ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​តេ​ជោ ៖ ចាប់ពី​ម៉ោង​សូន្យ ថ្ងៃ​៩​កុម្ភៈ ឈប់​ឲ្យ​មាន​ឡាន​ដឹក​លើស​ទម្ងន់​និង​ឡាន​ត​ទ្រុង​បើកបរ​លើផ្លូវ​ថ្នល់​តទៅ​ទៀត

ភ្នំពេញ ៖ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ដាក់​ឱសាន​វាទ ដើម្បី​លុបបំបាត់​រថយន្ត​ដឹក​លើស​ទម្ងន់ និង ឡាន​ត​ទ្រុង​ខុស​បច្ចេកទេស​នៅ​លើ​ផ្លូវ ក្នុង​គោលបំណង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង ការ​ធ្វើ​ឲ្យ​ខូចខាត​ផ្លូវថ្នល់ និង ស្ពាន ដែល​រាជរដ្ឋាភិបាល​បាន​ប្រើប្រាស់​ថវិកា​រាប់​លាន​ដុល្លារ​ដើម្បី​សាងសង់​ឡើង​។ ឱសានវាទ​នេះ​ គឺ​ត្រឹម​ម៉ោង​សូន្យ​យប់​ថ្ងៃ​ទី៩ ខែកុម្ភៈ មិន​ឲ្យ​មាន​រថយន្ត​កែច្នៃ និង ដឹក​លើស​ទម្ងន់​បើកបរ​លើ​ផ្លូវ​ទៀត​ឡើយ​ បើ​មិន​ដូច្នេះ​ទេ​អ្នក​ដែល​ប្រឈមមុខ​បញ្ហា​មុនគេ​គឺ​អាជ្ញាធរ​មូលដ្ឋាន​តែម្ដង។

ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាស​ដាក់​ឱសានវាទ​នេះ​នៅ ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់ ក្រូចឆ្មារ នៅ​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ដក​អភិបាល​រាជធានី​-​ខេត្ត និង ស្រុក​ណា​ដែល​បណ្ដោយ​ឲ្យ​មាន​ករណី​រថយន្ត​បើកបរ​ល្មើស​ទម្ងន់ និង​រថយន្ត​កែច្នៃ (​ត​ទ្រុង​) បើកបរ​លើផ្លូវ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក ខេត្ត​របស់ខ្លួន​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា «​ឡាន​ត​ទ្រុង​ត្រូវ​បញ្ឈប់ មិន​ឲ្យ​បើកបរ​លើ​ផ្លូវ​បើ​មាន​ទៀត​ចៅហ្វាយខេត្ត ចៅហ្វាយស្រុក​ទទួលខុស​ត្រូវ​។​ដឹង​ដៃ ហ៊ុន សែន ហើយ ដក​ចៅហ្វាយខេត្ត​ត្រឹមតែ​២៤​ម៉ោង​ទេ​ហើយ​បើ​ចៅហ្វាយស្រុក​ត្រឹម​តែមួយ​ម៉ោង​ប៉ុណ្ណោះ​…។ ដូច្នេះ​ចាប់ពី​ម៉ោង​សូន្យ​យប់​នេះ​(៩​កុម្ភៈ​) ទៅ​ឈប់​ឲ្យ​មាន​ឡាន​ត​ទ្រុង​បើកបរ​លើ​ផ្លូវ​។ ម្ចាស់​ក្រុមហ៊ុន​ដែលមាន​រថយន្ត​ត​ទ្រុង ត្រូវ​កាត់​ឲ្យ​ហើយ​ទៅ​បើ​មិន​កាត់​កុំ​បើកបរ​លើផ្លូវ​។ សម្ដេច​មានប្រសាសន៍ថា ខ្ញុំ​នឹង​តាមដាន​មើល​លើ​បញ្ហា​នេះ​»​។

ជា​មួយ​នេះ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​បញ្ជា​ឲ្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ពិនិត្យមើល​ក្រុមហ៊ុន​ដឹកជញ្ជូន​ណា​ដែល​នៅតែ​បន្ត​ប្រព្រឹត្ត​ល្មើស ត្រូវ​ហៅ​មក​ប្រជុំ បើ​នៅតែ​បន្ត​ត្រូវ​បិទ​ក្រុមហ៊ុន​នោះ​ចោល​តែម្តង​។ ប្រមុខ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ថា​ នេះ​ជា​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​ជាថ្មី​ទៀត​ ដើម្បី​កាត់បន្ថយ​នូវ គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ដ៏​ច្រើន​ក្នុង​១​ថ្ងៃៗ និង ការ​បង្ក​ឲ្យ​មានការ​ខូចខាត​ផ្លូវថ្នល់​និង​ស្ពាន​ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​កសាង​ឡើង​ដោយ​ថវិកា​រាប់លាន​ដុល្លារ​អាមេរិក។

សម្តេច​តេ​ជោ​បន្តថា ​«​ចាប់ពី​ម៉ោង​១២​យប់​នេះ​ទៅ​ឈប់​ឲ្យ​មាន ហើយ​ទុក​ឲ្យ​ឡើង​មក​តវ៉ា​នៅមុខ​ផ្ទះ​ហ៊ុន សែន មក។ បើ​មាន​អ្នក​មក​តវ៉ា​នៅមុខ​ផ្ទះ ហ៊ុន សែន ចាប់​ចូល​គុក​ព្រៃ​ស​ទាំងអស់…។ ហេតុអ្វី​មក​បំផ្លាញ​ផ្លូវ​គេ​ខំ​សុំ​លុយ​ខ្ចី​លុយ​គេ​មក​កសាង​ហេតុអ្វី​មក​បំផ្លាញ​។ បើ​ចាប់​បាន​រថយន្ត​ខុសច្បាប់​នោះ​ហើយ ​បើ​មាន​អ្នកណា​ហ៊ាន​ដោះលែង​វិញ​ នឹង​មាន​បញ្ហា​ហើយ​ខ្ញុំ​ធ្វើ​(ចាត់វិធានការ​)​អ្នក​ដោះលែង​ហ្នឹង​»។

បើ​យោង​តាម​ការ​បញ្ជាក់​រប​ស់ស​ម្តេច​បទបញ្ជា​នេះ​ ធ្លាប់​បាន​ដាក់ចេញ​រួចមក​ហើយក៏​ប៉ុន្តែ​ការអនុវត្ត​ដូច​ជា​មាន​ប្រសិទ្ធភាព​តិចពេក​។ ជា​មួយ​នេះ​សម្តេច​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​ចូលទៅ Comment នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ប្រសិនបើ​ឃើញ​មាន​រថយន្ត​ត​ទ្រុង​និង​ខុស​បច្ចេកទេស​បើកបរ​នៅ​លើ​ផ្លូវថ្នល់​កន្លែង​ណាមួយ ចាប់ពី​ម៉ោង​សូន្យ​ថ្ងៃ​ទី៩ ខែកុម្ភៈ​តទៅ​។

ជាមួយ​នេះ សម្តេច​ក៏បាន​បង្ហាញ​ក្តី​សង្ឃឹមថា ​បទបញ្ជា​លើក​នេះ​នឹង​ត្រូវបាន​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ប្រសិនជា​អស់លោក​ជា​អាជ្ញាធរ​រួមគ្នា​ធ្វើ​។ សម្តេច​បន្ត​ថា ​បញ្ហា​កន្លង​គឺ​កើតឡើង​ដោយសារតែ​អាជ្ញាធរ​មិន​ធ្វើ ព្រោះ​រថយន្ត​អស់​ទាំង​នោះ​ធ្វើ​ចរាចរណ៍​តាមផ្លូវ​ថ្នល់​តើ​។

ទាក់ទង​នឹង​បញ្ហា​ផ្លូវថ្នល់​នេះ រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ធ្លាប់​បាន​បញ្ជាក់​ថា លើ​ការ​ដឹកជញ្ជូន​លើស​ទម្ងន់​កំណត់ ដែល​បានធ្វើ​ឲ្យ​ខូចខាត​ផ្លូវថ្នល់ រដ្ឋាភិបាល​ត្រូវ​ចំណាយ​ប្រមាណ​ជិត ២០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ​លើ​ការជួសជុល​ផ្លូវ​ឡើងវិញ​។ លោក​បន្ត​ថា បើ​ផ្លូវថ្នល់​មិនសូវ​ខូចខាត​វិញ​នោះ​ ថវិកា​យ៉ាង​ច្រើន​នេះ​នឹង​ត្រូវ​បង្វិល​យក​ទៅ​កសាង​សាលារៀន មន្ទីរពេទ្យ​, ដំឡើង​ប្រាក់បៀវត្សរ៍​មន្ត្រីរាជការ​ជាដើម​។ បើ​តាម​លោក​រដ្ឋមន្ត្រី​កម្ពុជា​ខ្ចី​ប្រាក់​បរទេស​ប្រមាណ ៥០០​លាន​ដុល្លារ​អាមេរិក​ ក្នុង​១​ឆ្នាំ​ ដើម្បី​កសាង​ផ្លូវថ្នល់​។ កម្ចី​ក្រៅប្រទេស​របស់​កម្ពុជា​ភាគច្រើន​ត្រូវ​បាន​ចំណាយ​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684