ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា ត្រូវការ​ថវិកា​ពី​៤​ទៅ​៥​លាន​ដុល្លារ ​ដើម្បី​សាងសង់​ទីលាន​តាម​សាលា​បាល់ទាត់​ទាំង​២៥​រាជធានី​-​ខេត្ត

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បានបញ្ចប់​គម្រោង​បង្កើត​សាលា​តម្រង់ទិស​កីឡាបាល់ទាត់ ២៥​រាជធានី​-​ខេត្ត ហើយ ប៉ុន្ដែ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ពិសេស​ទីលាន​នៅ​កំពុងតែ​ដំណើរការ​នោះ​ ដោយ​ត្រូវការ​ថវិកា​ប្រមាណ​ជា​៥​លាន​ដុល្លារ​អាមេរិក​ទើប​គ្រប់​ខ្ទង់ចំណាយ​។

លោក ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​លើក​ឡើង​ថា គម្រោង​បង្កើត​សាលា​បាល់ទាត់​ទូទាំង​២៥​រាជធានី​-​ខេត្ត បាន​បញ្ចប់​ហើយ នៅឡើយ​តែ​ការសាងសង់​ទីលាន និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ប៉ុណ្ណោះ​។ ជា​បណ្ដោះអាសន្ន​ពេលនេះ សហព័ន្ធ​ទើប​សាងសង់​ទីលាន​បាន​១​ប៉ុណ្ណោះ ស្ថិតនៅ​ខេត្ត​ត្បូងឃ្មុំ (​ក្នុង​វិទ្យាល័យ​ប៊ុន​រ៉ានី​ហ៊ុនសែន មេមត់​) ដែល​ចំណាយ​អស់​ជាង​១០​ម៉ឺន​ដុល្លារ​។ គម្រោង​សាងសង់​ទីលាន​ទី​២ កំពុង​ដំណើរការ​នៅ​លើ​ទឹកដី​ខេត្តស្វាយរៀង​។

លោក​បន្ត​ថា ​គោលដៅ​បន្ទាប់ របស់​សហព័ន្ធ​នឹង​ត្រូវ​បន្ដ​សាងសង់​ទីលាន​ឲ្យ​បាន​គ្រប់​ខេត្ត​ទាំង​អស់ ហើយ​ត្រូវការ​ចំណាយ​យ៉ាង​ធំធេង រហូតដល់​ទៅ​ខ្ទង់​៤ ទៅ ៥​លាន​ដុល្លារ ស្រប​ពេល​ក្នុង​មួយឆ្នាំ FIFA បាន​ផ្ដល់​ជំនួយ​លើ​គម្រោង​អភិវឌ្ឍន៍​មកដល់​កម្ពុជា​ប្រមាណ ១២៥០០០០​ដុល្លារ។

ការសាងសង់​នេះ​ គឺ​ធ្វើ​តែ​ទីលាន​ប៉ុណ្ណោះ ដោយ​មិនទាន់​គិត​ពី​កន្លែង​សម្រាប់​អង្គុយ​ទស្សនា និង​ភ្លឺ​បំភ្លឺ​នោះទេ។

​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពី​ឆ្នាំ​២០១៧ បាន​ដាក់​គោលដៅ​បង្កើត​សាលា​បាល់ទាត់​ឱ្យបាន​២៥​រាជធានី​-​ខេត្ត ដើម្បី​ស្វែងរក​កីឡាករ​ដែលមាន​ទេពកោសល្យ ត្រៀម​រៀបចំ​ទទួល​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ សាលា​នៅតាម​បណ្តា​ខេត្ត​នេះ​មាន​កម្មវិធី​ហ្វឹកហាត់​ដូច​សាលា​បាល់ទាត់​ជាតិ​បាទី ដែរ​តែ​ខុស​ត្រង់​រឿង​ស្នាក់នៅ និង​ហូបចុក តែប៉ុណ្ណោះ​។

​សូម​រំលឹក​ថា ​សហព័ន្ធ​បាន​បង្កើត​សាលា​បាល់ទាត់​ជាតិ ដំបូង​គេ​បង្អស់​គឺ​នៅ​បាទី ក្នុង​ខេត្តតាកែវ ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ចាប់​ដៃ​គ្នា​បង្កើតឡើង​ដើម្បី​បណ្តោះ​បណ្តាល​ធនធាន​កីឡាករ​និង​ជា​សាលា​គំរូ​មួយ​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ខាងមុខ​ផងដែរ គិត​ពី​ឆ្នាំ​២០១៤ មក​ម្ល៉េះ​។ ពេលនេះ​សាលា​មាន​បណ្តុះ​បណ្តាល​យុវជន​ចំនួន​២​ជំនាន់​គឺ​ក្រុម​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ ចំនួន​១​ជំនាន់ និង​ជំនាន់​យុវជន​ក្រោម​អាយុ​១៨​ឆ្នាំ (U-១៧)៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684