ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ចុះ​កាត់​រុះរើ​សំយាប​ផ្ទះ ​ដែល​សង់​បំពាន​យក​ចិញ្ចើមផ្លូវ

ភ្នំពេញ ៖ អាជ្ញាធរ​មូលដ្ឋាន​តែងតែ​ណែនាំ​ជារឿយៗ​អំពី​ការសាងសង់​សំយាប​ផ្ទះ​ នៅ​តាម​បូរី​មួយ​ចំនួន​កុំ​ឲ្យ​សង់​រំលោភបំពាន​លយ​ចូល​មក​ចិញ្ចើម​ផ្លូវ​សាធារណៈ តែ​ដោយសារ​ការ​និយាយ​ស្ដាប់​គ្នា​មិនបាន​ពោល​គឺ​ប្រជាពលរដ្ឋ​ហាក់​មិន​យកចិត្តទុកដាក់​អនុវត្តន៍​ធ្វើតាម​នោះ​ទេ​ ទើប​ពេលនេះ​អាជ្ញា​ចម្រុះ​ថ្នាក់​ខណ្ឌ ​បាន​នាំ​គ្នា​ចុះទៅ​ក្នុង​គោលបំណង​កាត់​រុះរើ​ចេញ​តាម​ការណែនាំ​របស់​អាជ្ញាធរ​ក្រុង តែ​ទោះជា​យ៉ាងណា​ក៏​មិន​អាច​កាត់​រុះរើ​បាន​ដែរ​ដោយ​ពលរដ្ឋ​បាន​សំណូមពរ​ទុក​ឲ្យ​ពួកគាត់​កាត់​រុះរើ​ដោយ​ខ្លួនឯង​វិញ។

អាជ្ញាធរ​បាន​ចុះទៅ​កាត់​រុះរើ​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​១៣​ ខែ​កុម្ភៈ ​ឆ្នាំ២០១៨​ នៅ​ក្នុង​បុរី​លឹម​ឈាង​ហាក់​ ស្ថិតនៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

សមត្ថកិច្ច​បាន​និយាយ​ថា ​សំយាប​ផ្ទះមួយ​ចំនួន​នៅ​ក្នុង​បុរី​លឹម​ឈាង​ហាក់​នេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​សាងសង់​រំលោភ​លើ​ចំណី​ផ្លូវ​សាធារណៈ​យក​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន ​និង ​ដាក់​អីវ៉ាន់​របស់​ពួកគាត់​ធ្វើ​ឲ្យ​បាត់បង់​ចិញ្ចើម​ផ្លូវ​ដែល​ទុក​សម្រាប់​អ្នកដំណើរ​ថ្មើរជើង ដើម្បី​ថែរក្សា​ចិញ្ចើម​ផ្លូវ​ឲ្យ​មាន​សោភ័ណភាព​និង​ទុក​សម្រាប់​អ្នកដើរ​ដោយ​ថ្មើរជើង​នោះ​ទើប​អាជ្ញាធរ​ចុះ​កាត់​រុះរើ​ចេញ​មិន​ឲ្យ​មានការ​តាម​ចិត្ត​បែប​អនាធិបតេយ្យ​នោះឡើយ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយឡែក​ផ្ទះសំណាក់​មួយ​យីហោ​«​ដា​ណាវី​»​ក៏បាន​សាងសង់​សំយាប​ផ្ទះ​រំលោភ​មក​លើ​ចិញ្ចើម​ចំណី​ផ្លូវ​ដែរ នៅ​ពេល​កម្លាំង​ចម្រុះ​ចុះទៅ​រុះរើ​ប្រជាពលរដ្ឋ​បាន​សុំ​ឲ្យ​ទុក​ពេល​ដើម្បី​ឲ្យ​ពួកគាត់​រុះរើ​ដោយ​ខ្លួនឯង​វិញ។ បន្ទាប់ពី​មានការ​សំណូមពរ​បែបនេះ​អាជ្ញាធរ​ក៏បាន​សម្រេច​ទុក​ពេល​ជូន​ពួកគាត់​ក្នុង​ការ​អនុវត្ត​រយៈពេល​២៨​ថ្ងៃ​ក្នុង​ការ​រុះរើ​សំយាប​នេះ ​ចេញ​និង​បាន​ណែនាំ​កុំ​ឲ្យ​អ្នក​ដែល​មិនទាន់​សាងសង់ ​ឬ ​បម្រុង​សាងសង់​ត្រូវ​បញ្ឈប់​ជាបន្ទាន់​ ព្រោះ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​ឡើយ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684