ព័ត៍មានទាន់​ហេតុការណ៏
Search

អាវុធហត្ថ​រាជធានី បញ្ជូន​ចោរ​គាស់​ផ្ទះ​ម្នាក់ ទៅ​តុលាការ​ផ្ដន្ទាទោស

ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​នៃ​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ចោរ​គាស់​ផ្ទះ​ម្នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨។

មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ​ថា ចោរ​គាស់​ផ្ទះ រូប​នេះ មាន ឈ្មោះ មាស ដា​លី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ បាន​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ និង​លួច​ម៉ូតូ​ចំនួន ០២​គ្រឿង មាន ០១​គ្រឿង ម៉ាក CBR ពណ៌​ស ស្លាក​លេខ ភ្នំពេញ 1BV-5552 និង ០១​គ្រឿង​ទៀត ម៉ាក ហុងដា ស្កូពី ពណ៌​លឿង ស្លាក​លេខ ភ្នំពេញ 1CS-8647។

ចំណែក ជនរងគ្រោះ​ឈ្មោះ ជុំ សម្បត្តិ ភេទ​ប្រុស អាយុ៣១​ឆ្នាំ ​ត្រូវ​បាន​ជនសង្ស័យ​ខាងលើ​លួច កាលពី​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​១៦៨ ផ្លូវ​បេតុង ភូមិ​រោងចក្រ សង្កាត់ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ខណៈ​ពេល​ដែល​ជនរងគ្រោះ កំពុង​សម្រាក​លង់លក់ នៅក្នុង​ផ្ទះ​។

ក្រោយពេល​ឃាត់ខ្លួន​បាន ជនសង្ស័យ ខាងលើ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​អាវុធហត្ថ​ឲ្យ​ដឹង​ថា ករណី​ខាងលើ ខ្លួន​បានធ្វើ​សកម្មភាព ជាមួយ​បក្សពួក​ខ្លួន​ឈ្មោះ ធី (​រត់គេចខ្លួន​) ហើយ​រូបគេ​ទាំង ០២​នាក់ ទើបតែ​ស្គាល់គ្នា​បាន ០១​ខែ​ប៉ុណ្ណោះ​។ រហូតដល់​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៨និង០០​នាទី រូប​ខ្លួន និង​ឈ្មោះ ធី បាន​ជួប​គ្នា​នៅ​ម្តុំ​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់មក​រូបគេ​ទាំង ០២​នាក់ បាន​ជិះ​ម៉ូតូឌុប ទៅ​វត្ត​សំរោង​អណ្តែត ពេល​ទៅ​ដល់​ឈ្មោះ ធី បាន​ចូលទៅ​ក្នុងផ្ទះ​ជនរងគ្រោះ​ខាងលើ ដោយ​រូប​ខ្លួន ជា​អ្នក​ចាំ​មើល​ផ្លូវ នៅ​ខាងក្រៅ។

រហូតដល់​វេលា​រំលង​អធ្រាត្រ​ស្រាប់តែ​ឈ្មោះ ធី បាន​បណ្តើរ​ម៉ូតូ ០១​គ្រឿង ម៉ាក CBR គ្មាន​ស្លាក​លេខ មក​ឲ្យ​រូប​ខ្លួន​ជិះ បន្ទាប់មក​ឈ្មោះ ធី បាន​ដើរចូល​ក្នុង​ផ្ទះ​នោះ ម្តងទៀត និង​បាន​លួច​យក​ម៉ូតូ ០១​គ្រឿង​ទៀត ម៉ាក ស្គុ​ប​ពី ពណ៌​លឿង ដោយ​ឈ្មោះ ធី អ្នកជិះ បន្ទាប់មក​រូបគេ​ទាំង ០២នាក់ បាន​ជិះ​ម៉ូតូ​បែកផ្លូវ​គ្នា​រៀងៗ​ខ្លួន។

ក្រោយពី​បែកផ្លូវ​គ្នា ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក CBR នោះ ដើរលេង រហូតដល់​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ម៉ូតូ​ក៏​អស់​សាំង ខ្លួន​ក៏បាន​ចូល​ទៅ​ចាក់​សាំង​នៅ​ស្ថានីយ​ប្រេងឥន្ធនៈ​មួយកន្លែង​ក្បែរ​រង្វង់​មូល​ទួលគោក។ បន្ទាប់មក​ខ្លួន​បាន​ដើរចូល​ក្នុង​បន្ទប់ទឹក លុះ​ពេល​ចេញពី​បន្ទប់ទឹក​មកវិញ ស្រាប់​តែ​មាន​សមត្ថកិច្ច​អាវុធហត្ថ​មក​ឃាត់​រូប​ខ្លួន​តែម្តង។

ជនសង្ស័យ បាន​ប្រាប់​សមត្ថកិច្ច​អាវុធហត្ថ​ឲ្យ​ដឹង​ទៀត​ថា រូប​ខ្លួន​ធ្លាប់​ប្រើ​ប្រាស់​គ្រឿងញៀន ប្រភេទ​ម៉ា​ទឹកកក រយៈពេល ០១​ខែ កន្លង​មក​ហើយ ដោយ​ឈ្មោះ ធី ជា​អ្នកទិញ​យកមកប្រើ​ប្រាស់​ជាមួយគ្នា​តែម្ដង​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684