ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជានឹង​ទៅ​ចូលរួម​ពិព័រណ៍​នាំចូល​អន្តរ​ជាតិចិន “China International Import Exposition (CIIE)” នៅទីក្រុង​សៀង​ហៃ ប្រទេស​ចិន

​ភ្នំពេញ​​ ៖ ក្រសួងពាណិជ្ជកម្មបានរៀបចំ​ពន្លា​ជាតិ ដើម្បីចូលរួមវេទិកា​ពាណិជ្ជកម្ម​អន្តរជាតិ និងការតាំង​ពិព័រណ៍​ផលិតផល​ និង​សេវាកម្ម​ចម្រុះ​គ្រប់​ប្រភេទរបស់​កម្ពុជា ពិព័រណ៍​នាំចូល​អន្តរជាតិចិន “China International Import Exposition (CIIE)” នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន​។​ នេះបើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​។​

​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា​ ក្នុងនាម​គណៈកម្មការ​អន្តរក្រសួង ដើម្បី​រៀបចំ និង​ចូលរួម​ពិព័រណ៍ពិភពលោក និង​ពិព័រណ៍​ពាណិជ្ជកម្មអន្តរជាតិ​កម្ពុជា នឹង​ទៅ​ចូលរួម​ពិព័រណ៍​នាំចូល​អន្តរជាតិចិន “China International Import Exposition (CIIE)” នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន ដែលនឹងត្រូវ​រៀបចំឡើង​រយៈពេល០៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ០៥-១០ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​ព្រឹត្តិការណ៍​ពាណិជ្ជ​កម្មនេះ រួមមាន​ការរៀបចំ​៖ ពន្លា​ជាតិ​នៃ​ប្រទេស​ចូលរួម វេទិកា​ពាណិជ្ជកម្មអន្តរជាតិ និង​ការតាំងពិព័រណ៍​ផលិតផល ​និង​សេវាកម្ម​ចម្រុះ​គ្រប់​ប្រភេទ ដែល​កម្ពុជានឹងសម្របសម្រួល ព្រមទាំង​ដឹកនាំវិស័យ​ឯកជន​ទៅ​ចូលរួម​ផងដែរ ដើម្បី​ស្វែងរក​ទីផ្សារសម្រាប់​ផលិតផល​កម្ពុជា និង​ចូលរួម​ជំរុញ​ផ្សព្វផ្សាយ​អំពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា ដើម្បីអូសទាញ​អ្នក​វិនិយោគិន​បរទេស​ឲ្យ​មក​បណ្តាក់​ទុនវិនិយោគ​នៅ​កម្ពុជា​។​

​ក្រសួងពាណិជ្ជកម្ម សូម​អញ្ជើញ​ពាណិជ្ជករ និង​អាជីវករ​ទាំងអស់ ដែលមាន​បំណង​ទៅ​ចូលរួមពិព័រណ៍​នាំចូល​អន្តរ​ជាតិចិន “China International Import Exposition (CIIE)” ឬ​មាន​គម្រោងស្វែងរក​ដៃគូ​វិនិយោគ ឬ​ត្រូវ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​បណ្តាប្រទេស​ដែល​បាន​ចូលរួម មេត្តា​ប្រញាប់​មក​បំពេញបែបបទ និង​ផ្ញើ​គម្រោង​របស់ខ្លួន មកនាយកដ្ឋាន​កិច្ចការ​ពិព័រណ៍ អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម ឱ្យបាន​មុនថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ ជា​កំហិត​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកនាយកដ្ឋាន​កិច្ចការ​ពិព័រណ៍ តាមរយៈ​ទូរស័ព្ទ​៖ ០៨៦ ៣៣៣ ៩៣៣ / ០១៧ ៧៥៩ ៥៦៧ / ០៩៥ ៩២៩ ១៩២ / ០១៧ ៥៥៩ ២៧៧ / ០៩៨ ៨៤២ ១១៩ ឬ អ៊ី​ម៉ែ​ល​៖ [email protected] / [email protected] / [email protected] / [email protected] / [email protected] ។​