ព័ត៍មានទាន់​ហេតុការណ៏
Search

សេត​វិមាន​និយាយថា លោក Trump “​ភ្ញាក់ផ្អើល​” ដោយសារ​ការចោទប្រកាន់​ប្រឆាំងនឹង​ជំនួយការ​ពីររូប

សេត​វិមាន​បានលើកឡើង​កាលពី​ថ្ងៃអាទិត្យ​ថា លោក Donald Trump មាន “​ការភ្ញាក់ផ្អើល​និង​រំខាន​” ដោយសារ​ការចោទប្រកាន់​អំពី​អំពើហិង្សា​ក្នុង​គ្រួសារ ​ដែល​នាំ​ឲ្យ​បុគ្គលិក​ពីរ​នាក់​ត្រូវ​លាលែង​ពី​តំណែង​។ សេ​វិមាន​បាន​ឲ្យ​ដឹង​បែបនេះ ​បន្ទាប់ពី​លោក​ប្រធានាធិបតី​បាន​ប្រឈមមុខ​នឹង​ការរិះគន់​សម្រាប់​ការដែល​និយាយថា ជីវិត​កំពុង​ត្រូវបាន​បំផ្លាញ​ដោយ​ការអះអាង​មិន​ពិត។

លោកស្រី Kellyanne Conway ទីប្រឹក្សា​ជាន់ខ្ពស់​របស់លោក Trump បាន​និយាយថា លោក​ប្រធានាធិបតី​បាន​បណ្តេញ​បុគ្គលិក​ពីរ​នាក់​នៅពេល​គាត់​បានឃើញ​ភស្តុតាង​គួរ​ឲ្យ​ទុកចិត្ត​ប្រឆាំងនឹង​ពួកគេ​។​

ជំនួយការ​មេដឹកនាំ​ជាន់ខ្ពស់​នៅ​សេត​វិមាន​ដទៃទៀត​ក៏បាន​គាំទ្រ​ការដោះស្រាយ​របស់លោក Trump ចំពោះ​ភាពចម្រូងចម្រាស​ចុងក្រោយ​បំផុត​នេះដែរ​ដើម្បី​ពង្រឹង​រដ្ឋបាល​របស់លោក​។​

លោកស្រី Conway បាន​និយាយ​ក្នុង​កម្មវិធី “This Week” របស់​ទូរទស្សន៍ ABC ថា “​ខ្ញុំ​គិតថា​ប្រធានាធិបតី​ក៏ដូចជា​ពួកយើង​ដែរ​គឺមាន​ការភ្ញាក់ផ្អើល​និង​រំខាន​ដោយ​ការចោទប្រកាន់​នេះ​”​។​

លោកស្រី Conway បាន​និយាយថា ការងារ​របស់​នាយសេនាធិកា​រ​សេត​វិមាន​លោក John Kelly គឺ​មិនមាន​គ្រោះថ្នាក់​ទេ​ចំពោះ​ការដោះស្រាយ​បញ្ហា​របស់គាត់​។ ក្រុម​អ្នក​រិះគន់​បាន​និយាយថា​លោក​គ្រប់គ្រង​ស្ថានភាព​នេះ​មិនបាន​ល្អ​ទេ​ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដែល​ត្រូវបាន​គេ​បណ្តេញចេញ​ម្នាក់​។​

នៅពេល​សួរ​អំពី​ការ​បង្ហោះ Twitter របស់លោក Trump កាលពី​ថ្ងៃ​សៅរ៍​ថា ជីវិត​ត្រូវបាន​គេ​ធ្វើ​ឲ្យ​បែកខ្ចាយ​និង​បំផ្លាញ​ដោយ​ការចោទប្រកាន់​ដែល​ជួនកាល​មិន​ពិត​នោះ​, លោកស្រី Conway បាន​ប្រាប់​កម្មវិធី State of the Union របស់​ទូរទស្សន៍ CNN ថា “​គ្មាន​ហេតុផល​ត្រូវ​ជឿ​ស្ត្រី​ទាំង​នោះទេ​”​។​

ប៉ុន្តែ​លោក Trump មិនទាន់បាន​និយាយ​ពី​អតីត​ភរិយា​របស់​អតីត​បុគ្គលិក​ពីរ​នាក់​ឬ​ការរំលោភបំពាន​នោះទេ​ ហើយ​ការឆ្លើយតប​របស់គាត់​បានធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​គូប្រជែង​។​

លោកស្រី Kirsten Gillibrand សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយថា លោក​ប្រធានាធិបតី​បានបង្ហាញ​នូវ​ការខ្វះ​ភាព​អាណិតអាសូរ​ជាថ្មី​ម្តងទៀត​ចំពោះ​ជនរងគ្រោះ​នៃ​ការរំលោភបំពាន​។​

ស្ត្រី​ជាច្រើន​នាក់​បាន​ចោទប្រកាន់​លោក Trump ពី​ការប្រព្រឹត្តិ​ផ្លូវភេទ​ខុសឆ្គង​មុនពេល​លោក​ឡើងកាន់តំណែង​ប៉ុន្តែ​ការអះអាង​នេះ​ត្រូវបាន​លោក​បដិសេធថា​ជាការ​កុហក​។​

ក្នុង​ខែមករា កាសែត The Wall Street Journal បាន​រាយការណ៍​ថា មេធាវី​របស់គាត់​បាន​បង់ប្រាក់​ទៅ​ឲ្យ​អតីត​តារា​សិច​ម្នាក់​មុន​ការបោះឆ្នោត​ដើម្បី​រក្សា​ការ​ស្ងាត់ស្ងៀម​អំពី​ការ​រួមភេទ​ជាមួយ​លោក Trump​។​

ទោះបីជា​យ៉ាងណាក៏ដោយ មន្ត្រី​សេត​វិមាន​បាន​បដិសេធ​របាយការណ៍​នេះ​យ៉ាង​ដាច់អហង្ការ​៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684