ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ៃ សុគន្ធ​ មកដល់​ស្រុក​ខ្មែរ​ជាមួយ​ភាព​ជោគជ័យ​លើទឹក​ដី​ប្រទេស​អូស្ត្រាលី

​ភ្នំពេញ ​៖ ​តារា​ចម្រៀង​លោក ម៉ៃ សុគន្ធ ក្រោយពេល​បញ្ចប់​ការ​ច្រៀង ​និង​សម្តែង​នៅលើ​ទឹកដីប្រទេស​អូស្ត្រាលី​ កាលពី​យប់​ថ្ងៃទី​១១​ ខែកុម្ភៈ ឆ្នាំ​២០១៨ ​បានធ្វើ​ដំណើរ​មកដល់​កម្ពុជា​វិញហើយ​។ ​នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​សាមីខ្លួន​លោក ម៉ៃ សុគន្ធ នា​រសៀល​ថ្ងៃទី​១២ ខែកុម្ភៈ នេះ​។​

​លោក ម៉ៃ សុគន្ធ បាន​ប្រាប់​កម្ពុ​ជាថ្មី​តាមរយៈ​សារ​ឆ្លើយឆ្លង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា បាទ បង! ឥឡូវនេះ​ខ្ញុំ​បាន​វិលត្រឡប់​មកដល់​ស្រុក​ខ្មែរ​វិញ​ហើយ ​គឺ​មកដល់​កាលពី​យប់មិញ​ ព្រោះ​ការ​ចេញទៅ​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី​របស់​ក្រុម​ខ្ញុំ​ ត្រូវ​ដល់ពេល​វេលា​កំណត់​វិល​ត្រឡប់​មក​ស្រុក​ខ្មែរវិញ។

តារាចម្រៀង​ធ្លា​ប់រង​ការរិះគន់​ច្រើន​ពី​មហាជន​លោក ម៉ៃ សុគន្ធ បាន​បញ្ជាក់​ថា​ ដំណើរ​ចេញទៅប្រទេស​អូស្ត្រាលី​ជា​លើ​ទី​៣ ​មាន​រយៈពេល​ជិត​២​ខែ​នេះ ​គឺ​លោក​ទទួល​បាន​ភាព​ជោគជ័យច្រើន​តាមរយៈ​ការ​គាំទ្រ ​និង​ទទួល​បាន​ភាព​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​បំផុត​ពី​បងប្អូន​អាណិកជន​ខ្មែរ​យើង​ដែល​កំពុង​រស់នៅ​ទីនោះ​។ ​ម្យ៉ាង​ទៀង​ពូក​គាត់​ក៏​ផ្តល់​តម្លៃ​ខ្លាំង​រាល់សិល្បករ​ខ្មែរ​ដែល​ចេញទៅ​ច្រៀង ​និង​ សម្តែង​នៅ​ទីនោះ​ផងដែរ​។​

​លោក ម៉ៃ សុគន្ធ បាន​បន្តថា​ ការដែល​ខ្ញុំ​មក​ស្រុក​ខ្មែរ​វិញ​ដោយ​ពុំមាន​ប្រាប់​ដំណឹង​សម្រាប់​មិត្តភ័ក្ដិសិល្បៈ ​ក៏ដូចជា​បងៗ​បណ្តាសារ​ព័ត៌មាន​នោះ​ ក៏​ព្រោះតែ​ធ្វើឡើង​ដោយ​ប្រ​ញាប់​ពេក​ ព្រោះឆាប់​បានមក​ដល់​ស្រុក​ខ្មែរ​វិញ​ដើម្បី​រៀបចំ​ប្លង់​សម្តែង ​MV​ បទ អត់​គូ​អត់​លិឍ​។ ​ម្យ៉ាង​ចំពោះ​មិត្តភ័ក្ដិ​សិល្បៈ​ គឺ​មិន​ចង់​រំខាន​ពេលវេលា​របស់​ពួកគាត់​។​

​សូមបញ្ជាក់ថា ​ដំណើរ​ឆ្ល​ងប្រទេស​ (​អូស្ត្រាលី​) ​របស់​តារាចម្រៀង​លោក​ ម៉ៃ សុគន្ធ ជា​លើក​ទី​៣ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី២០ ​ខែធ្នូ ឆ្នាំ​២០១៧ ​តប​តាម​ការអញ្ជើញ​ពី​សំណាក់​សមាគម​ខ្មែរ​នៅ​ទីនោះ ក្នុង​គោលបំណង​ដើម្បី​ធានា​ចេញទៅ​ច្រៀង​-​សម្តែង​ចែកជូន​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ទីនោះបាន​រាំលេង​កម្សាន្ត​សប្បាយ​ និង ​ក៏​ជា​ផ្នែក​មួយ​ដើម្បី​ស្វែងរក​ថវិកា​ដែល​ចំណេញ​ពី​កម្មវិធី​ប្រគំតន្ត្រី​ជួយ​កសាង​វត្ត​មួយកន្លែង​ស្ថិតនៅលើ​ទឹកដី​ប្រទេស​អូស្ត្រាលី​ទៀតផង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684