ព័ត៍មានទាន់​ហេតុការណ៏
Search

បទល្មើស​នេសាទ ត្រូវ​កម្លាំង​នគរបាល​ស្រុក​មោងឫស្សី ចុះបង្ក្រាប​

​បាត់ដំបង ៖ សម្ភារៈ និង ​ឧបករណ៍ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​នេ​សា​ទជាច្រើន ត្រូវបាន​កម្លាំង​អធិការដ្ឋាននគរបាល​ស្រុកមោងឫស្សី ធ្វើការ​ចុះបង្ក្រាប ព្រមទាំង​បាន​សុំ​គោល​ការណ៍ដុតបំផ្លាញចោល​ផងដែរ ដោយសារតែ​បទល្មើស​ទាំងនេះ ភាគច្រើន​គេ​នៅតែ​លួច​ធ្វើសកម្មភាព​ក្រោយពេល​សមត្ថកិច្ច​ដកថយ​មកវិញ។​

​យោងតាម​ការអះអាង​ពី​លោកវរសេនីយ៍ត្រី ស គឹម​ឡុង អធិការនគរបាលស្រុក​មោងឫស្សី​ បានបញ្ជាក់ថា កិច្ចប្រតិបត្តិការ​នេះ​បាន​ប្រព្រឹត្តឡើង​ក្នុង​រយៈពេល​២​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី៣១ ខែមករា រហូតដល់​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​២០១៨ គឺ​បាន​ប្រើប្រាស់​កម្លាំង​សរុប​ចំនួន​២០​នាក់។​

​លោក​អធិការ​បាន​បន្តថា នៅក្នុង​កិច្ចប្រតិបត្តិការ​នេះដែរ គឺ​កម្លាំង​បាន​ប្រើប្រាស់​កាណូត​ស្មាច់​ចំនួន៥ គ្រឿង កាំបិត១០ដើម ដោយបាន​ចុះទៅ​កាន់​តំបន់​រនាម​ក្រោម ស្ថិតនៅត្រង់​ព្រំប្រទល់​ស្រុកចំនួន​៣ គឺ​ស្រុក​មោងឫស្សី ស្រុក​សង្កែ និង​ ស្រុក​ឯក​ភ្នំ ត្រង់​អតីតឡូត៍​លេខ​១ និង ​ឡូត៍​លេខ​២ លើ​ភូមិសាស្ត្រពាម​ត្រសក់ និង​ បឹង​អា​ភូត ស្ថិតក្នុង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង។​

​ល​ទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​បង្ក្រាប​នេះ សមត្ថកិច្ច​ទទួលបានសាច់​មង (ណ​រ៉ាវ) ប្រវែង ១០៥០០ ម៉ែត្រ,ឡុ​កចំនួន៣៥, បង្គោល​ចំនួន ២៦២៥ ម៉ែត្រ និង​ លែង​កូន​ត្រីប្រមាណ ៣៥០ គីឡូក្រាម ដោយ​ឧបករណ៍​ពាក់ព័ន្ធ​នឹង​បទល្មើស​ទាំងអស់នេះ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការដុត​កម្ទេច​ចោលនៅនឹងកន្លែង រីឯ​ម្ចាស់​ពុំមាន​នរណាម្នាក់​ចេញមុខ​ឡើយ។​

​នៅ​ព្រឹក​ថ្ងៃទី៣ ខែកុម្ភៈ នេះដែរយើង​ទទួលបាន​ព័ត៌មាន​ថា លោកស្នងការ អ៊ុច សុខុន​ នឹង​ដឹកនាំ​កម្លាំងនគរបាលនៃ​អធិការដ្ឋានស្រុក​សង្កែ ចុះទៅ​កាន់​តំបន់​ព្រៃរនាម និង​ តំបន់​បឹង​ទន្លេសាប ដើម្បីត្រួតពិនិត្យ​សារជាថ្មីនូវ​ទីតាំង​ដែល​តែងតែ​លបលួច​ប្រព្រឹត្ត​បទល្មើស​មិនចេះ​ឈប់ឈរ ដោយសារតែ​គ្មាន​ការយកចិត្តទុកដាក់ពី​សំណាក់​អស់លោក​មន្ត្រី​ជំនាញ​ជលផល​សោះឡើយ៕ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114