ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​អប់រំ​ចេញ​វិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី​ក្នុង​ទិវា​នៃ​ក្តី​ស្រលាញ់​នៅតាម​គ្រឹះស្ថានសិក្សា​រដ្ឋ​និង​ឯកជន

​ភ្នំពេញ​ ៖ ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានចេញ​វិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី​ក្នុង​ទិវា​នៃ​ក្តី​ស្រ​លាញ់​នៅតាម​គ្រឹះស្ថានសិក្សា​រដ្ឋ ​និង​ឯកជន ​ខណៈដែល​ទិវា​នេះ​នឹង​ឈានចូល​មកដល់​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

បើតាម​លោក រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​០៧​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៨​ថា ​ដោយសារតែ​ក្រសួង​យល់ឃើញថា រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​១៤​ ខែ​កុម្ភៈ​ ដែលជា​ទិវា​នៃ​ក្តី​ស្រ​លាញ់​ជា​ឱកាស​មួយ​ដែល​ធ្វើ​ឲ្យ​សិស្សានុសិស្ស​មួយចំនួន​យល់ច្រឡំ​ថា​ ជា​បុណ្យ​សង្សារ​ឬ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍​ទៅវិញ​ ហើយ​មាន​សិស្ស​ខ្លះ​បាន​ភ្លើតភ្លើន​ភ្លេច​ការសិក្សា​បាត់បង់​កិត្តិយស​សេចក្តីថ្លៃថ្នូ​រ​របស់​ខ្លួន​និង​ក្រុមគ្រួសារ​ប្រាសចាក​ពី​វប្បធម៌​ និង​ប្រពៃណី​ដ៏​ផូរផង់​របស់​ជាតិ​។​

លោក​បាន​បន្តថា​ ដើម្បី​ការពារ​នូវ​សេចក្តីថ្លៃថ្នូ​នេះ​ក្រសួង​បានចេញ​វិធានការ​មួយចំនួន​ក្នុងនោះ​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ ​និង​ឯកជន​ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​តាម​គ្រប់​មធ្យោបាយ​ដើម្បី​កុំ​ឲ្យ​សិស្ស​មានការ​យល់ច្រឡំ​ពី​អត្ថន័យ​នៃ​ទិវា​នៃ​ក្តី​ស្រលាញ់ ត្រូវ​ពង្រឹង​ការអនុវត្ត​បទ​បញ្ចា​ផ្ទៃក្នុង​សាលា​ឲ្យ​បាន​ម៉ឺងម៉ាត់ ​និង​តាមដាន​អវត្តមាន​សិស្ស​ជាប្រចាំ​ព្រមទាំង​ធ្វើ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មាតាបិតា​សិស្ស​ក្នុង​ការ​ផ្តល់ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​សកម្ម​ភាព​មិនប្រក្រតីរ​បស់​សិស្ស​ដើម្បី​សហការ​អប់រំ​ណែនាំ​កែលម្អ​សិស្ស​បាន​ទាន់ពេលវេលា។

លោក​រស់​សា​លីន ​បាន​អំពាវនាវ​ដល់​សិស្សានុសិស្ស​ទាំងអស់​មិន​ត្រូវ​យក​ទិវា​នៃ​ក្តី​ស្រលាញ់​នេះ​ ទៅ​ប្រព្រឹត្តិ​អ្វីដែល​ខុស​កន្លង​ប្រពៃណី​ខ្មែរ ​និង​ខុសពី​អត្ថន័យ​ដើម​នៃ​ទិវា​នេះ​ទេ ​ត្រូវ​រក្សា​តម្លៃ​ខ្លួន​និង​ក្រុមគ្រួសារ​ និង​ត្រូវខិតខំ​ប្រឹងប្រែង​រៀនសូត្រ​គោរព​វិន័យ​សាលា​និង​យក​ល្អ​គួរ​យក​ទិវា​នេះ​ទិញ​ផ្កា​ជូន​មាតាបិតា​លោកគ្រូ​អ្នកគ្រូ​និង​មិត្តភក្តិ​របស់ខ្លួន​ដើម្បី​សំដែង​នូវ​ដឹងគុណ​និង​ការគោរព​ស្រលាញ់​វា​ប្រសើរ​ជាង​។​

ជាមួយគ្នានេះដែរ​លោក​ក៏បាន​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​និង​សហគមន៍​សូម​ចូលរួម​ទាំងអស់គ្នា​ផ្សព្វផ្សាយ​និង​អប់រំ​ណែនាំ​ដល់​យុវជន​យើង​ឲ្យ​យល់ដឹង​ពី​ទិវា​នៃ​ក្តី​ស្រលាញ់​នេះ​កុំ​ឲ្យ​យល់​ច្រឡំ​ថា​ ទិវា​ក្តី​ស្រលាញ់​ជា​ថ្ងៃបុណ្យ​សង្សារ​បន្តទៀត ​ក៏ដូចជា​ដើម្បី​បញ្ចៀសវាង​ពួកគេ​កុំទៅ​ប្រព្រឹត្តិ​នូវ​ទង្វើ​ដែល​ប្រាសចាក​ពី​វប្បធម៌​និង​ប្រពៃណី​ដ៏​ផូរផង់​របស់​ជាតិ​ដែល​បុព្វបុរស​យើង​បាន​បន្សល់ទុក​តាំងពី​យូរលង់​ណាស់​មកហើយ​។​

ចំណែក​លោក យស់ ប៊ុណ្ណា​រិ​ទ្ធ នាយក​អនុវិទ្យាល័យ​ចតុមុខ​បាន​ឲ្យ​កាលពី​ព្រឹក​ថ្ងៃទី​៧​ ខែកុម្ភៈ​ដោយ​បង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​វិធានការ​របស់​ក្រសួង​អប់រំ​នេះ ហើយ​លោក​បាន​សន្យា​ថា​នឹងធ្វើ​ការផ្សព្វផ្សាយ​វិធានការ​ទាំងនេះ​ដល់​សិស្សានុសិស្ស​ឲ្យ​បានដឹង​ដើម្បី​ចូលរួម​ថែរក្សា​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ខ្មែរ​ឲ្យ​បាន​គង់វង្ស​។​ ជាមួយគ្នានេះដែរ​លោកនាយ​ក​សាលា​បានស្នើ​ឲ្យ​គ្រូ​ទទួលបន្ទុក​ថ្នាក់​នីមួយៗ​ត្រូវ​ស្រង់​វត្តមាន​សិស្ស​ឲ្យ​បានច្បាស់លាស់​ ហើយ​សិស្ស​ណា​អវត្តមាន​ត្រូវ​ផ្តល់​ដំណឹង​ជូន​ទៅ​អាណាព្យាបាល​ឪពុកម្តាយ​។

តែ​យ៉ាងណាក៏ដោយ​លោក​យ​ស់​បុ​ណ្ណា​រិ​ទ្ធ​បាន​បញ្ជាក់ថា ​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ​ទិវា​នៃ​ក្តី​ស្រលាញ់​នេះ​ហាក់ដូចជា​សាបរលាប​ស្ទើរតែ​ទាំងស្រុង​ហើយ ​ដោយសារតែ​សិស្សានុសិស្ស​បាន​យល់ដឹង​ ហើយ​ឈប់​ប្រព្រឹត្តិ​នូវ​សកម្មភាព​ដែល​ខុសពី​ប្រពៃណី​ខ្មែរ​ដោយ​យក​ទិវា​នេះ​បង្ហាញ​ពី​ការដឹងគុណ​និង​គោរព​ស្រលាញ់​ចំពោះ​មាតាបិតា​លោកគ្រូ​អ្ន​ក​គ្រូ​និង​មិត្តភក្តិ​វិញ​។​

លោក​រស់​សា​លីន​បាន​ទទួលស្គាល់ថា ​បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ស្តីពី​ទិវា​នៃ​ក្តី​ស្រលាញ់​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយនេះ​សង្កេតឃើញថា​ សកម្មភាព​ឈូឆរ ​និង​ការទិញ​ផ្កា​ជូន​សង្សារ​ហាក់​លុបបំបាត់​ស្ទើរ​ទេ​១០០​ភាគរយ​ទៅហើយ​ តែ​ឃើញ​សកម្មភាព​ការ​ជូន​ផ្កា​ដល់​មាតាបិតា​លោកគ្រូ​អ្នកគ្រូ​និង​មិត្តភក្តិ​កាន់តែ​ផុលផុស​វិញ​។​

សម្រាប់​ទិវា​នៃ​ក្តី​ស្រលាញ់​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៤ ​កុម្ភៈ​ខាងមុខនេះ​លោក​រស់​សាលី​បាន​បញ្ជាក់ថា​ ក្រៅពី​វិធានការ​ខាងលើ​ហើយ​ក្រសួង​ហាម​មិន​ឲ្យ​មាន​ការលក់​ផ្កា​នៅក្បែរ​សាលារៀន​ទេ​ព្រោះ​អាច​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​​​សាលារៀន​ និង​ជំរុញ​លើកទឹកចិត្ត​ឲ្យ​យុវជន​ធ្វើ​ខុស​កន្លង​នឹង​ប្រពៃណី​នោះទេ​។​

គួរ​បញ្ជាក់ថា​ពិធីបុណ្យ Valentine’s Day ដែល​អាច​ហៅ​បាន​ថា “​ទិវា​នៃ​សេចក្ដីស្រលាញ់​” មាន​ដើមកំណើត​ចេញពី​អាណាចក្រ​រ៉ូម ដែល​សព្វ​ថ្ងៃជា (​ប្រទេស​អ៊ីតាលី​) នា​សតវត្ស​ទី​៣ នៃ​គ​.​ស ដែលមាន​ស្ដេច​មួយអង្គ ឈ្មោះថា Claudius។ ស្ដេច​មួយអង្គ​នោះ​ទ្រង់​ជាម​នុស្ស​ល្មោភ​នឹង​អំណាច​ទឹកដី មួយថ្ងៃៗ​គិតតែ​ពី​ធ្វើសង្គ្រាម ដើម្បី​ពង្រីក​អាណាចក្រ​របស់ខ្លួន​មិន​គិតពី​ភាពលំបាក​របស់​ប្រជាពលរដ្ឋ​នោះទេ​។​

ស្ដេច Claudius គាត់​បានចេញ​ព្រះរាជសារ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុសៗ​ពេញវ័យ​ឲ្យ​ជាប់​កាតព្វកិច្ច​យោធា​ទាំងអស់ ហើយ​ហាមប្រាម​មិន​ឲ្យ​មានការ​រៀបការ​នោះទេ សូម្បីតែ​អ្នក​ដែល​បាន​ភ្ជាប់ពាក្យ​ហើយក៏​ត្រូវតែ​ផ្ដាច់​ពាក្យ​វិញ​ដែរ​។ ជាពិសេស​អ្នក​ដែល​ល្មើសច្បាប់​នេះ ក៏ត្រូវ​មានទោស​ប្រហារ​ជីវិត​តែម្ដង​។ ប៉ុន្ដែ​នាពេលនោះ មាន​លោក​អាចារ្យ​ម្នាក់​ឈ្មោះថា Valentine គាត់​បាន​មើលឃើញ​នូវ​ស្ថានភាព ដ៏​អយុត្តិធម៌​បែបនេះ គាត់​មិន​ពេញចិត្ត​នោះទេ។

ក្រោយមក​មាន​យុវជន​ប្រុស​ស្រី​មួយក្រុម បាន​សុំ​ឲ្យ​លោក​ជួយ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ឲ្យ​ពួកគេ​។ ជា​បន្ត​បន្ទាប់មកទៀត​ក៏មាន​យុវជន​ផ្សេងៗ​ទៀត ក៏បាន​មកសុំ​ឲ្យ​លោក​ជួយ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ដល់​ពួកគេ ដូច​គូរ​មុនៗ​ដែរ​។

ថ្ងៃមួយ​ដំណឹង​នេះ​ក៏បាន​លេចឮ​ដល់​ស្ដេច Claudius ទ្រង់​ក៏បាន​ចេញ​ព្រះរាជ​បញ្ជា​ឲ្យ​ចាប់ខ្លួន​លោក​អាចារ្យ Valentine យកមក​ដាក់ទោស ដោយ​ការធ្វើ​ទារុណកម្ម​រហូតដល់​លោក​បាន​បាត់​បង់ជីវិត​នៅក្នុង​ថ្ងៃ​១៤ ខែកុម្ភៈ ឆ្នាំ​២៧០ នៃ​គ​.​ស​។ ម្ល៉ោះហើយ​គូ​ស្នេហ៍​ដែល​ត្រូវបាន​លោក​រៀបចំ​អាពាហ៍ពិពាហ៍​ឲ្យ មានការ​អាណិត និង​ស្រលាញ់​លើ​រូបលោក ក៏បាន​យក​សាកសព​របស់លោក​ទៅ​បញ្ចុះ​នៅឯ​វិហា​មួយ ដែលមាន​ឈ្មោះថា Sauta Pula ហើយ​គេ​តែងតែ​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ Valentine’s Day ដែល​អាច​ហៅ​បាន​ថា​ទិវា​នៃ​សេចក្ដីស្រលាញ់ នៅក្នុង​ថ្ងៃទី ១៤ ខែកុម្ភៈ ដើម្បី​រំលឹក​ដល់​លោក​ជា​រៀងរាល់ឆ្នាំ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114