ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ក្រុម​ប្រឹក្សាជាតិដើម្បី​ស្ត្រី

​ភ្នំពេញ​ ៖ នៅ​នៅវេលា​ម៉ោង ៨ និង​ ៣០ នាទី​ព្រឹក​ ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ បានអញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផលការងារ​ឆ្នាំ​ ២០១៧ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​ ២០១៨ របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជាដើម្បីស្ត្រី ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​។

សូមបញ្ជាក់ថា ក្រុមប្រឹក្សា​ជាតិ​កម្ពុជាដើម្បី​ស្ត្រី​ មាន​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធាន និង​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​អនុប្រធាន​។ ចាប់តាំងពី​ឆ្នាំ​ ២០០៦ ​មកថ្នាក់ដឹកនាំ​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជាដើម្បី​ស្ត្រី​ តែងតែ​បើក​កិច្ចប្រជុំ​ជា​ទៀត​ទាត់​រៀងរាល់​មួយឆ្នាំម្តង ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន​។​

កិច្ចប្រជុំ​ធ្វើឡើង​ដើម្បី​តាមដាន និង​ត្រួតពិនិត្យ​រាល់​សកម្មភាព​ការងារ និង​ការអនុវត្ត​នូវ​រាល់អនុសាសន៍​លើ​ការងារ​មួយចំនួន​របស់ក្រុមប្រឹក្សា​ជាតិ​កម្ពុជាដើម្បី​ស្ត្រី​ ក្នុងការ​ចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់​សិទ្ធិសេរីភាព ​ឋានៈ ​តួនាទី ពិសេសការចូលរួម​ដោះស្រាយ​រាល់​ការងារ​ជា​អាទិភាព​នានា​របស់​ស្ត្រី​។​

ស្ត្រី​ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់​ទុកជាឆ្អឹងខ្នង​ដ៏​សំខាន់​មួយ​ផងដែរ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ​។ តាមរយៈ​កិច្ចប្រជុំ​ជា​ទៀងទាត់​របស់ក្រុមប្រឹក្សា​ជាតិ​កម្ពុជាដើម្បី​ស្ត្រី គឺ​បាន​ពិនិត្យ និង​ដាក់ចេញ​អនុសាសន៍​ជាច្រើន ដើម្បី​លើកកម្ពស់​សិទ្ធិ​របស់​ស្ត្រី និង​អភិវឌ្ឍន៍សមត្ថភាពរ​បស់​ស្ត្រី ជាពិសេស​ជំរុញ​សកម្មភាព​របស់​ស្ត្រី​ទៅក្នុង​កិច្ចការ​សង្គម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684