ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​ប្រាប់​ទៅ គ.ជ.ប ថា ស​ម្តេច​មិន​មែន​ជា ​បេក្ខភាព​ព្រឹទ្ធសភា​ទេ សម្តេច​មិន​ធ្វើការ​ឃោសនាបោះឆ្នោត​ព្រឹទ្ធសភា​ឡើយ

កំពង់ចាម ​៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារ​ទៅកាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ ជ ប​) ថា ក្នុង​រយៈពេល​នៃ​ការឃោសនាបោះឆ្នោត​ជ្រើសរើស​ព្រឹទ្ធសភា​អាណត្តិ​ទី​៤ ដែល​ឈាន​ចូល​មកដល់​នៅ​ថ្ងៃទី១០ កុម្ភៈ​នេះ សម្តេច​មិនមែន​ជា​បេក្ខភាព​សមាជិក​ព្រឹទ្ធសភា​ទេ ហើយក៏​មិន​បើក​យុទ្ធនា​ការឃោសនា​ឲ្យ​សមាជិក​ព្រឹទ្ធសភា​ដែរ។ ដូចនេះ​សម្តេច​នៅតែ​អាច​ជួប​ជាមួយ​កម្មករ និង អ្នក​ដទៃ មិនបាន​ខុសច្បាប់​បោះឆ្នោត​នោះទេ។

ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែង​បែបនេះ​នៅ​ព្រឹក​ថ្ងៃ​ទី៩ ខែកុម្ភៈ​មុន​មួយថ្ងៃ ​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ព្រឹទ្ធសភា ដែល​ជា​ការបោះឆ្នោត​អសកល។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ថា បក្ស​នយោបាយ​នានា​ស្អែក​នេះ​ចាប់​ផ្តើម​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ព្រឹទ្ធសភា​ហើយ។ សុំ​ប្រាប់​ទៅ គ.ជ.ប ថា​ខ្ញុំ​មិនមែន​ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ព្រឹទ្ធសភា​ទេ និង ក៏​មិន​បាន​ធ្វើ​ការឃោសនា​សម្រាប់​បោះឆ្នោត​ព្រឹទ្ធសភា​ដែរ។ ដូចនេះ​សម្តេច​នៅ​អាច​ជួប​ជាមួយ​កម្មករ និង​ផ្តល់​អំណោយ​ឲ្យ​ដល់ក​ម្មករ និង អ្នក​ផ្សេងៗ​។

សម្តេច​តេ​ជោ​បន្ត​ថា ​រឿង​ឃោសនាបោះឆ្នោត​នេះ​ ជា​រឿង​របស់​បេក្ខជន​ម្នាក់​ ដែល​ឈរ​ឈ្មោះ​បោះឆ្នោត​ព្រឹទ្ធសភា ដូចនេះ​បុគ្គល​ទាំងនោះ​ត្រូវ​ចុះ​រក​សម្លេង​ឆ្នោត​ដោយ​ខ្លួនឯង​នៅ​តាម​ក្រុមប្រឹក្សា ឃុំ​សង្កាត់។ សម្តេច​បន្តថា ​ប្រសិនជា​តួអង្គ​បោះឆ្នោត​មិន​ចុះទៅ​ទេ តើ​អ្នកបោះឆ្នោត​គេ​បោះ​ឲ្យ​ទេ​បើ​គេ​មិន​ទាំង​ស្គាល់​មុខ​ផង​នោះ ដូចនេះ​គ្មាន​អ្នកណា​ជួយ​អ្នកឯង​បានទេ។ សម្តេច​បន្ត​ថា “​បើ​អ្នកឯង​ខ្ជិល​គេ​មិន​បោះ​ឲ្យ​កុំ​មក​បន្ទោស​ខ្ញុំ​”។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា សម្តេច​មាន​កម្មវិធី​ច្រើន​ណាស់​ដែល​ត្រូវ​ធ្វើ មិន​អាច​ត្រូវ​ផ្អាក​នៅ​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ព្រឹទ្ធសភា​នោះទេ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​គណបក្ស​ចំនួន ៤ ដែល​បាន​ចុះបញ្ជី​បក្ស​នយោបាយ និង បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី ៤ ឆ្នាំ​២០១៨​។

គណបក្ស​ប្រជាជន​កម្ពុជា​ឈរ​ឈ្មោះ ៨ ភូមិភាគ​ដែល​មាន​បេក្ខជន ១១៦​រូប គណបក្ស​យុវជន កម្ពុជា​ឈរឈ្មោះ ៣ ភូមិភាគ ដែលមាន​បេក្ខភាព ៣៨​រូប បក្ស​ខ្មែរ​រួបរួម​ជាតិ ៧ ភូមិភាគ ដែលមាន​បេក្ខភាព ១០២​រូប និង គណបក្ស​ហ៊្វុនស៊ិនប៉ិច ៨​ភូមិភាគ ដែល​មាន​បេក្ខភាព​១១៦​រូប។

ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី៤ ឆ្នាំ២០១៨ មាន​ចំនួន ៦២​រូប ដែល​សមាជិក២​រូប ​ត្រូវ​ចាត់តាំង​ដោយ​ព្រះមហាក្សត្រ និង ២​រូប​ទៀត ត្រូវ​បាន​ជ្រើសតាំង​ដោយ​រដ្ឋសភា​មតិ​ភាគច្រើន ហើយ​សមាជិក​ព្រឹទ្ធសភា​ផ្សេងទៀត ​ត្រូវ​ជ្រើសរើស​ដោយ​ការបោះឆ្នោត​អសកល មិន​ចំពោះ​តាម​វិធី​ជ្រើសរើស​ឆ្នោត​ជាសម្ងាត់។ ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥​ខែកុម្ភៈ ឆ្នាំ ២០១៨៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684