ព័ត៍មានទាន់​ហេតុការណ៏
Search

ជុំ លី​ណូ បំផុស​ស្មារតី​យុវជន​ខ្មែរ​ ត្រូវ​ជៀស​ឲ្យ​ផុតពី​ការប្រើប្រាស់​គ្រឿងញៀន

​ភ្នំពេញ​ ៖​ ដោយ​សង្កេតឃើញ​សង្គម​ខ្មែរ​បច្ចុប្បន្ន​មាន​យុវវ័យ​មួយចំនួន​ កំពុងតែ​មានការ​ភ្លើតភ្លើនតាមរយៈ​ការ​ដើរលេង​ផឹកស៊ី​សប្បាយ ​រហូត​មាន​ខ្លះទៀត​បណ្តោយ​ខ្លួន​ឲ្យ​ធ្លាក់​ចូលក្នុងរណ្តៅ​នៃ​គ្រឿងញៀនបំផ្លាញ​អ​នា​គត​ខ្លួននោះ ​ក្នុង​នាមជា​តារាចម្រៀង​ លោក ជុំ លី​ណូ បានបញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន​ក្នុងន័យ​ដាស់​ស្មារតី​មហាជន​។​

​ជាក់ស្តែង​អតីត​តារាចម្រៀង​សាន់​ដេ​ លោក ជុំ លី​ណូ បាន​និយាយថា​ តាម​ដែល​ខ្ញុំ​ដឹង​វា​ (គ្រឿងញៀន​) គ្មាន​ប្រយោជន៍​អី​ទល់​តែ​សោះ​។ វា​មិនបាន​ជួយ​អី​ដល់​គ្រួសារ​ និង​សង្គម​ទេ​មានតែការវិនាស​នៅពេលដែល​យើង​ទៅ​ពាក់ព័ន្ធ​នឹង​វា។​ ងាយ​សេព តែ​វា​បំផ្លាញ​អនាគត​មនុស្សគ្រប់រូបភាព​ដែល​ចង់​សាក ​ចង់ដឹង​ សម្រាប់​ខ្ញុំ​គ្រឿងញៀន​ជា​បញ្ហា​ដ៏​ធំ​បំផុត​ក្នុងសង្គម​។​
​ខ្ញុំ​ឆ្ងល់​អ្នក​ប្រើ​ថ្នាំញៀន​ថា ​តើ​ថ្នាំហ្នឹងមាន​រសជាតិ​យ៉ាងម៉េច​? ហើយ​ឆ្ងាញ់​ដូច​បាយ​សម្ល​អត់​? ហើយនឹកឃើញ​យ៉ាងម៉េច​បាន​ប្រើ​វា ជក់​វា​? តើ​វា​មាន​ប្រយោជន៍​អី​ខ្លះ​? តើ​វា​ជួយ​ដល់​ក្រុមគ្រួសារ បងប្អូន សង្គមជាតិ ​បាន​អី​ខ្លះ ?​ ជួយ​ឆ្លើយ​ផង​បាទ សុំ​អង្វរ។​ នេះ​ជា​សំនួរ​សួរ​ចាក់​ដោត​អារម្មណ៍​ពីសំណាក់​លោក ជុំ លី​ណូ ចំពោះ​អ្នក​ដែល​ប្រើប្រាស់​គ្រឿងញៀន​។

​ជាការ​ពិតណាស់​ ចំពោះ​អ្នក​ដែល​ប្រើប្រាស់​គ្រឿងញៀន​មិន​ត្រឹមតែ​បង្ក​ផលប៉ះពាល់​លើផ្លូវ​ចិត្ត និង ផ្លូវកាយ​នោះទេ​ គ្រឿងញៀន​ក៏បាន​ធ្វើ​ឲ្យ​មាន​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ផងដែរចំពោះ​សន្តិសុខផ្ទាល់ខ្លួន ពីព្រោះ​អ្នក​សេព​គ្រឿងញៀន​អាច​ហ៊ាន​ប្រព្រឹត្ត​អំពើហិង្សា ចោរកម្ម ឧក្រិដ្ឋកម្ម​ អំពើ​មនុស្សឃាត ឬបំពាន​ផ្លូវច្បាប់​ដែល​អាច​ជាប់ពន្ធនាគារ ឬ​មាន​គ្រោះថ្នាក់​ផ្សេងៗ​ដល់​ជីវិត ដូចជា​គ្រោះថ្នាក់​ចរាចរណ៍ជាដើម​។

​សូមបញ្ជាក់ថា ​ស្របពេល​ជាមួយគ្នា​នៃ​ទីផ្សារ​សិល្បៈ​ចាប់ផ្តើម​មាន​សន្ទុះ​ឡើងវិញ​នេះដែរ តារាចម្រៀង​ប្រុស​ក្រមិចក្រមើម ​លោក ជុំ លី​ណូ ជា​បន្តបន្ទាប់​លោក​ក៏មាន​បទ​ចម្រៀង​ផ្ទាល់ខ្លួនជាច្រើន​បាន​បញ្ចេញ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម ដោយ​ក្នុងនោះក៏មាន​ជា​បទ Original song ផងដែរ​។ ម្យ៉ាងទៀត​ការ​គាំទ្រ ​និង​ប្រជាប្រិយភាព​របស់លោក ជុំ លី​ណូ ពេលនេះក៏កាន់​តែមាន​ភាពលេច​ធ្លោ​ជាង​មុន ទៀតផង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684