ព័ត៍មានទាន់​ហេតុការណ៏
Search

ឡៅ​ចន្ទ្រា ជួប Farsurak , រិ​ទ្ធ ភូ​លូ ជួប Yodbanpoth នៅ​សង្វៀន​ស្ទឹងមានជ័យ

​ឡៅ ចន្ទ្រា​ អ្នក​ប្រដាល់​ជើង​ខ្លាំង​នៃ​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ និង ព្រឿង សុជាតិ អ្នកប្រដាល់​កងពលធំ​អន្តរាគមន៍​លេខ​២ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ លើស​ង្វៀន​បាយ័នបឹង​ស្នោ នា​ល្ងាច​ថ្ងៃអាទិត្យ​ ទី​២១ ​មករា ​២០១៨​ នេះ​។

ជំនួប​រវាង ​ឡៅ ចន្ទ្រា​ និង Farsurak គឺជា​ការជួបគ្នា​លើក​ទី​១​ប៉ុណ្ណោះ ដោយសារ​អ្នក​ប្រដាល់​ថៃ​រូបនេះ ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី ពុំ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តងណា​នៅឡើយ​ទេ​នាពេល​កន្លងមក។​ ដូច្នេះ​ជំនួប​លើក​នេះ មិនដឹងថា ចន្ទ្រា ​ឬក៏ Farsurak ឈ្នះ​នោះទេ​?។

​​ទោះជា​យ៉ាងណា ឡៅ ចន្ទ្រា គេ​ក៏​ធ្លាប់​បំបាក់​ និង​ផ្តួល​ថៃ​ប្រមាណ​កន្លះ​រយ​នាក់​ទៅហើយ ហេតុនេះការជួប​ប្រកួត​ជាមួយ Farsurak ប្រហែលជា​ពុំមែន​ជា​បន្លាក្នុងកែវភ្នែក​រប​ស់ ឡៅ ចន្ទ្រា នោះឡើយ។ ឡៅ ចន្ទ្រា មាន​កម្ពស់​ ១,៧០ ម៉ែត្រ មានកំណត់​ត្រា​ប្រកួត​ចំនួន​១០១​លើក ឈ្នះ​៩២លើក ចាញ់​០៦​លើក និង​ ស្មើ​០២​លើក និង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​ជាច្រើនលើក​ដែរ​។ ចន្ទ្រា ធ្លាប់​ជួប​ប្រកួត​ជាមួយ​ថៃ​ចំនួន​ជិត​ ៣០​ នាក់​ហើយ ដោយ​វាយ​ចាញ់​តែ​ ០៧​ នាក់​ប៉ុណ្ណោះ ក្រៅពីហ្នឹង​គេ​ឈ្នះ​ទាំងអស់។

Farsurak ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ថៃ​ម្នាក់។ គេ​មាន​កំណត់ត្រា​ប្រកួត​៧៨លើក ឈ្នះ​៦៥​លើក ចាញ់​១៣​លើក មិនដែល​ស្មើ និង​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​បាន​លើក​ដែរ។​ ចាំមើលការប្រកួត​លើក​នេះជាមួយ​ ឡៅ ចន្ទ្រា តើ Farsurak​ អាច​យកឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​យើងបាន​ឬ​អត់​នោះ ?។ ចន្ទ្រា គេ​ប្រកួត​លើកចុងក្រោយ​នេះ ​(២១ ​មករា ​២០១៨) បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ Klakhunserk ដោយ​ពិន្ទុ។

​ចំពោះអ្នក​ប្រដាល់​ជើង​ថ្មី រិ​ទ្ធ ភូ​លូ ក្លិប​អាណាចក្រ​គុន​ខ្មែរ នឹងត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Yodbanpoth Fongcharngchonburi ។ ពួកគេ​ទាំងពីរនឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់​ ៦៣,៥០០ ​គីឡូក្រាម។ ជា​លើក​ទី​២ សម្រាប់ ​រិ​ទ្ធ ភូ​លូ ហើយ ដែល​បាន​ជួប​ប្រកួត​ជាមួយ​ថៃ​នេះ​។ រិ​ទ្ធ ភូ​លូ ទោះជា​គេទើបបាន​ផ្គូផ្គង​ឲ្យ​ជួប​បរទេស​ក៏ដោយ តែដោយសារ​មានចិត្ត​ប្រដាល់​ធំ គេ​ឡើង​ប្រកួត​ដោយ​គ្មានខ្លាចញញើត​ទេ។​ គេ​ទើប​ឡើង​ប្រកួត​បាន​ចំនួន​ ៤០ ​លើក​ប៉ុណ្ណោះ ក្នុងនោះវាយ​ឈ្នះ​២៩​លើក ចាញ់​០៨​លើក និង ​ស្មើ​០៣​លើក ហើយ​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​បាន​ចំនួន​១៥​លើក។

Yodbanpoth គេ​ជា​អ្នក​ប្រដាល់​ដែល​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​យើង​ប៉ុន្មាន​លើក​ហើយ​កន្លងមក​។ យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះគេ​ខ្លាំង​គួរសម​ដែរ។ ព្រោះ​បើតាម​ការ​បង្ហើប​ឱ្យដឹងពី​អ្នក​ផ្គូផ្គង គឺ Yodbanpoth ល្អ ​និង ​ខ្លាំង ដែល​មិនអាច​មើលស្រាល​បានឡើយ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ផ្លែ​មុតស្រួច​ល្អ ទាំង​កណ្តាប់ដៃ ទាត់ និង ជង្គង់។ អ្នក​ប្រដាល់​ថៃ​រូបនេះ បើ​ប្រៀប​ជាមួយ ​រិ​ទ្ធ ភូ​លូ គឺមិនដឹងថា​យ៉ាងណា​នោះទេ ព្រោះថា​ រិ​ទ្ធ ភូ​លូ គេ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​មួយរូបដែរ។

​យ៉ាងណា Yodbanpoth ប៉ះ​ជាមួយ ​រិ​ទ្ធ ភូ​លូ ក៏​ប្រហែលជា​ជួប​ការលំបាក​ដែរ ព្រោះថា ភូ​លូ គេ​វាយបុក​ខ្លាំង កណ្តាប់ដៃ​ខ្លាំង ទម្ងន់​ជើង​ក៏​ធ្ងន់​ដែរ។ តែ​យ៉ាងណា រិ​ទ្ធ ភូ​លូ ក៏ត្រូវ​ប្រយ័ត្ន​ដែរសម្រាប់ការប្រកួត​លើក​នេះ​។ ដូច្នេះ​ចាំមើល តើន​រណា​ឈ្នះ​រវាង ​រិ​ទ្ធ ភូ​លូ និង Yod banpoth នេះ?។ កាលពី​ជួប​ប្រកួត​ជាមួយ​ថៃ​លើក​ទី​១​នោះ រិ​ទ្ធ ភូ​លូ បាន​វាយ​ចាញ់ Laopie ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។​

ដោយឡែក ឯម ឡេង​លី អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ​ ត្រូវគេ​ផ្គូ​ឱ្យ​ជួប​ប្រកួត​ជាមួយ វង្ស វិឆ័យ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១។ ពីរ​នាក់​នេះប្រកួត​គ្នា​ក្នុង​ទម្ងន់ ​៧១ ​គីឡូក្រាម។ រីឯ ណា​ម ម៉ូ​រ៉ា​ក់ អ្នក​ប្រដាល់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង នឹងត្រូវ​ជួប​ប្រកួត​ជាមួយ ថន វាសនា អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ ដោយ​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​ ៦០​ គីឡូក្រាម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114