ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់ផ្តើម​ជម្រុះ​ខ្សែក្រវាត់​ Barrley Black ទម្ងន់​ ៦៣,៥០០ ​គីឡូក្រាម

អ្នក​ប្រដាល់​កម្ពុជា​២​រូប និង​អ្នក​ប្រដាល់​ថៃ​២​រូប នឹង​ជួប​ប្រកួត​គ្នា​នៅក្នុង​ជុំ​ជម្រុះ​លើកដំបូង នៃព្រឹត្តិការណ៍​ដណ្តើម​ខ្សែក្រវាត់ ​Barrley Black រដូវ​កាល​ទី​២ ទម្ងន់ ​៦៣,៥០០ ​គីឡូក្រាម លើសង្វៀន ​SEA-TV ថ្ងៃទី​១១ កុ​ម្ភៈ ២០១៨​ នេះ​។

​អ្នក​ប្រដាល់​កម្ពុជា​ ២ ​រូបនោះគឺ ​ឌុ​ម កែវ​ដា អ្នក​ប្រដាល់​ក្លិប​ម្កុដ​រាជសីហ៍ នឹងត្រូវ​ជួប​ប្រកួត​ជាមួយអ្នក​ប្រដាល់​ថៃ​ Den Phichhith ហើយ​អ្នក​ប្រដាល់ ​វេ​ង សុ​ភ័​ក្រ ក្លិប​កងពលតូចទ័ព​ឆ័​ត្រ​យោង៩១១ ត្រូវ​ជួប​ប្រកួត​ជាមួយ ​Loom Leng។ នេះ​ជាការ​ប្រកួត​ជម្រុះ​លើក​ទី​១ របស់​ពួកគេ​ទាំងពីរក្នុងការ​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់ ​Barrley Black រដូវ​កាល​ទី​២​ ទម្ងន់​ ៦៣,៥០០ ​គីឡូក្រាម។

រវាង ឌុ​ម កែវ​ដា និង Den Phichhith នេះពុំ​ធ្លាប់​ដែល​ជួបគ្នា​ទេ​ពីមុនមក។ Den Phichhith គេ​ធ្លាប់​មកប្រកួត​នៅ​ស្រុក​ខ្មែរ​ប៉ុន្មាន​លើក​ហើយ​កន្លងមក។ Den Phichhith ជា​ជើង​ខ្លាំង​ជើងចាស់​នៅស្រុកថៃ ក្នុង​ប្រភេទ​ទម្ងន់​ ៦៣,៥០០ គីឡូក្រាមនេះ។ ​អ្នក​ប្រដាល់​ថៃ​រូបនេះមាន​កំណត់​ត្រាប្រកួត​ចំនួន​៧៨​លើក ឈ្នះ​៦៣​លើក ចាញ់​១៤​លើក និង​ស្មើ​០១​លើក។​ ទោះជា​យ៉ាងណាអ្នកប្រដាល់​ថៃ​រូបនេះ មិនដឹងថា​អាច​រកបាន​៣​ពិន្ទុ​បាន​ឬ​អត់​នោះទេ ក្នុង​ការជួប​ជាមួយ​ ឌុម កែវ​ដា នេះ។

​ឌុ​ម កែវ​ដា ជើង​ខ្លាំង​របស់​កម្ពុជា​នេះ ធ្លាប់​ប្រកួត​ជាមួយ​ថៃ​បាន​២៣​លើក​ហើយ ដោយ​វាយ​ឈ្នះ​១៩លើក ចាញ់​ថៃ​០២​លើក និង ស្មើ​០២​លើក។ កែវ​ ដា គេ​មានបទពិសោធន៍​ច្រើន​ក្នុង​ការប្រកួត ដោយ​គេ​មាន​កណ្តាប់ដៃ​ល្អវាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់​ និង ​ជង្គង់ កែង ក៏​ល្អ​ថែមទៀត។ ​ទោះជា​បែបនេះ​ក្តីមិនទាន់​ហ៊ាន​សន្និដ្ឋាន​ថា ឌុ​ម កែវ​ដា ជួប​សំណាងល្អ​នៅក្នុង​ការប្រកួត​ជាមួយ​អ្នកប្រដាល់​ Den Phichhith នេះឡើយ?។ ចាំមើល កែវ​ដា អាច​យកឈ្នះ Fa Pha lek បាន​ឬ​អត់សម្រាប់​ជំនួប​ក្នុង​ខ្សែក្រវាត់ Barrley Black ជុំ​ទី​១​នេះ​?។

សម្រាប់​គូ​ខ្សែក្រវាត់​មួយគូ​ទៀត​នោះ វេ​ង សុ​ភ័​ក្រ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ គេ​នឹងត្រូវ​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ Loom Leng។ ពួកគេទាំងពីរ​នាក់​នេះមិន​ធ្លាប់​ប៉ះគ្នា​ទេ​កន្លងមក។ វេ​ង សុ​ភ័​ក្រ ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នា​ក់នៅ​កម្ពុជា ធ្លាប់​ប្រកួត​ជាមួយ​ថៃ​នៅ​ភ្នំពេញចំនួន​០៥​លើក​ហើយ ដោយ​វាយ​ឈ្នះ​០៣​លើក ចាញ់​ថៃ​០២​លើក មិនដែល​ស្មើ។ តាមពិត វេង សុ​ភ័​ក្រ គេ​ធ្លាប់​ជួប​ថៃ​ច្រើនលើក​ជាង​នេះ។ គេ​មានបទពិសោធន៍​ច្រើន​ក្នុង​ការប្រកួត ដោយ​គេវាយ​ជាមួយ​ថៃ​គ្មាន​ញញើត​ខ្លាច​អ្វី​ទេ។ គេ​មាន​កណ្តាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀតទាត់ ​និង​ ជង្គង់ កែង ក៏​ល្អ​ថែមទៀត។ តែ​អ្នក​ប្រដាល់​រូបនេះវាយ​រាងមើលស្រាល​គូប្រកួតបន្តិច។ សុ​ភ័​ក្រ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៥​លើក ឈ្នះ​៥២​លើក ចាញ់​១១​លើក។ ចាំមើល វេ​ង សុ​ភ័​ក្រ អាច​យកឈ្នះ Loom Leng បាន​ឬ​អត់នោះទេ​សម្រាប់​ជំនួប​ក្នុង​ជម្រុះ​ខ្សែក្រវាត់​ Barrley Black លើក​ទី​១​នេះ​?​។

Loom Leng ជា​ជើង​ខ្លាំង​នៅ​ស្រុកថៃ ហើយ​គេ​ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​នៅ​ប៉ុស្តិ៍​អាស៊ីអាគ្នេយ៍​នេះ​ផងដែរ។ គេ​ក៏​ធ្លាប់​មក​ប្រកួត​នៅ​ភ្នំពេញ​ច្រើនលើក​ដែរ​ហើយ ក្នុងនោះគេ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ខ្មែរច្រើនជាង​ចាញ់។ បើតាម​លោក​ ញាន សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​ SEA-TV ឱ្យដឹងថា អ្នក​ប្រដាល់​ថៃ​រូបនេះធ្លាប់​ប្រកួត​បាន​៨០​លើក ឈ្នះ​៦៧​លើក ចាញ់​១៣​លើក និង មិនដែល​ស្មើ។ ចាំមើល Loom Leng លើក​នេះ តើ​គេ​អាចយ​កបាន​៣​ពិន្ទុ​ពី ​វេ​ង សុ​ភ័​ក្រ បាន​ឬ​អត់​?។

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​ Barrley Black រដូវ​កាល​ទី​២ ទម្ងន់​ ៦៣,៥០០ គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៤​រូប និង អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​៤​រូប។​ ការប្រកួតគឺពុំមាន​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ​ទេ។ ដូច្នេះហើយទើប​ទាំង​ប្រដាល់​ខ្មែរ ទាំង​អ្នកប្រដាល់​ថៃ គឺ​ត្រូវការ​ឈ្នះ​ដូចគ្នា ត្បិត​គេ​ជ្រើសរើស​យកតែ​អ្នក​លេខ​១​ និង​ លេខ​១ ​ក្នុង​ជុំនៃ​ពូ​លខ្មែរ​និង​ពូ​ល​ថៃតែប៉ុណ្ណោះ។

​ដោយឡែកការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ឈាន រស្មី អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ត្រូវគេ​ផ្គូ​ផ្គងអោយ​ជួប​ប្រកួត​ជាមួយ​ សុខ វាសនា អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា ហើយ ​ចេង គា អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ ត្រូវ​ជួប​ប្រកួត​ជាមួយ ​មា​ជ សុខ​រ៉ា អ្នក​ប្រដាល់​សមាគមកីឡាប្រដាល់​ក្រសួងការពារជាតិ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114