ព័ត៍មានទាន់​ហេតុការណ៏
Search

មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​ស្វែងរក​ការគាំទ្រ​របស់​រុស្ស៊ី​ លើ​បញ្ហា​ក្រុង​យេ​រូ​សា​ឡឹម

ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​លោក Mahmud Abbas បានធ្វើ​ទស្សនកិច្ច​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​ចន្ទ​ក្នុង​គោលបំណង​ស្វែងរក​ការគាំទ្រ​ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បន្ទាប់ពី​ការទទួលស្គាល់​របស់​ក្រុង​វ៉ាស៊ីនតោន​ដែលថា​ក្រុង​យេ​រូ​សា​ឡឹម​គឺជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល.

​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​រូបនេះ​គ្រោង​នឹងធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​មូ​ស្គូ​រយៈពេល​ពីរ​សប្តាហ៍​បន្ទា​ប់​ពី​ដំណើរ​ទស្សនកិច្ច​មួយរ​បស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu​។​

លោក Abbas បាន​បដិសេធ​ទាក់ទង​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ចាប់តាំងពី​ការទទួលស្គាល់​របស់​ក្រុង​វ៉ាស៊ីនតោន​ដែលថា​ទីក្រុង​យេ​រូ​សា​ឡឹម​គឺជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល​នៅ​ចុងឆ្នាំ​មុន​។ លោក Abbas នឹង​ថ្លែង​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃទី​២០​ខែកុម្ភៈ​។​

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី Nikki Haley បាន​ចោទប្រកាន់​លោក Abbas ថា ខ្វះ​ភាពក្លាហាន​ដែល​ចាំបាច់​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ជាមួយ​អ៊ីស្រាអែល​។​

លោក Abbas បាន​ច្រានចោល​ការសម្រុះសម្រួល​ណាមួយ​របស់​ក្រុង​វ៉ាស៊ីនតោន​នៅក្នុង​ជម្លោះ​អ៊ីស្រាអែល​-​ប៉ា​ឡេ​ស្ទី​ន​ហើយ​បាន​សន្យា​ដល់​ប្រជាជន​របស់គាត់​ថា​នឹង​ធ្វើការ​ឆ្ពោះទៅរក​ការទទួលស្គាល់​ពេញលេញ​នៃ​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ដោយ​អង្គការសហប្រជាជាតិ​។​

លោក Alexander Shumilin អ្នកប្រាជ្ញ​ម​ជ្ឈឹ​ម​បូព៌ា​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​អាមេរិក​និង​កាណាដា​បាន​ហៅ​ដំណើរ​ទស្សនកិច្ច​របស់​លោក Abbas ថា​ជាការ​ប៉ុនប៉ង​មួយ​ដើម្បី​ស្វែងរក​ភាពកក់ក្តៅ​ជាមួយ​រុស្ស៊ី​និង​ដើម្បី​បញ្ឈប់​លោក Netanyahu ដែល​កំពុង​នាំ​ផ្លូវ​ទីក្រុង​មូ​ស្គូ​ឲ្យ​វង្វេង​ក្នុងអំឡុងពេល​មាន​ភាពប្រសើរឡើង​ក្នុង​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​អ៊ីស្រាអែល​។​

នៅ​ឆ្នាំ​២០១៦ ប្រទេស​រុស្ស៊ី​បានស្នើ​ឲ្យ​ធ្វើ​កិច្ចចរចា​គ្នា​មួយ​ទល់នឹង​មួយ​ដោយ​គ្មាន​លក្ខខណ្ឌ​ជាមុន​រវាង​លោក Abbas និង​លោក Netanyahu ប៉ុន្តែ​រឿង​ទាំងនេះ​មិនបាន​ទទួលជោគជ័យ​ទេ​។​

នៅក្នុង​ខែមករា រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​ប៉ាន់​ស្មានថា ឱកាស​នៃ​ការចាប់ផ្តើម​ជាថ្មី​នៃ​កិច្ចចរចារ​ដោយផ្ទាល់​រវាង​ភាគី​ទាំងពីរ​នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​គឺ​ជិត​ដល់​ចំណុចសូន្យ​ទៅហើយ​។​

លោក Lavrov ក៏បាន​និយាយ​ផងដែរ​ថា យើង​យល់​ពី​អារ​ម្ម​ណ៍​របស់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ចំពោះ​លោក Trump ៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684