ព័ត៍មានទាន់​ហេតុការណ៏
Search

តុលាការ​កំពូល​កំពុង​កាត់ទោស​លោក ​អ៊ុំ សំអាន​

​ភ្នំពេញ ៖ សំណុំរឿង​លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​នៃ​អតីតគណបក្ស​សង្គ្រោះ​ជាតិ ​ត្រូវបានតុលាការកំពូលលើក​យកមក​បើកសវនាការ​នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨​នេះ។​

លោក ឃឹម ប៊ុណ្ណ អនុប្រធានតុលាការ​កំពូល​ និង​ជា​ប្រធាន​ប្រឹក្សាជំនុំជម្រះ ដោយមាន​លោក វ៉េង ប៊ុនធឿន ជា​តំណាងមហាអយ្យការ​ កំពុងដំណើរកា​រ​កាត់ទោស​នៅ​ចំពោះមុខ​ជន​ជាប់ចោទ ​និង​មេធាវី ទាំង​ដើមបណ្ដឹង និង ​មេធាវី​ការពារ​ជន​ជនជាប់ចោទ។​

អ្នក​ថតរូប​របស់​ស្ថានីយ​ទូរទស្សន៍​នានា​រួមទាំង​អ្នកកាសែត​ ត្រូវបាន​គេ​ហាមឃាត់​មិនឱ្យ​ចូលក្នុងបរិវេណ​តុលាការ​កំពូល​ទេ ​ក្នុងពេលដែល​តុលាការ​កំពុងដំណើរកា​រ​កាត់ទោស។​ សាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍បានសម្រេចដូចគ្នា ផ្ដន្ទាទោសលោក អ៊ុំ សំអាន ដាក់ពន្ធនាគារ រយៈពេល២​ឆ្នាំ ៦​ខែ និង ពិន័យជាប្រាក់ចំនួន៤​លានរៀល ក្រោមការចោទប្រកាន់ចំនួនពីរបទល្មើស គឺ​បទ​មាន​ចេតនាបង្កភាពវឹកវរធ្ងន់ធ្ង​រដល់សន្តិសុខសង្គម និង ញុះញង់​ឱ្យមានការ​រើសអើងជាតិ​សាសន៍ តាមរយៈការសរសេរ និង អត្ថាធិប្បាយ​ពាក់ព័ន្ធផែនទី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា វៀតណាម តាម​មាត្រា ៤៩៥ និង ​មាត្រា​ ៤៩៦ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ប្រព្រឹត្តកាលពី​ឆ្នាំ ​២០១៥​ ដល់​ថ្ងៃទី​១០​ មេសា ឆ្នាំ ​២០១៦។

​លោក អ៊ុំ សំអាន ដែល​សកម្ម​ក្នុងការ​រិះគន់​បញ្ហា​ព្រំដែន ត្រូវបាន​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង​មានអភ័យឯកសិទ្ធិសភាក្នុង​ខេត្តសៀមរាប កាលពី​យប់រំលង​អធ្រាត្រ​ ថ្ងៃ​១១ ​ខែ​មេសា ​ឆ្នាំ ​២០១៦​។​
​បន្ទាប់មកនៅ​ថ្ងៃទី​១០ ​ខែតុលា ​ឆ្នាំ​២០១៦ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ផ្ដន្ទាទោសលោក អ៊ុំ សំអាន ដាក់ ពន្ធនាគារ​២​ឆ្នាំ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល ដោយ​ចោទពីបទ​បទ​ញុះញង់​ឲ្យប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង ញុះញង់​ឲ្យ​មានការ​រើសអើង ក្រោយពីតំណាងរាស្ត្រ​រូបនេះនិយាយថា ការបោះបង្គោល​ព្រំដែនតាមសន្ធិសញ្ញា​បំពេញបន្ថែមឆ្នាំ ២០០៥ ធ្វើ​ឲ្យ​កម្ពុជា​បាត់​ដី​ខ្លះទៀត​ទៅ​វៀតណាម​។​ ប៉ុន្តែ​ការ​ចោទ​នេះត្រូវបាន​លោក អ៊ុំ សំអាន ច្រានចោល និងប្តឹង​ជា​បន្តបន្ទាប់រហូតដល់​តុលាការ​កំពូល​។

​នៅ​ថ្ងៃទី​១៦ ​ខែមិថុនា ​ឆ្នាំ​២០១៧​នេះ តុលាការ​កំពូលបាន​បើកសវនាការ​ជំនុំជម្រះលើ​បណ្តឹងសាទុក្ខរបស់លោក អ៊ុំ សំអាន​។ ប៉ុន្តែ​លោក អ៊ុំ សំអាន បាន​ស្នើសុំ​តុលាការឲ្យ​លើក​ពេល​វិញ ដោយ​ថាគ្មាន​មេធាវី​ការពារ និង​បានប្រកាស​នៅមុខ​ក្រចក​សេះថា មិន​ទទួលយក​មេធាវីដែល​តុលាការចាត់​តាំង​នោះទេ ទើប​តុលាការ​កំពូល​សម្រេច​ជាថ្មី​ដើម្បី​បើកសវនាការ​នា​ថ្ងៃទី០៩ ​កុម្ភៈ ​ឆ្នាំ២០១៨​នេះ៕