ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​អគ្គីសនី​កម្ពុជា ដាក់​គោលដៅ​២​ត្រៀម​រដូវ​កាល​ឆ្នាំ​២០១៨ ខាងមុខ

ក្រុមបាល់ទាត់​អគ្គីសនី​កម្ពុជា បានសម្រេច​គោលដៅ​របស់​ខ្លួន​ទាំង​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា កាលពី​រដូវ​កាល​ចាស់ ខណៈ​ក្លិប​បានដាក់​គោលដៅ​២​សំខាន់​ក្នុង​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៨ ខាងមុខ​ទោះបីជា​ក្លិប​មិនបាន​ប្រើប្រាស់​កីឡាករ​បរទេស​មកជួយ​ក្រុម​ក៏ដោយ​។

លោក ប្រាក់ វុទ្ធី ដែលជា​គ្រូបង្វឹក​ក្រុម​អគ្គីសនី​កម្ពុជា បាន​លើកឡើងថា​ កាលពី​រដូវ​កាល​មុន​គោលដៅ​របស់​ក្រុម​គឺថា​ទី​១ ធ្វើ​យ៉ាង​ណា​រក្សា​កៅអី​ឱ្យ​គង់នៅ​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ដោយ​មិន​ឲ្យ​ធ្លាក់​ទៅ​លី​គ​លំដាប់​ទី​២ និង​ទី​២ គឺ​ធ្វើយ៉ាងណា​ឡើង​ឱ្យដល់​វគ្គ​៨​ក្រុម​ចុងក្រោយ ប្រចាំ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១៧​នេះ​។ ជា​លទ្ធផល​ឃើញថា​ការប្រើប្រាស់​កីឡាករ​របស់​ខ្មែរ​សុទ្ធ​ពេញ​មួយ​រដូវ​កាល​ឆ្នាំ​២០១៧ ក្រុម​មួយ​នេះ​អាច​រក្សា​កៅអី​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា បាន​ព្រមទាំង​អាច​ឡើងដល់​វគ្គ​ពាកកណ្តាល​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១៧ ផងដែរ​ប៉ុន្តែ​ត្រូវ​ចាញ់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ក្នុង​វគ្គ​នេះ តែ​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​ប្រចាំ​រដូវ​កាល​ផងដែរ​ក្រោយ​ឈ្នះ​បឹងកេត ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី​៦​ទល់​៥ ក្រោយ​ស្មើគ្នា​១​ទល់​១ ក្នុង​ម៉ោង​ប្រកួត​ពេញ​។

​ចំណែក​រដូវ​កាល​ថ្មី​ខាងមុខនេះ​លោ​កថា​ ក្រុម​បាន​ដាក់​គោលដៅ «​ថ្នាក់ដឹកនាំ​អគ្គិសនី​កម្ពុជា​ចង់​ឲ្យ​ក្រុម​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​ពាន​សម្ដេច​តេ​ជោ ព្រោះ​លេង​តែ​កីឡាករ​ខ្មែរ​សុទ្ធ​ដូច​អ្វី​ដែល​ក្រុម​មាន​។ ចំណែក​ក្នុង​ពាន​លី​គ​វិញ គោលដៅ​របស់​យើង​គឺ​រក្សាខ្លួន​ឲ្យ​ល្អ និង ប្រឹង​ដើម្បី​បាន​ចំណាត់​ល្អ​ជាង​រដូវ​កាល​ចាស់​»​។

បុរស​ដែល​ជួយ​ឲ្យ​បឹងកេត​អង្គរ ឈ្នះ​ជើងឯក​ជា​លើកដំបូង​ប្រចាំឆ្នាំ​២០១២ នៅតែ​តាំងចិត្ត​ប្រើប្រាស់​កីឡាករ​បរទេស​នោះ​ទេ ក្នុង​រដូវ​កាល​ឆ្នាំ​២០១៨​ខាងមុខ​។ លោក​បន្ត​ថា «​យើង​ប្រើប្រាស់​ធនធាន​ក្នុងស្រុក ព្រោះ​ថ្នាក់ដឹកនាំ​នៅ​មិនទាន់​សម្រេចចិត្ត​ឲ្យ​យើង​យក​កីឡាករ​បរទេស ដោយ​ហេតុផល​គាត់​ចង់​ជួយ​ដល់​កីឡាករ​ខ្មែរ​យើង​មាន​ប្រាក់​បៀរ​វត្សរ៍​ ឬ​ ចង់​ឲ្យ​ពួកគេ​មានលទ្ធភាព​លេង​នៅក្នុង​លី​គ​បាន ទី​២ គាត់​ចង់​ដាក់​ឲ្យ​កីឡាករ​យុវជន​ចូល​លេង​ឲ្យបាន​ច្រើន ហើយ​យក​ថវិកា​ដែល​សម្រាប់​ចាយ​ទៅលើ​កីឡាករ​បរទេស​មក​ផ្គត់ផ្គង់​លើ​កីឡាករ​ខ្មែរ​វិញ​»។

យ៉ាង​ណា​ក្តី​លោក ប្រាក់ វុទ្ធី បាន​បង្ហើប​ដឹងថា ​ករណី​បើ​សិន​ជើង​ទី​១​មាន​បញ្ហា​ឬ​ក្រុម​ធ្លាក់​ទម្រង់​លោក នោះ​ថ្នាក់ដឹកនាំ​ក្លិប​នឹង​ពិចារណា​រថា​នឹង​បន្ថែម​កីឡាករ​បរទេស​ឬ​យ៉ាងណា តាម​ស្ថានភាព​ជាក់​ស្តែង​។ ប៉ុន្តែ​ជំហាន​ដំបូង​គឺ​ចង់​ឲ្យ​កីឡាករ​ខ្មែរ​ប្រឹងប្រែង​ឲ្យ​បាន​អស់ពី​លទ្ធភាព​សិន​។

ច្ចុប្បន្ន​ក្លិប​មួយ​នេះ ​បាន​ត្រៀម​រៀបចំ​កីឡដ្ឋាន​ផ្ទាល់ខ្លួន​នៅ​ម្ដុំ​ទួល​សង្កែ ក្នុង​រាជធានី​ភ្នំពេញ​។ ក្រោយ​ជោគជ័យ​គោលដៅ​នៅ​ឆ្នាំ​ដំបូង​នេះ ក្លិប​បាន​ដាក់​ដាក់​គោលដៅ​នឹង​ប្រជែង​យកពាន នៅ​ឆ្នាំ​២០២០ ខាងមុខ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684