ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទេស តុង​ហ្គា ត្រូវ​ប្រឈមមុខ​ នឹង​ព្យុះ Gita ដ៏​មាន​ឥទ្ធិពល

ប្រជាជាតិ​ប៉ាស៊ីហ្វិក​ គឺ​ប្រទេស​តុង​ហ្គា​បាន​ត្រៀមលក្ខណៈ​សម្រាប់​ខ្យល់ព្យុះ​ដ៏​កាច​សាហាវ ​និង​ទឹកជំនន់​ភ្លាមៗ​ពី​ព្យុះ​ត្រូពិច Gita បន្ទាប់ពី​ព្យុះ​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ​ បាន​វាយប្រហារ​កោះ​សា​ម៉ូ​កាលពី​ចុង​សប្តាហ៍​។​

ព្យុះ​កម្រិត​៤​មួយ​នេះ​កំពុងធ្វើដំណើរ​ឆ្ពោះទៅ​ភាគខាងត្បូង​ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​វាយប្រហារ​រដ្ឋធានី Nuku’alofa របស់​ប្រទេស​តុង​ហ្គា​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ដែលជា​ហេតុ​ជំរុញ​ឲ្យ​ប្រទេស​កោះ​មួយ​នេះ​ប្រកាស​ដាក់​ច្បាប់​រដ្ឋ​ក្នុង​គ្រាអាសន្ន​។​

ភ្នាក់ងារ​អាកាសធាតុ Metservice របស់​ប្រទេស​តុង​ហ្គា​បាន​និយាយ​នៅក្នុង​ការព្រមាន​ខ្យល់ព្យុះ​មួយ​ថា “​ខ្យល់ព្យុះ​ដ៏​ខ្លាំង​ត្រូវបាន​គេ​រំពឹងថា​នឹង​កើត​មាននៅ​ល្ងាច​នេះ​”​។​

Metservice បាន​និយាយថា ខ្លួន​រំពឹងថា ព្យុះ Gita នឹង​ឡើងដល់​កម្រិត​ប្រភេទ​៤​ប៉ុន្តែ​ទីភ្នាក់ងារ​ឧតុនិយម​ក្នុង​តំបន់​ផ្សេងទៀត​បាន​និយាយថា ព្យុះ​នេះ​នឹង​ឈានដល់​កម្រិត​៥​ដែលជា​កម្រិត​ការវាយតម្លៃ​ខ្យល់​បំផ្លិចបំផ្លាញ​បំផុត​។​

បណ្តា​ភ្នាក់ងារ​ជំនួយ​បាន​ព្រមាន​ពី​ការខូចខាត​ធំធេង​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​និង​ខ្យល់​បក់​ដែល Metservice បាន​និយាយថា ឈានដល់​១៨៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

សាលារៀន​និង​កន្លែងធ្វើការ​នៅ​ប្រទេស​តុង​ហ្គា​ដែលមាន​ប្រជាជន​ត្រឹមតែ​ជាង​១០០,០០០​នាក់​ប៉ុណ្ណោះ​គឺ​ត្រូវបាន​បិទ​មុន​ព្យុះ​នេះ​។​

កាកបាទក្រហម​បាន​និយាយថា ប្រជាពលរដ្ឋ​កំពុង​ប្រញាប់​ប្រញាប់​ស្វែងរក​អគារ​ដែល​រឹងមាំ​ដែល​អាច​ប្រើ​បាន​សម្រាប់​ការជម្លៀស​និង​ដើម្បី​សម្អាត​កំទេចកំទី​ដូចជា​ឈើ​ឬ​ដែក​ដែល​អាច​ហោះ​លឿន​ដូច​មី​ស៊ី​ល​ដោយសារតែ​កម្លាំង​ខ្យល់​បក់​ខ្លាំង​។​Metservice ក៏បាន​ព្រមាន​ផងដែរ​អំពី​ទឹកសមុទ្រ​ឡើង​ខ្លាំង​និង​ការ​ជន់​លិច​នៅ​តំបន់​ទំនាប​។​

គួរ​បញ្ជាក់ថា ព្យុះ Gita បាន​វាយប្រហារ​កោះ​សា​ម៉ូ​និង​កោះ​សា​ម៉ូ​អាមេរិក​កាលពី​ចុង​សប្ដាហ៍​ដោយ​ជន់​លិច​រដ្ឋធានី Apia របស់​កោះ​សា​ម៉ូ​៕ REUTERS

A supplied image shows locals covering windows to office buildings as part of preparations for Cyclone Gita in the Tonga capital of Nuku’alofa, February 12, 2018. Taniela Hoponoa/CARE Australia/Handout via REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684