ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី បន្ត​អនុវត្ត​អនុសាសន៍​ទាំង​១១ ដែល​បាន​ដាក់ចេញ​កាលពី​ឆ្នាំ​២០១៧

ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ណែនាំ​ឲ្យ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី បន្ត​អនុវត្តន៍​ការងារ​ចំនួន​១១​ចំណុច ដែល​បាន​ដាក់​ចេញ​កាលពី​ឆ្នាំទៅ ក្នុង​ការ​អនុវត្តន៍​ការងារ​ក្នុង​ឆ្នាំ​ថ្មី​បន្ត​ទៀត​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ជំរុញ​ឲ្យ​បុរស​ទាំងអស់​ក៏​ត្រូវ​ចូលរួម​ចំណែក​ជួយ​ដល់​កិច្ចការ​ស្ត្រី​ខ្លះ​ផង​ដែរ ជាពិសេស​សម្តេច​ចង់​ឲ្យ​យក​ទិវា ៨ មីនា ដែល​ជា​ទិវា​សិទ្ធិ​នារី​នោះ​ គឺជា​ថ្ងៃ​ដែល​ត្រូវតែ​ធ្វើការ​អប់រំ​ចំពោះ​បុរស​ផងដែរ​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ​និង​ជា​អនុប្រធាន​កិត្តិយស​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ ដើម្បី​ស្ត្រី​បាន​លើក​ឡើង​ដូច្នេះ​ក្នុង​ឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ ២០១៧ និង លើក​ទិសដៅ​សកម្មភាព​ការងារ​ឆ្នាំ ២០១៨ របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​(​ក​.​ជ​.​ក​.​ស​)​ដែល​បាន​ប្រារព្ធ​ពិធី​បើក​នា​ព្រឹក​ថ្ងៃ​ទី១២ ខែកុ​ម្ភៈ និង នៅ​វិមាន​សន្តិភាព​។

ថ្លែង​បើក​កិច្ចប្រជុំ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា ​នេះ​គឺជា​ទម្លាប់​នៃ​ការប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី។ សម្តេច​តេ​ជោ​មានប្រសាសន៍​បន្ត​ថា ​បើ​ទោះបី​ជា​សម្តេចព្រះ​មហាក្សត្រី​ព្រះវររាជ​មាតា​ជាតិខ្មែរ​ព្រះប្រធាន​កិត្តិយស​ព្រះអង្គ​មិនបាន​ដឹកនាំ​កិច្ចប្រជុំ​ក៏ពិតមែន​ប៉ុន្តែ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​បាន​បន្ត​ការងារ​ប្រជុំ​យ៉ាង​ទៀងទាត់​ជា​រៀងរាល់​ឆ្នាំ​ដើម្បី​តាមដាន​ពី​កាលានុវត្តភាព​របស់​ក្រុមប្រឹក្សា​និង ដើម្បី​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ដើម្បី​អនុវត្ត​បន្ត​នៅពេល​ខាងមុខ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត​។

លោកស្រី​វេជ្ជបណ្ឌិត អ៊ឺ​ង គ​ន្ថា​ផា​វី ប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី និង ជា​រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​បានការ​អនុវត្ត​អនុសញ្ញា ស៊ី ដ (CEDAW ) និង អនុសាសន៍​១១ ចំណុច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លើក​ទិសដៅ​សកម្មភាព​ការងារ​ឆ្នាំ ២០១៨ ដោយបាន​បញ្ជាក់ថា ឆ្នាំ ២០១៧ កន្លងមកនេះ​ក្រសួង​ស្ថាប័ន​អាជ្ញាធរ​ដែនដី​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​សង្គម​ស៊ីវិល​បាន​សស្រាក់សស្រាំ​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ទាំង​១១ ចំណុច​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បានលើកឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​សកម្មភាព​ការងារ​ឆ្នាំ២០១៧ ក្នុង​គោលបំណង​លើកកម្ពស់​ស្ថានភាព​ជីវភាព​ឋានៈ និង តួនាទី​របស់​ស្ត្រី។ ចំពោះ​ផែនការ​សកម្មភាព​ការងារ​សំខាន់ៗ​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ត្រូវ​បន្ត​អនុវត្ត​ក្នុង​ឆ្នាំ ២០១៨ រួមមាន​ត្រូវ​បន្ត​អនុវត្ត​តាម​ព្រះរាជា​នុ​សាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ និង អនុសាសន៍​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក្នុង​គោលដៅ​លើ​កម្ពស់​ស្ថានភាព​សិទ្ធ​សេរីភាព​ឋានៈ​តួនាទី​និង​ជីវភាព​រស់នៅ​របស់​សង្គម​ស្ត្រី​កម្ពុជា។ បន្ត​តាមដាន​វាយតម្លៃ​ការអនុវត្ត​អនុសញ្ញា​ស៊ី​-​ដ​(CEDAW) ច្បាប់​ជាតិ​ពាក់​ព័ន្ធ​នឹង​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ​នៅ​តាម​ខេត្ត​និង​រាជធានី​ភ្នំពេញ​ដើម្បី​សិក្សា​និង ស្វែងយល់​ពី​ការអនុវត្ត​លទ្ធផល​បញ្ហា​ប្រឈម វិធានការ និង សំណូមពរ​ទាំងឡាយ​ដើម្បី​លើក​អនុសាសន៍​ជូន​រាជរដ្ឋាភិបាល។ បន្ត​ផ្សព្វផ្សាយ​អនុសញ្ញា​ស៊ី​-​ដ ពិធីសារ​តាម​ជម្រើស​របាយការណ៍​ជាតិ​លើក​ទី ៤ និង លើក​ទី ៥​ស្តី​ពី​ការអនុវត្ត​អនុសញ្ញា​ស៊ី​-​ដ នៅ​កម្ពុជា​អនុសាសន៍​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង ឯកសារ​ពាក់​ព័ន្ធ​ឲ្យ​បាន​ទូលំទូលាយ។

លោក ស្រី អ៊ឹង កន្ថាផាវី បាន​មានប្រសាសន៍ថា បើ​ទោះបី​ជា​ការងារ​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ក៏ដោយ​តែ​ស្ត្រី​នៅតែ​បន្ត​ប្រឈម​ទាំង​ក្នុង​ជីវិត​ការងារ ជីវភាព​រស់នៅ​និង​ស្ថានភាព​សេដ្ឋកិច្ច​។ ផ្នត់គំនិត​រើសអើង ចំពោះ​ស្ត្រី​នៅ​តែ​មាន សមត្ថភាព​ការងារ​នៅ​មាន​កម្រិត បន្ទុក​ក្នុង​គ្រួសារ​ដែល​នៅតែ​រារាំង​ស្ត្រី​ក្នុង​ការងារ ការ​អភិវឌ្ឍ​វិស័យ​ធុរកិច្ច​របស់​ស្ត្រី​កំពុង​ជួប​បញ្ហា​ក្នុង​ការ​ប្រកួតប្រជែង​ទីផ្សារ ស្ត្រី​ខ្វះ​ដើមទុន ជាពិសេស​ការប្រើប្រាស់​បច្ចេក​វិទ្យា​ក្នុង​ខ្សែសង្វាក់​ផលិតកម្ម។ ចំណាកស្រុក​ឆ្លងដែន​ដើម្បី​ការងារ​របស់​ប្រជាពលរដ្ឋ​ជាពិសេស​ស្ត្រី​ទៅ​ក្រៅ​ប្រទេស​នៅ​បន្ត​កើន​ឡើង​ហើយ​នាំមក​នូវ​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅលើ​ក្រុមគ្រួសារ និង សហគមន៍។ អំពើ​ហិង្សា​គ្រប់​រូបភាព ជាពិសេស​អំពើ​ហិង្សា​ក្នុង​គ្រួសារ នៅតែ​បន្ត​កើតមាន​លើ​ស្ត្រី និង ក្មេង​ស្ត្រី​នៅតាម​មូលដ្ឋាន។

រូបភាព​ថ្មី​នៃ​អំពើ​ហិង្សា​ ដែល​ចាត់​ទុក​ស្ត្រី​ជា​ឧបករណ៍​ធ្វើ​អាជីវកម្ម​(​ជួល​ពរ​ពោះ​ជំនួស​)​ដែល​តម្រូវ​ឲ្យ​មានការ​ចូលរួម​ទប់ស្កាត់។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រសាសន៍​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់ និង កោតសរសើរ​ចំពោះ​លទ្ធផល​និង​សកម្មភាព​នានា​ដែល​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​សម្រេចបាន​ក្នុង​ឆ្នាំ ២០១៧ ពិសេស​ការចូលរួម​អនុវត្ត​នូវ​អនុសាសន៍​ទាំង ១១ ចំណុច​របស់​សម្តេច​ដែល​បានប្រកាស​ដាក់​ចេញ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ប្រចាំ​ឆ្នាំ២០១៧ នៅ​ថ្ងៃ​ទី២១ ខែ កុ​ម្ភៈ ឆ្នាំ​២០១៧។ នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​មានប្រសាសន៍​ដាក់​ចេញ​នូវ​អនុសាសន៍​លើ​ការងារ​មួយ​ចំនួន​ក្នុង​ន័យ​ពង្រឹង​និង​ពង្រីក​នូវ​សមិទ្ធផល​បច្ចុប្បន្ន​ដើម្បី​ស្ថេរភាព ​និង​ ភាព​រឹងមាំ​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​។

សូម​បញ្ជាក់​ដែរ​ថា ចាប់​តាំងពី​ឆ្នាំ ២០០៦ រហូតមកដល់​ឆ្នាំ ២០១៨ នេះ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​បាន​បើក​កិច្ចប្រជុំ​យ៉ាង​ទៀងទាត់​រៀងរាល់ ១ ឆ្នាំ​ម្តង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​តាមដាន និង ត្រួតពិនិត្យ​រាល់​សកម្មភាព​ការងារ​និង​ការអនុវត្ត​នូវ​រាល់​អនុសាសន៍​លើ​ការងារ​មួយ​ចំនួន​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ក្នុង​ការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​សិទ្ធ​សេរីភាព​ឋានៈ​តួនាទី ពិសេស​ការចូលរួម​ដោះស្រាយ​នូវ​រាល់​ការងារ​ជា​អាទិភាព​នានា របស់​ស្ត្រី​ក្នុង​ការ​ចូលរួម​ចំណែក​លើ​កិច្ចការ​នយោបាយ និង ការងារ​សង្គម​ដោយ​ស្មើភាព​ក៏ដូចជា​ការ​ចូលរួមចំណែក​ដល់​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​របស់​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ទ្វេ​ឡើង​ថែមទៀត។

យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្តេច​បាន​សំដែង​នូវ​ក្តី​រីករាយ​ចំពោះ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​នេះ​ដើម្បី​ធ្វើ​យ៉ាង​ណា​ជំរុញ​ការងារ​ស្ត្រី​អោយ​កាន់តែ​វិវឌ្ឍន៍​ទៅ​មុខ​ទៀត។ តាមរយៈ​ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ច​របស់​ប្រ​ទស​កម្ពុជា ក៏បាន​រួមចំណែក​ជួយ​បង្កើន​ការងារ​ដល់​ស្ត្រី​ផង​ដែរ ជាពិសេស​បច្ចុប្បន្ន​នេះ តាម​ក្រសួង​ស្ថាប័ន​នីមួយៗ​ក៏​ឃើញ​មាន​ស្ត្រី​បម្រើកា​រងារ​ច្រើន​ណាស់​ដែរ។ កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​គាំពារ​សង្គម​ហើយ​គោលនយោបាយ​នេះ​ក៏បាន​ជួយ​ដល់​ជីវភាព​បងប្អូន​ស្ត្រី​ផងដែរ ជាពិសេស​គោលនយោបាយ​គាំពារ​សង្គម​បាន​អនុវត្តន៍​មុនគេ​ចំពោះ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ ជាពិសេស​កម្ម​ការ​នី​ដែល​បម្រើ​ការងារ​តាម​បណ្តា​រោងចក្រ​នានា។ គោលនយោបាយ​នេះ​ពិត​ជា​មាន​សារសំខាន់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​ឆ្លង​ទ​ន្លេ ដូចជា​បាន​ទទួល​ការពិនិត្យ​ថែទាំ​សុខភាព​តាម​មន្ទីរពេទ្យ​រដ្ឋ ទទួល​បាន​សាច់ប្រាក់​ពេល​ឆ្លងទន្លេ ការ​ទទួលបាន​ឈប់​សម្រាក​ចំនួន​៣​ខែ ក្នុងអំឡុងពេល​ឆ្លងទន្លេ ដោយ​ទទួល​បាន​ប្រាក់ខែ ១២០% រួម​នឹង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា គិត​ចាប់ពី​ខែមករា​មក មាន​ស្ត្រី​ដែល​កម្មការិនី​ឆ្លងទន្លេ​ប្រមាណ​ជាង ៥.៦០០ នាក់ ហើយ​ទទួល​បាន​ប្រាក់​ពី​គោលនយោបាយ​នេះ​ផងដែរ។ នៅក្នុង​កិច្ចប្រជុំ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ឲ្យ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី បន្ត​អនុវត្តន៍​ការងារ​ចំនួន​១១​ចំណុច ដែល​បាន​ដាក់​ចេញ​កាលពី​ឆ្នាំទៅ ក្នុងការ​អនុវត្តន៍​ការងារ​ក្នុង​ឆ្នាំ​ថ្មី​បន្តទៀត​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ជំរុញ​ឲ្យ​បុរស​ទាំងអស់​ក៏​ត្រូវ​ចូលរួម​ចំណែក​ជួយ​ដល់​កិច្ចការ​ស្ត្រី​ខ្លះ​ផង​ដែរ ជាពិសេស​សម្តេច​ចង់​ឲ្យ​យក​ទិវា ៨ មីនា ដែល​ជា​ទិវា​សិទ្ធិ​នារី​នោះ​ គឺជា​ថ្ងៃ​ដែល​ត្រូវតែ​ធ្វើការ​អប់រំ​ចំពោះ​បុរស​ផងដែរ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ជំរុញ​ឲ្យ​ស្ត្រី​ទាំងអស់​ ត្រូវ​ខិតខំ​បង្កើន​សមត្ថភាព​ខាង​បច្ចេកវិទ្យា​បន្ថែម​ទៀត​ ដើម្បី​ងាយស្រួល​ក្នុង​ការ​រក​ការងារ​ធ្វើ​នា​ពេល​បច្ចុប្បន្ន​នេះ​ពីព្រោះ​កន្លែងធ្វើការ​នាពេល​បច្ចុប្បន្ន គឺ​ត្រូវការ​ប្រើប្រាស់​បច្ចេកវិទ្យា​។ សម្តេច​តេ​ជោ ក៏បាន​ជំរុញ​ឲ្យ​សិស្ស​ស្រី​ចូលរួម​ក្នុង​វិស័យ​អប់រំ​បន្ថែម​ទៀត ជាពិសេស​ក្រសួង​អប់រំ​ត្រូវ​បង្កើត គណៈកម្មការ​រវាង​ក្រសួង​អប់រំ​និង​អាណាព្យាបាល​សិស្ស ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រកហេតុ​ផល ពី​ការ​ឈប់​រៀន​របស់​សិស្ស​ស្រី។ ស្នើ​សុំ​ឲ្យ​ក្រសួងសុខាភិបាល​ធ្វើ​កោសល្យ​វិច័​យ​ក្នុង​ករណី​រំលោភ​ពីព្រោះ​ពេលខ្លះ ការ​ធ្វើ​កោសល្យវិច័យ​យឺត​ពេក ធ្វើ​ឲ្យ​បាត់​ពាក្យ​ប​ណ្តឹង​សម្រាប់​ស្ត្រី​រងគ្រោះ។

ទន្ទឹម​នឹង​នេះ សម្តេច​តេ​ជោ​បានសម្រេច​បង្កើន​ថវិកា​ពី ២០០​លាន​រៀល ទៅ​៥០០​លាន​រៀល​សម្រាប់​ជួយ​ដោះស្រាយ​សេវា​ផ្លូវច្បាប់​ដល់​ស្ត្រី​ដែល​រងគ្រោះ​ដោយ​ការរំលោភបំពាន​ផ្សេងៗ។

ទាក់ទង​ទៅ​នឹង​សេវា​ជួយ​ដល់​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា​វិញ សម្តេច​តេ​ជោ​បានសម្រេច​ឲ្យ​មាន​ការ​បង្កើត​ជាម​ជ្ឈមណ្ឌល​ឬ​កន្លែង​សម្រាប់​ជួយ​ដោះស្រាយ និង​ជួយ​សង្គ្រោះ​ដល់​ជនរងគ្រោះ​នេះ នៅ​តាម​មន្ទីរ​ពេទ្យ​នីមួយៗ​តែ​ម្តង ​ដើម្បី​មាន​ភាព​ងាយស្រួល​ដល់​ជនរងគ្រោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684