ព័ត៍មានទាន់​ហេតុការណ៏
Search

បើកឆាក​ខ្សែក្រវាត់​ខា​រ៉ា​បាវ ​៖ ​ផល​ សោ​ភ័​ណ្ឌ​ និង​ ឡុង ​សំណាង ផ្តួល​ថៃ​និង​ឡាវ​ឱ្យ​សន្លប់​ដូចគ្នា

អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​ ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ និង ឡុង សំណាង អ្នកប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ ​និង​អ្នក​ប្រដាល់​ឡាវ​ឱ្យសន្លប់​ដូចគ្នា នៅក្នុងការចាប់ផ្តើម​ថ្ងៃ​ដំបូង នៃ​ព្រឹត្តិការណ៍​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​វគ្គ​៤ ​ទម្ងន់ ​៦៣,៥០០ គីឡូក្រាម កាលពី​យប់​ថ្ងៃអាទិត្យ​ ទី​១១ ​ខែកុ​ម្ភៈ ​ឆ្នាំ២០១៨ នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។

​​ព្រឹត្តិការណ៍​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​វគ្គ​៣​នេះ មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៤​រូប អ្នកប្រដាល់​ជើង​ខ្លាំង​ថៃ​៣​រូប និង អ្នក​ប្រដាល់​ឡាវ​១​រូប ដើម្បី​វាយ​ដណ្តើមយក​ខ្សែក្រវាត់​របស់ភេសជ្ជៈ​ខា​រា​បាវ​ ២០១៨ ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ​១០,០០០ ​ដុល្លារ សម្រាប់​អ្នកមានចំណាត់ថ្នាក់។

​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៤​រូប​របស់​កម្ពុជា​នោះ គឺ​ ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ,ឡុង សំណាង ក្លិប​សាល​វ័​ន្ត​កីឡា,ឡៅ ចិ​ត្រា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ និង ចាន់ ប៊ុន​លាភ ក្លិបនិរោធ​មានជ័យ។ ចំពោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​ទាំង​៣​រូប​វិញ មាន Angkamlek Sor.Bunyeam, Klakhunserk Chhumphethu , Lekphatch Site wangluon និង អ្នក​ប្រដាល់​ឡាវ​ Namphol Site Khungvet ។

​​សម្រាប់​ការប្រកួត​ជម្រុះ​ថ្ងៃ​ដំបូង​នេះ ផល សោ​ភ័​ណ្ឌ​ បាន​វាយ​ឈ្នះ Angkamlek Sor.Bunyeam ក្នុងទឹក​ទី​១។ នេះ​ជាការ​ជ័យជំនះ​លើក​ទី​១ របស់​ ផល សោ​ភ័​ណ្ឌ នៅក្នុង​ការប្រកួត​ជម្រុះ​លើក​ទី​១នេះ។ សោ​ភ័​ណ្ឌ បាន​ប្រើ​កណ្តាប់​ដៃស្តាំ​ដាល់​មុខ និង​ទាត់​មួយ​ជើង​ចំ​កណ្តៀតក្អម​របស់ Angkamlek ក្នុងពេលដែល​អ្នក​ប្រដាល់​ថៃ​រូបនេះ ព្យាយាម​ចូលមក​រក​វាយ​គេ​នោះ ធ្វើ​ឲ្យ​ Angkamlek សន្លប់​លែង​ក្រោក។​

​ចំពោះ​ ឡុង សំណាង វិញបាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ឡាវ ​Namphol Site Khungvet ក្នុង​ទឹក​ទី​២។ នេះ​ជាការ​ឈ្នះ​លើក​ទី​១ របស់ ឡុង សំណាង ក្នុងការ​ប្រកួត​ជម្រុះ​ខ្សែក្រវាត់​ខា​រ៉ា​បាវ​វគ្គ៤នេះ។​

​នៅក្នុង​សន្និសីទកាសែត​មុន​ការប្រកួត​នោះ លោក ​នាង ស៊ី​វុត្ថា ប្រធាន​គ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំស្ថានីយទូរទស្សន៍​បាយ័នបាន​និយាយ​ឱ្យដឹងថា ព្រឹត្តិការណ៍​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ាបាវ​វគ្គ​៣​នេះ ដែលមាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៤​រូប អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​៣​រូប ​និង​ ឡាវ​១រូបនេះ គឺ​តម្រូវឱ្យ​ខ្មែរ​-​ថៃ​ជួបគ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​ក្នុង​ការប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​រើសយក​អ្នកប្រដាល់​ខ្មែរ​២​រូប ដែល​ជាប់​លេខ​១​ លេខ​២ ហើយ​អ្នក​ប្រដាល់​ថៃ ​ឬ​ឡាវ ក៏​រើសយក​អ្នក​ជាប់លេខ​១​ លេខ​២ ​ដែរ។ អ្នក​ទាំង​៤(​ខ្មែរ​២ ​និង​ ថៃ ​ឬ​ ឡាវ​២) នឹងត្រូវ​ជួប​ប្រកួត​គ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រតែម្តង ដោយ​អ្នក​លេខ​១​ជួប​ជាមួយ​អ្នក​ជាប់​លេខ​១​ដូចគ្នា ដើម្បី​ដណ្តើម​តំណែង​ជើងឯកខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​ ៦៣,៥០០​ គីឡូក្រាម។​ ឯ​អ្នក​លេខ​២​ជួប​ប្រកួត​ជាមួយ​លេខ​២​ដូចគ្នា ដើម្បី​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣។

​ចំពោះ​រង្វាន់​ជ័យលាភី​លើក​នេះ ក៏​មិន​ខុសគ្នា​ទៅនឹង​វគ្គ​៣​ដែរ ដោយ​ចំណាត់ថ្នាក់​ជើងឯក​ម្ចាស់ខ្សែក្រវាត់ ក្រៅពី​ពាន ​និង​ ខ្សែក្រវាត់ នឹង​ទទួល​ប្រាក់រង្វាន់​បាន​ ៦.០០០​ ដុល្លារ។ សម្រាប់ចំណាត់ថ្នាក់​លេខ​២ ទទួលបាន​ប្រាក់រង្វាន់​ ៣.០០០ ​ដុល្លារ និង​លេខ​៣ បាន​ ៦០០ ​ដុល្លារ ។ ចំពោះ​លេខ​៤​ អត់​មាន​ប្រាក់រង្វាន់​ទេ គឺ​មានតែ​តម្លៃ​ខ្លួន​ឡើង​ប្រកួត ក៏ដូចជា​ប្រាក់​លើកទឹកចិត្ត​ដែរគឺ​ចំនួន​ ៤០០ ​ដុល្លារ។

​លោកឧ​ត្ត​ម​សេនីយ​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​គុន​ខ្មែរ បាន​សំណូមពរ​ក៏ដូចជា​រម្លឹក​ចំពោះមន្ត្រី​គណៈកម្មការ​បច្ចេកទេស ត្រូវតែ​ខិតខំ​ធ្វើការ​ដោយស្មោះ​ត្រង់ និង​ធ្វើយ៉ាងណា​ក្នុងនាម​គណៈកម្មការ អាជ្ញាកណ្តាល​ចៅក្រម ត្រូវតែ​វិនិច្ឆ័យ​និង​កាត់សេចក្តី​អោយបាន​ត្រឹមត្រូវ យុត្តិធម៌ ឈ្នះ​គឺ​ឈ្នះ ចាញ់​គ​ឈ​ចាញ់ ។ ជាមួយគ្នានេះ លោក​ប្រធាន​សហព័ន្ធ ក៏​ព្រមាន​ចំពោះ​កីឡាករ​ដែរ ត្រូវតែ​រក្សា​ភាពថ្លៃថ្នូរ​ជា​កីឡាករ រក្សា​ទម្ងន់ សុខភាព ខិតខំ​ហ្វឹកហាត់ ដើម្បីអោយ​ការប្រកួត​ប្រព្រឹត្តិទៅបាន​ដោយ​រលូន ៕

•​​ម៉ឺន សុភា និង វង្ស ណ​យ ចាញ់​ថៃ​ដូចគ្នា

​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​៧០​គ​.​ក្រ កាលពី​ថ្ងៃអាទិត្យ​ ទី​១១ ​កុ​ម្ភៈ ២០១៨ នៅលើ​សង្វៀន​បាយ័ន​បឹង​ស្នោ ដែលមាន​ចំនួន​២​គូ​ នោះ ម៉ឺន សុភា អ្នក​ប្រដាល់​សមាគមកីឡាប្រដាល់​ក្រសួងការពារជាតិ និង ​វង្ស ណ​យ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ បានវាយ​ចាញ់​ថៃ​ដូចគ្នា។

​ម៉ឺន សុភា បាន​វាយ​ចាញ់ Watcharalek Site Kolab ដោយ​ពិន្ទុ តែ​សម្រាប់ វង្ស ណ​យ វិញ គេ​ត្រូវ​អ្នក​ប្រដាល់​ថៃ Rasrisingha Wor.Viwathananon វាយ​អោយ​សន្លប់​ក្នុង​ទឹក​ទី​១។​ ជាមួយនឹង​លទ្ធផល​នេះ ម៉ឺន សុភា បាន​៤​ពិន្ទុ​ក្នុង​ពីរ​ប្រកួត ហើយ Watcharalek បាន​៦​ពិន្ទុ ក្នុង​ពីរ​ប្រកួត​ដូចគ្នា ដោយ Watcharalek ឈ្នះ​ទាំងពីរ​ប្រកួត ឯ​ ម៉ឺន សុភា ឈ្នះ​១​ចាញ់​១​ប្រកួត។

​ចំណែក ​វង្ស ណ​យ ក្នុងការ​ប្រកួត​ជម្រុះ​លើក​ទី​២​នេះ ត្រូវ​អ្នក​ប្រដាល់​ថៃ Rasrisingha វាយឱ្យ​សន្លប់ក្នុង​ទឹក​ទី​១។ ជាមួយនឹង​លទ្ធផល​នេះធ្វើ​ឲ្យ ​វង្ស ណ​យ ចាញ់​ពីរ​ប្រកួត​ហើយ ក្នុងការ​ប្រកួត​ជម្រុះ​ពីរលើក​នោះ ពោល ​វង្ស ណ​យ បាន​២​ពិន្ទុ ឯ Rasrisingha អ្នក​ប្រដាល់​ថៃ​វិញ គេ​បាន​៤​ពិន្ទុ ក្នុង​ពីរ​ប្រកួត​ដូចគ្នា ដោយ​វាយ​ឈ្នះ​១ ចាញ់​១​ប្រកួត ។

​ចំពោះ​ការប្រកួត​គូ​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ ម៉ន រដ្ឋា អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ត្រូវ ​លិញ ភារ​ម្យ អ្នក​ប្រដាល់​ក្លិប​ភារ​ម្យ​គុន​ខ្មែរ វាយ​ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៤។ រីឯ ជី ឆាយ​លី អ្នកប្រដាល់​ក្លិ​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម ត្រូវ វ៉ន វ៉ុ​ន អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114