ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា នឹង​ចំណាយ​ប្រាក់ ៣,៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​សាងសង់ “​មជ្ឈមណ្ឌល​នវានុវត្តន៍ និង​សហគ្រិនភាព​” (ICT Innovation Center)

​ភ្នំពេញ​៖ លោក ជុន វ៉ាត ប្រធាន​លេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា របស់​មូលនិធិ​នៃ​ការកសាង​សមត្ថភាព និង​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ឬ​ហៅ​កាត់​ថា មូលនិធិ ស​.​អ (Capacity Building Research and Development Fun in T-ICT) បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៥ របស់​ក្រុមប្រឹក្សាភិបាល នៃ​មូលនិធិ ស​.​អ បានសម្រេច​អនុម័ត សាងសង់​មជ្ឈមណ្ឌល​នវានុវត្តន៍ និង​សហគ្រិនភាព ដែល​នឹង​ប្រើប្រាស់​ទឹកប្រាក់​សរុប ៣,៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​លោក ជុន វ៉ាត បាន​ឲ្យ​ដឹង​ទៀតថា ទឹកប្រាក់​ចំនួន ៣,៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​យកមក​សាងសង់ “​មជ្ឈមណ្ឌល​នវានុវត្តន៍ និង​សហគ្រិនភាព​” គឺជា​កញ្ចប់​ថវិកា​របស់​មូលនិធិ ស​.​អ ដែល​បានមកពី​ការ ការបង់​វិភាគទាន​១%​នៃ​ចំណូល​ដុល ជា​រៀងរាល់ឆ្នាំ របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ដែល​កំពុង​ធ្វើ​អាជីវកម្ម​ក្នុងប្រទេស​កម្ពុជា​។​

(រូបភាព៖ លោក ជុន វ៉ាត ខាងឆ្វេង)

​លោក បានបន្តទៀតថា​៖ “​មូលនិធិ ស​.​អ នេះ គឺជា​មូលនិធិ​បង្កើតឡើង​ដោយ​ច្បាប់​ទូរគមនាគមន៍ (Telecom Law) ដើម្បី​ទ្រទ្រង់​និង​លើកកម្ពស់ ដល់​ការកសាង​សមត្ថភាព និង​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ដែល​មូលដ្ឋានគ្រឹះ​សំខាន់​ក្នុងការ​ទ្រទ្រង់​វិស័យ​ទាំងមូល ក៏ដូចជា​ដើម្បី​ការកសាង​ឧស្សាហ​កម្មនេះ នៅ​កម្ពុជា​ប្រកបដោយ​ភាព​ប្រកួតប្រជែង ក្នុង​យុគសម័យ​សេដ្ឋកិច្ច​ឌីជីថល​។​”

​មូលនិធិ ស​.​អ​. បានចាប់ផ្តើម ប្រមូល​ថវិកា ក្នុង​ឆ្នាំ​២០១៧ ដែល​រហូតមក​ដល់ពេលនេះ ទទួលបាន ថវិកា​សរុប​ចំនួន 1,720,761.52 ដុល្លារ​សហរដ្ឋអាមេរិក និង 8,884,754.86 រៀល ហើយ​រំពឹងថា ថវិកា​របស់​មូលនិធិ​នេះ អាច​កើន​ឡើងដល់ 7,152,754,98 ដុល្លារ​សហរដ្ឋអាមេរិក នៅក្នុង​ចុងខែ​កុម្ភៈ​ខាងមុខ ដោយសារ​មាន ប្រតិបត្តិ​ករ​ទូរគមនាគមន៍ មួយចំនួន​តូច សុំ​ពន្យារពេល​។​

​លោក កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​បង្ហើប​ឲ្យ​ដឹងថា​៖ “​មជ្ឈមណ្ឌល​នវានុវត្តន៍ និង​សហគ្រិនភាព​” (ICT Innovation Center) នេះ​នឹងធ្វើ​ការសាងសង នៅក្នុង​វិទ្យាស្ថាន​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT) មាន​កម្ពស់ ៤​ជាន់ ដោយ​ក្នុងនោះ​រួមមាន បន្ទប់​មន្ទីរពិសោធន៍​ស្រាវជ្រាវ (Research Lab), Start-Up/Co-Working Space, Corporate/Partner Hub និង​បន្ទប់​ប្រជុំ​និង​បណ្តុះបណ្តាល​ជាដើម​។​”

(រូបភាព៖ លោក កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍)

​លោក​រដ្ឋលេខាធិការ បាន​បន្តទៀតថា​៖ “​មូលនិធិ ស​.​អ នេះ​នឹង​ប្រើប្រាស់ ដើម្បី​អនុវត្ត​សកម្មភាព​អាទិភាព ក្នុង​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន​៣ រួមមាន ១. ជំរុញ​ការអភិវឌ្ឍ​ធនធានមនុស្ស ខាង​ផ្នែក​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​, ២. ជំរុញ​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍ នវានុវត្តន៍ ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន និង ៣. ជំរុញ​ការបង្កើត​អាជីវកម្ម​ថ្មីៗ ខាង​ផ្នែក​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​។​”

“​មជ្ឈមណ្ឌល​នុ​វាន​វត្ត​ន៍ និង​សហគ្រិនភាព​” (ICT Innovation Center) នឹងត្រូវ​ប្រើប្រាស់ ក្នុង​បេសកកម្ម​ចម្បង​៣​ធំៗ គឺ ១. ការស្រាវជ្រាវ លើ​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មានវិទ្យា​, ២. លើកកម្ពស់ ការចាប់ផ្តើម​ជំនួញ​ថ្មី និង​សហគ្រិនភាព​ផ្នែក​បច្ចេកវិទ្យា និង ៣. ភ្ជាប់​ទំនាក់ទំនង រវាង​គ្រឹះស្ថាន​អប់រំ​, សហគ្រាស និង​រដ្ឋាភិបាល​។ មជ្ឈមណ្ឌល​នវានុវត្តន៍ និង​សហគ្រិនភាព នឹង​ចាប់ផ្ដើម​បើក​ការដ្ឋាន នៅក្នុង​អំឡុង​ចុងខែ​មីនា និង​ប្រើប្រាស់​រយៈពេល ១៨​ខែ ក្នុងការ​សាងសង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684