ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុង​សេ​អ៊ូ​ល​ស្វែងរក​ទំនាក់ទំនង​ និង​បន្ថយ​ភាព​តានតឹង​ខាង​យោធា ​មុន​កិច្ចប្រជុំ​កំពូល​ជាមួយ​កូរ៉េខាងជើង

ប្រទេស​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​ព្យាយាម​រៀបចំ​ការ​ជួបជុំ​បន្ថែម​ទៀត​សម្រាប់​ក្រុមគ្រួសារ​ដែល​បែកបាក់​គ្នា​ដោយសារ​សង្គ្រាម​កូរ៉េ ​និង​ស្វែងរក​ការកាត់បន្ថយ​ភាព​តានតឹង​ផ្នែក​យោធា​ជាមួយ​កូរ៉េខាងជើង ​ដែល​នេះ​ជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​មូលដ្ឋាន​សម្រាប់​កិច្ចប្រជុំ​កំពូល​ដ៏​កម្រ​មួយ​រវាង​កូរ៉េ​ទាំងពីរ។

សេចក្តីថ្លែងការណ៍​ពី​ក្រសួង​បង្រួបបង្រួម​បាន​ធ្វើឡើង​បន្ទាប់ពី​គណៈប្រតិភូ​កូរ៉េខាងជើង​ជាន់ខ្ពស់​បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​ដែល​ក្នុងនោះ​ក៏​រួមមាន​ទាំង​ការអញ្ជើញ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in ឲ្យ​ធ្វើដំណើរ​ទៅកាន់​ក្រុង​ព្យុងយ៉ាង​សម្រាប់​ការចរចា​ផងដែរ​។​

ក្រសួង​នេះ​បាន​និយាយថា “​ដំណើរ​ទស្សនកិច្ច​នេះ​បាន​បង្ហាញថា ឆន្ទៈ​របស់​កូរ៉េខាងជើង​ក្នុងការ​កែលម្អ​ចំណងទាក់ទង​អន្តរ​កូរ៉េ​គឺ​រឹងមាំ​ខ្លាំងណាស់​ហើយ​ប្រសិនបើ​ចាំបាច់ ខ្លួន​នឹង​ប្រើ​វិធាន​ការដែល​មិន​ធ្លាប់មាន​ពីមុនមក​”​។​

ដំណើរ​ទស្សនកិច្ច​រប​ស់​គណៈប្រតិភូ​ដែល​ក៏​រួមមាន​នាង Kim Yo Jong ជា​ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េខាងជើង Kim Jong Un ផងដែរ​នោះ​គឺ​បានទទួល​ការសង្ស័យ​អំពី​ភាពស្មោះត្រង់​របស់​កូរ៉េខាងជើង​និង​ឆន្ទៈ​បោះបង់ចោល​ការខិតខំ​ប្រឹង​ប្រែង​របស់ខ្លួន​ក្នុងការ​ស្វែងរក​អាវុធ​នុយក្លេអ៊ែរ​។​

សេចក្តីថ្លែងការណ៍​បាន​និយាយថា “​បើទោះបីជា​ប្រជាជន​កូរ៉េ​ជាច្រើន​កំពុង​ស្វាគមន៍​ការចូលរួម​របស់​កូរ៉េខាងជើង​នៅក្នុង​កីឡា​អូឡាំពិក​រដូវរងារ​ទីក្រុង Pyeongchang ក៏ដោយ ក៏​នៅតែមាន​ការរិះគន់​និង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ទាំង​ក្នុងស្រុក​និង​អន្តរជាតិ​ដដែល​”​។​

ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ​, នាង Kim Yo Jong បាន​ពាំនាំ​លិខិត​មួយ​ពី​បងប្រុស​របស់​នាង​ដែល​សុំ​ឲ្យ​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ព្យុងយ៉ាង​ក្នុងពេល​កាន់តែ​ឆាប់​កាន់តែ​ល្អ​។

ប្រសិនបើ​វា​កើតឡើង​មែន​នោះ​, កិច្ចប្រជុំ​បែបនេះ​នឹង​សម្គាល់​ពី​កិច្ចប្រជុំ​កំពូល​អន្តរ​កូរ៉េ​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០០៧​មក​។​

ក្រសួង​បង្រួបបង្រួម​បាន​និយាយថា វិធាន​ការដែល​ទាក់ទង​នឹង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នៃ​ទំនាក់ទំនង​គឺ​នឹងត្រូវ​ដឹកនាំ​ដោយ​កូរ៉េ​ទាំងពីរ​ប៉ុន្តែ​ក៏​ស្ថិតនៅក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ដែល​ពាក់ព័ន្ធ​និង​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ផងដែរ​។​

សេចក្តីថ្លែងការណ៍​នេះ​បាន​អះអាងថា “​យើង​នឹងធ្វើ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ពេញលេញ​ជាមួយ​កិច្ចប្រឹងប្រែង​អន្តរជាតិ​ទាក់ទង​នឹង​ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​កូរ៉េខាងជើង​ដោយ​ផ្អែកលើ​ជំហរ​របស់​យើង​ចំពោះ​ឧបទ្វីប​កូរ៉េ​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ​និង​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​”៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684