ព័ត៍មានទាន់​ហេតុការណ៏
Search

ទាហាន​ថៃ​ បាន​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ ២៧៤​ នាក់ ពេល​យក​កសិផល​ទៅ​លក់​ក្នុង​ផ្សារណាត់​ថៃ ក្នុងទឹកដី​ថៃ

បន្ទាយមានជ័យ​ ៖ នៅព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ​នៅ​ចំណុច​ភូមិ​សាម​សូន្យ ឃុំ​តាប់​ថៃ ស្រុកតាប់​ប្រា​យ៉ា ខេត្ត​ស្រះកែវ ប្រឈម​នឹង​ភូមិ​គោក​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​ យ៉ាងហោចណាស់​ពលរដ្ឋ​ខ្មែរ​ចាស់​ក្មេង​ ២៧៤ ​នាក់ ​ត្រូវបាន​ទាហាន​ប៉ា​រ៉ា​ថៃឃាត់ខ្លួន​រយៈពេល​ ៦ ​ម៉ោង និង​គោយន្ត​ ៤៩ ​គ្រឿង ក្រោម​បទចោទប្រកាន់​ថា​ ពលរ​ដ្ឋ​ខ្មែរទាំងនោះ​យក​ផលិតផល​ទៅ​លក់​លើ​ទឹកដី​ថៃ​ដោយ​គ្មាន​ការអនុញ្ញាត ​និង រំលោភ​កម្មសិទ្ធិបញ្ញាខុសច្បាប់​ ពេលដែល​ទាហាន​ថៃ​ទាំងនោះ​ ឃើញ​ពលរដ្ឋ​ដឹក​ជី​ជាច្រើន​កា​រុង​មក​ទឹកដីកម្ពុជា​វិញ​។​

ក្រុម​អ្នកភូមិ​ ដែល​ត្រូវបាន​ថៃ​ឃាត់​ទាំង​មនុស្ស​ និង​ គោយន្ត បាន​អះអាងថា ពួកគាត់​មិនបាន​យកផលិតផល​អ្វី​ទៅ​លក់​ដូច​ការចោទប្រកាន់​របស់​ទាហាន​ថៃ​នោះទេ គឺ​ពួកគាត់​យក​កសិផលដូចជា ​ផ្លែឈើ បន្លែបង្ការ ឪឡឹក ស្រូវ អង្ករ ផ្សេងៗ​យកទៅលក់​ក្នុង​ទឹកដី​ថៃ​តែប៉ុណ្ណោះ នៅពេល​លក់​អស់ពួកគាត់​បាន​ទិញ​សម្ភារៈផលិតផល​ផ្សេងៗ ​និង​ ជី​មួយចំនួន​យកមក​ដាក់​ស្រែ តែមិនទាន់​បានចេញ​ផុតពី​ទឹកដី​ថៃ​វិញ​ផង ត្រូវ​ទាហាន​ថៃ​មកឃាត់​តែម្តង ដោយ​ចោទប្រកាន់ថា ពួកគាត់​លួច​លក់ទំនិញ​ និង​ ផលិតផល​ខុសច្បាប់​។

នគរបាល​វរៈការពារ​ព្រំដែន​គោក​លេខ ​៨០៧ បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ថ្ងៃទី​១៣ ខែ​កុ​ម្ភៈ ឆ្នាំ ២០១៨ ​នេះ​ថា ពិតជា​មាន​ករណី​ទាហាន​ថៃ​ឃាត់ពល​រដ្ឋ​ខ្មែរ​ទាំងនោះមែន​ ហើយនៅវេលា​ម៉ោង​៦​ល្ងាច ត្រូវបាន​ទាហាន​ថៃ​ដោះលែង​ពលរដ្ឋ​ខ្មែរ​ចាស់​ក្មេង ​២៧៤​ នាក់​ ឲ្យ​ត្រឡប់មកវិញ​តាម​ច្រក​តំបន់​បឹង​ត្រកួន ក្រោយពី​កម្លាំង​នគរបាល​ការពារ​ព្រំដែន​លេខ​ ៨០៧ ឈរជើង​នៅក្នុង​ភូមិសាស្ត្រតាម​បន្ទាត់​ព្រំដែន​ស្រុក​ថ្មពួក និង​ទាហាន​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ថៃ បាន​ចូលទៅសម្របសម្រួល​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ថៃ និង​ទាហាន​ប៉ា​រ៉ា​ថៃ ថា​ប្រជាពលរដ្ឋ​ខ្មែរ​ដឹក​ជីចូលមក​ទឹកដី​ខ្មែរ​សម្រាប់​ប្រើប្រាស់​ដាក់​ស្រែ​ខ្លួនឯង​ប៉ុណ្ណោះ​ មិនបាន​ធ្វើ​អាជីវកម្ម​នោះទេ ទើបភាគី​ថៃ​ដោះលែង​បង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ គោយន្ត​មកវិញ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684