ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កំណត់​យក​ប្រធានបទ ​«​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» ដើម្បីអបអរសាទរ​ទិវា​វប្បធម៌​ជាតិ ៣​មីនា ខាងមុខនេះ​

​ភ្នំពេញ ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានកំណត់​យក​ប្រធានបទ ​«​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» ដើម្បី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២០​ នាពេល​ខាងមុខនេះ​។ នេះ​បើតាម​លោក សំរាំង កម្សាន្ត រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឱ្យដឹង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​ដំណើរ​ឆ្ពោះ​ទៅ​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស​ឆ្នាំ​ទី​៤ ដើម្បី​អបអរសាទរ​ទិវា​វប្បធម៌ជាតិ ៣​មីនា ​លើក​ទី​២០​ នាពេលខាងមុខ នៅ​ទីស្តីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​។

រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក សំរាំង កម្សាន្ត បាន​បញ្ជាក់ថា ការហូរចូល​នៃវប្បធម៌​បរទេស​ជា​ផ្នែក​មួយ ដែល​ធ្វើឱ្យ​យុវជន​មិន​ចាប់អារម្មណ៍​ពី​វប្បធម៌​សិល្បៈ​ខ្មែរ ខណៈ​រាជរដ្ឋាភិបាល បានចាត់ទុក​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា ដែល​បន្សល់ទុក​ពី​បុព្វបុរស​ខ្មែរ ជា​ធនធានសេដ្ឋកិច្ច​មួយប្រកបដោយ​សក្តានុពល​ខ្ពស់ និង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ច សង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​។​  លោក​បាន​លើកឡើងថា យុវជន​កម្ពុជា​ត្រូវបានលើកទឹកចិត្ត​នេះ តាមរយៈ​ឱ្យ​ពួកគេ​ចូលរួម​បង្កើត​ស្នាដៃ​សិល្បៈ ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិខ្មែរ​លើ​ការ​តែង​និពន្ធ ការសម្តែង​សិល្បៈ របាំ ត​ន្រី្ត និង​ផ្សព្វផ្សាយ​សិល្បៈទស្សនីយភាព​ខ្មែរ​ជាដើម​។ យើង​មិន​ចង់​ក្មួយៗ​ដែល​ទទួល​វប្បធម៌​បរទេស​ Copy​ ពី​គេទាំងស្រុង​នោះទេ តែ​យើង​ត្រូវ​យកមក​បូក​ជាមួយ​ពណ៌​សម្បុរ​របស់​ជាតិ​យើង បូក​ជាមួយ​ព្រលឹងជាតិ​យើង បូក​ជាមួយ​អត្តសញ្ញាណ​ជាតិ​យើង បូក​ជាមួយ​ទស្សនៈ​ជាតិ​យើង ដើម្បី​បម្រើឱ្យជាតិ​យើង​។

​មន្ត្រីជាន់ខ្ពស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​រូបនេះបានឱ្យដឹង​ទៀតថា ការរៀបចំ​មហោស្រពសិល្បៈ​យុវជន​ទូទាំងប្រទេស ដែល​នឹង​ចាប់ផ្តើម​នៅ​សាលសន្និសីទ​ចតុមុខ​នៅ​ដើមសប្តាហ៍​ក្រោយនេះ ត្រូវបាន​សម្រិតសម្រាំង​យក​ស្នាដៃ​យុវជន​ចំនួន ៤៥ ដើម្បី​ចូលរួមអបអរសាទរ​ទិវា​វប្បធម៌​ជាតិ​៣​មីនា លើក​ទី​២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នា​ថ្ងៃទី ៦ ខែមីនា ​ខាងមុខនេះ​។

​បើ​យោងតាម​ប្រសាសន៍​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន  ​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ ២០១៧ និង​លើក​ទិសដៅ​ការងារឆ្នាំ ​២០១៨​ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាល​រសៀល​ថ្ងៃទី៨ ខែកុម្ភៈ បានជំរុញឱ្យមាន​ការបណ្តុះបណ្តាល និង​អភិវឌ្ឍន៍​សមត្ថភាព​ធ​ន​ធាន​មនុស្ស​ក្នុង​វិស័យ​វប្បធម៌ និងវិចិត្រសិល្បៈ ដោយ​យកចិត្តទុកដាក់​ទាំង​បរិមាណ និង​គុណភាព ទាំង​នៅក្នុង​ក្របខ័ណ្ឌនៃសាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ សាលា​មធ្យម​វិចិត្រសិល្បៈ និង​សាលាវិចិត្រសិល្បៈ​ភូមិភាគ ដើម្បី​សម្រិតសម្រាំង​អ្នក​បន្តវេន​ពី​ក្នុងចំណោម​អ្នក​ដែលមាន​ចំណង់ចំណូលចិត្ត និង​មាន​ទេពកោសល្យ​សិល្បៈ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើតឱ្យមានមហោស្រព​សិល្បៈ​យុវជន​ប្រចាំ​ឆ្នាំនេះ​ឡើង ដើម្បី​បណ្តុះ​គំនិត​ពួកគេ​ឱ្យ​ចេះ​ស្រឡាញ់លើកកម្ពស់ និង​ថែរក្សា​វប្បធម៌​ខ្មែរ​ឱ្យ​កាន់តែ​គង់វង្ស​៕