ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រមុខ​រាជរដ្ឋាភិបាល​ភ្ញាក់​ផ្អើល​ចំពោះ​មន្ត្រី​ ដែល​មិន​អនុវត្ត​ច្បាប់ ​តែ​បែរជា​នាំគ្នា​អនុវត្ត​តែ​បទបញ្ជា

ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សំដែង​ការ​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​មាន​បទបញ្ជា​របស់​សម្តេច​ឲ្យ​ចាប់​រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស​និង​ព្រមាន​ដកតំណែង​ចៅហ្វាយខេត្ត ចៅ​ហ្វា​ស្រុក​រួចមក សម​ត្ថ​កិច្ច​និង​អាជ្ញាធរ​តាម​បណ្តា​ខេត្ត​បាន​រកឃើញ​រថយន្ត​ត​ទ្រុង​រាប់ពាន់​គ្រឿង ដែល​ចំណុច​នេះ​បាន​ធ្វើ​ឲ្យ​សម្តេច​ដាក់​ចេញ​ជា​សំណួរ​សួរ​ខ្លួនឯង​ថា តើ​មន្ត្រី​របស់​សម្តេច​កំពុង​អនុវត្ត​ច្បាប់ ឬ អនុវត្ត​បទបញ្ជា ? បញ្ហា​នេះ​សម្តេច​បាន​ចាត់ទុកថា ជា​ចំណុច​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​ប្រព័ន្ធគ្រប់គ្រង​រដ្ឋ​មួយ។

ការសម្តែង​ការភ្ញាក់ផ្អើល​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ត្រូវបាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី ១៣ ខែកុម្ភៈ​នេះ បន្ទាប់ពី​សម្តេច​បានចេញ​បញ្ជា​ជាថ្មី​មិន​ឲ្យ​មាន​រថយន្ត​ត​ទ្រុង​ដឹក​លើស​ទម្ងន់​ចរាចរណ៍​នៅ​លើ​ផ្លូវថ្នល់។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា «​ខ្ញុំ​កំពុង​គិត​ថា តើ​មន្ត្រី​របស់​យើង​អនុវត្ត​ច្បាប់ ឬ អនុវត្តន៍​បទបញ្ជា​? ខ្ញុំ​កំពុង​ដាក់​សំណួរ​ខ្លួនឯង​ថា​មន្ត្រី​របស់​យើង​នេះ​អនុវត្ត​ច្បាប់ ឬ អនុវត្ត​បទបញ្ជា​។ ច្បាប់​មាន​ហើយ​មិន​ឲ្យ​ត​ទេ អា​ទ្រុង​ហ្នឹង ម៉េច​មិន​ព្រម​អនុវត្តន៍​ចាំ​ដល់​នាយករដ្ឋមន្ត្រី​បញ្ជា​បាន​នាំ​គ្នា​អនុវត្តន៍។ អា​ចំណុច​នេះ​គឺជា​ចំណុច​គ្រោះថ្នាក់​ណាស់​សម្រាប់​ប្រព័ន្ធគ្រប់គ្រង​មួយ មិនមែន​ឲ្យ​អស់លោក​អនុវត្តន៍​បញ្ជា​ទេ​គឺ​ឲ្យ​អស់លោក​អនុវត្តន៍​ច្បាប់​។ គ្រប់​ស្ថាប័ន​ទាំងអស់​តែ​មាន​ច្បាប់​ស្តីពី​ការ​បង្កើត​ស្ថាប័ន​រួចហើយ​មាន​អនុក្រឹត្យ​ស្តីពី​ការរៀបចំ​និង​ប្រព្រឹត្តទៅ​នៃ​ស្ថាប័ន​នោះ អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​អង្គភាព​អនុវត្ត​ច្បាប់​សុទ្ធ​តែមាន​តួនាទី​ដែល​កំណត់ដោយ​ច្បាប់ ប៉ុន្តែ​មិន​នាំគ្នា​អនុវត្ត​ច្បាប់​នោះទេ ចាំ​អនុវត្តន៍​បទបញ្ជា​នាយ​រដ្ឋមន្ត្រី​។ រឿងនេះ បើ​បន្ត​ទុក​ស្ថានភាព​បែបនេះ គឺ​អាក្រក់ វា​មិនគួរ​ឲ្យ​កើត​នូវ​ស្ថានភាព​បែបនេះ​ទេ​»​។​

ចំណុច​នេះ ត្រូវបាន​គេ​មើលឃើញថា ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​រដ្ឋាភិបាល​មាន​ភាព​ទន់ខ្សោយ​នៅឡើយ។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មើល​ឃើញ​ថា មន្ត្រី​ភាគច្រើន​រង់ចាំ​អនុវត្ត​បទបញ្ជា​ពីស​ម្ដេច​ជាង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ទៅវិញ។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​ទិដ្ឋភាព​ជាក់ស្ដែង​ដែល​មន្ត្រី​រដ្ឋាភិបាល​បិទ​ភ្នែក​ឲ្យ​ឡាន​កែច្នៃ​(​ត​ទ្រុង​)​ចរាចរណ៍​លើ​ដងផ្លូវ​នានា​ក្នុង​ទូទាំង​ប្រទេស​កម្ពុជា បើទោះបីថា​កន្លងមក​ច្បាប់​ក៏​មាន បទបញ្ជា​ក៏មាន​រួច​ម្តង​ហើយ មុនពេល​សម្ដេច​ចេញ​បញ្ជា​ឲ្យ​ចាត់វិធានការ​ជាថ្មីទៀត​។

​បន្ទាប់ពី​សម្តេច​ចេញ​បទបញ្ជា​ថ្មី​កាលពី​ថ្ងៃទី៩ ខែកុម្ភៈ កុំ​ឲ្យ​មាន​ឡាន​ត​ទ្រុង​ធ្វើ​ចរាចរណ៍​លើផ្លូវ​ជាតិ​នោះ សម្តេច​បាន​ឃើញ​ថា ​មាន​រថយន្ត​រាប់ពាន់​គ្រឿង​ត្រូវ​បាន​រក​ឃើញ​មាន​ត​ទ្រុង។

សម្តេច​បាន​បញ្ជា​ឲ្យ​កាត់ចោល​ទាំងអស់ ហើយ​ធ្វើ​ឲ្យ​ជាប់​រហូត។ សម្តេច​បន្ត​ថា បើ​យោង​តាម​របាយការណ៍​ពី​ខេត្ត​មក​នោះ គ្រាន់តែ ៥០០ គ្រឿង​រក​ឃើញ ២០០ គ្រឿង​ រួច​ទៅ​ហើយ ជា​រថយន្ត​ត​ទ្រុង​ដូចនេះ​នៅ​ទូទាំង​ប្រទេស​មិន​តិច​ជាង​ពាន់​គ្រឿង​ទេ។ ត្រូវ​បន្ត​កាត់​ទ្រុង និង បិទ​កន្លែង​ដែល​ត​ទ្រុង​ឡាន​នោះ​តែម្តង។ សម្តេច​បន្តថា ប្រសិន​គេ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ទៀងទាត់​នោះ​វា​មិន​មាន​រថយន្ត​ត​ទ្រុង​ច្រើន​បែបនេះ​ទេ តែដោយសារ​តែ​គេ​រង់ចាំ​អនុវត្តន៍​តាមតែ​បទបញ្ជា​ប៉ុណ្ណោះ ទើប​វា​បែបនេះ។ សម្តេច​បន្តទៀតថា ជាមួយនេះ​ក៏​នៅមាន​បញ្ហា​បទបញ្ជា​ដាក់​ចេញ​ហើយ​អនុវត្តបាន​តែមួយ​ភ្លែត​ក៏​ភ្លេច​ទៅវិញ​ទៀត នេះ​ជា​បញ្ហា​ដែល​ត្រូវ​ពង្រឹង​ឡើងវិញ​នូវ​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ទៀងទាត់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684