ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​វិសាខា​អែ​ហ្វ​ស៊ី សរសើរ​កីឡាករ​យុវជន​ម្នាក់​ដែល​ទើបតែ​ចុះ​កុងត្រា​កាលពីពេល​ថ្មីៗ​

​ក្រុមបាល់ទាត់​វិសាខា​អែ​ហ្វ​ស៊ី សមាជិក​ថ្មី​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ​ ២០១៨ បានសរសើរ​ដល់​កីឡាករ​វ័យក្មេង​មួយ​គឺ សាន គឹម​ហេង ដែល​ទើបតែ​ចុះកិច្ចសន្យា​កាលពីពេល​ថ្មីៗ ក្រោយ​បង្ហាញខ្លួន​ទាំង​ប្រកួត ​និង​ហ្វឹកហាត់​ក្នុង​ក្រុម​បាន​មួយរយៈ ទោះបីជា​មិនទាន់​ចូល​លេង​ក្នុងប្រកួត​ផ្លូវការ​ក៏ដោយ​។​

​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្លិប​ជើងឯក​ពានរង្វាន់​លី​គ​លំដាប់​ទី​២ ​ឆ្នាំ​ ២០១៧ មួយ​នេះ​បញ្ជាក់ថា​ «សម្រាប់​ការប្រកួត​ដំបូងរបស់​កីឡាករ សាន គីមហេង ដែល​បាន​ចូលរួម​ជាមួយ​ក្លិប​វិសាខា ត្រឹមតែជាការ​ប្រកួត​មិត្តភាពដកស្រង់​ក៏ពិតមែន តែ​គាត់​បានបង្ហាញ​ពី​ការយល់ដឹង និង​សមត្ថភាពរបស់គាត់​បា​ន​យ៉ាង​ល្អ ដោយបាន​បង្កើត​ឱកាស​ទទួលបានបាល់​ពិន័យ​១១​ម៉ែត្រមួយគ្រាប់ បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុមមួយ​គ្រាប់ និង​បាន​ទាត់​ប​ញ្ជូ​ល​ទី​ឱ្យក្រុមខ្លួនបាន​មួយគ្រា​ប់ផងដែរ គាត់​គឺជា​កីឡាករ​វ័យ​ត្រឹមតែ ១៨​ ឆ្នាំ​តែប៉ុណ្ណោះ​។​

​កីឡាករ សាន គីមហេង ធ្លាប់ជា​យុវជន​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី ព្រមទាំង​ធ្លាប់​ជាប់​ឈ្មោះ​ក្នុងក្រុម​ជម្រើសជាតិ​កម្ពុជា​តាំងពី​យុវជន​ក្រោម​អាយុ​១៣​ឆ្នាំ (U13) ដល់ U18 កាលពី​ឆ្នាំ ​២០១៧ កន្លងទៅ​ផងដែរ​។ យ៉ាងណាក្តី​តំណាង​ក្លិប​មួយ​នេះ​បញ្ជាក់ថា ​កីឡាករ​រូបនេះ​នៅ​មិនទាន់​អាចដាក់ឱ្យ​ប្រកួត​ក្នុង​លី​គ​កំពូល​កម្ពុជា បាន​ភ្លាមៗ​នោះទេ ដោយ​ទុកឱ្យ​ហ្វឹកហាត់​ជាមួយ​ក្រុមមួយរយៈ​ពេល​សិន​ទើប​អាច​លេង​បាន ​ព្រោះ​ពួកគេ​សុទ្ធតែ​នៅ​ក្មេងខ្ចី​នៅឡើយ​។

​ក្រុម​វិសាខា ធ្លាប់បាន​បង្ហាញមុខ​កីឡាករ​ទាំងអស់​ក្នុងការ​ត្រៀម​រដូវ​កាល​ថ្មី​របស់ខ្លួន ​ដោយ​ក្នុងនោះមាន​អ្នកចាំទី កែវ សុខ​សិលា ពី​ភ្នំពេញ​ក្រោ​ន​, រស់ សំអឿន ពី​បឹងកេត​, ង៉​យ ស្រ៊ី​ន ពីណាហ្គា​វើ​ល ព្រមទាំង​កីឡាករ​កូរ៉េខាងជើង​៤ មាន​ខ្សែប្រយុទ្ធ Choe Myong-ho ខ្សែបម្រើ Kim Kyong-hun ខ្សែការពារ​កណ្ដាល Jang Song-hyok​ខ្សែប្រយុទ្ធ Ri Hyok-chol និង​ខ្សែបម្រើ Pak Song Chol​។ ចំណែក​កីឡាករ​ចាស់​មាន ជា វ៉ាន់​សាក់​, ស៊ិន សុផាន់​ណាត​, ទៀង ទី​នី​, ធឿន ស៊ុន​ហួរ​, នុត ស៊ីនួន​. ម៉ែន សីហា​, សុះ ហាំ​ប៉ាន់​, មាឃ ឆដា​រ៉ាវុធ​, ចិន វណ្ណៈ​, សាន្ត បូរ៉ា​, ម៉ាត់ សាក់​រើ​, សេន ឡេះ​, នៅ សុ​សិលា​, ខុន រស្មី​, អ៊ីវ វិមាណ​, សួន ឈុន​ឆេង​, អ៊ិន វិ​ច្ឆ័​យ​, នួន សុថា​ន​។​

​ក្រុម​វិសាខា បាន​បង្កើតឡើង​តាំងពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់ឯកឧត្ដម ស សុខា តំណាងរាស្ដ្រ​ខេត្តព្រៃវែង និង​ជា​អនុប្រធាន​សហព័ន្ធ​សហភាព​យុវជនកម្ពុជា​។ ​បច្ចុប្បន្ន​ក្លឹប​មាន​កីឡាករ​បាន ២៥​ នាក់​ សម្រាប់​ចូលរួម​លី​គ​លំដាប់​ទី​២ ​របស់​កម្ពុជាឆ្នាំនេះ​។ លោក ហុក សុចិ​ត្រា អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើរតួ​ធ្វើជា​អ្នកចាត់ការទូទៅ​របស់​ក្រុម ខណៈ​លោក ហុក សុ​ជីវ័ន ជា​ប្អូនប្រុស​បង្កើត​ធ្វើជា​គ្រូបង្វឹក​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684