក​ស្អាត​រស់នៅ​ស្អាត​និង​បរិភោគ​ស្អាត​ដើម្បី​ការពារ​សុខភាព​ខ្លួន​ក៏ដូចជា​ក្រុម​គ្រួសារ​ឲ្យ​ចៀស​ផុតពី​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ​ដូចជា​ជំងឺ​រាករូស​,​ក្អួតចង្អោរ​ជាដើម​ដោយសារ​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ដែលមាន​មនុស្ស​ប្រមូល​ផ្តុំ​គ្នា​កកកុញ​ច្រើន​ដែលមាន​អាហារ​ស្អាត​និង​មិន​ស្អាត​នៅ​ឡាយ​ឡំ​គ្នា​។

ជាង​នេះទៅ​ទៀត​ត្រូវ​រក្សា​អនាម័យ​លាងដៃ​នឹង​សាប៊ូ​រាល់ពេល​ក្អក កណ្តាស ឬ​ក្រោយពេល​ជូត​សំបោរ​មុននឹង​ប៉ះ​ជាមួយ​អ្នកដទៃ​ ហើយ​បើ​បាន​ដឹង ​ឬ ​ក្រុមគ្រួសារ​ដែល​សង្ស័យ​ថា ​កើត​ជំងឺផ្តាសាយបក្សី​ត្រូវ​រាយការណ៍​ទៅ​គ្រូពេទ្យ​ដែល​នៅ​ជិត​បំផុត​ពិ​សេស ត្រូវ​ចំអិនម្ហូប​អាហា​រ​ឲ្យ​បាន​ឆ្អិន​ល្អ​មុននឹង​ទទួលទាន​។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ​ចំពោះ​រោគសញ្ញា​នៃ​ជំងឺ​ផ្តា​យ​សាយ​បក្សី​មានដូចជា​គ្រុនក្តៅ​លើស​ពី​៣៨.៥​អង្សា​សេ និង​រោគសញ្ញា​ក្អក ឈឺ​ករ ដកដង្ហើម​ហត់​ៗ​ និង​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ ងាប់​ក្នុងអំឡុងពេល​៧​ថ្ងៃមុន​ពេល​ចេញ​រោគសញ្ញា​ហើយ​ពេល​សញ្ញា​មាន​រោគ​សង្ស័យ​ខាងលើ​ត្រូវ​បញ្ជូន​អ្នកជំងឺ​ទៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​នៅ​ជិត​បំផុត​ដើម្បី​ព្យាបាល​។

ក្រៅពី​នេះ​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ផងដែរ​ ព្រោះ​វា​អាចធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព​ ឬ​ ឈាន​ទៅ​ដល់​បាត់បង់​ជីវិត​បាន​ពោលគឺ​មិន​ត្រូវ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ឡើយ។

គួរ​បញ្ជាក់​ថា ​ចាប់​តាំង​ពី​ឆ្នាំ​២០០៥​រហូតដល់​២០១៤​ប្រទេស​កម្ពុជា​ធ្លាប់​កើត​ជំងឺផ្តាសាយបក្សី ​ដែល​ឆ្លង​ពី​សត្វ​បក្សី​មក​មនុស្ស​ចំនួន​៥៦​ករណី ​ក្នុង​នោះ​៣៧​ករណី​ស្លាប់​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114