ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋ​មន្ដ្រី​កម្ពុជា​អបអរសាទរ​ចំពោះ​ទំនាក់ទំនង ​ដែល​ត្រូវបាន​កែលំអ​របស់​កូរ៉េ​ទាំងពីរ

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ បាន​សម្តែង​នូវ​ការអបអរសាទរ ជាមួយ​ទំនាក់ទំនង​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ ​ដែលជា​បងប្អូន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ដែល​ជា​សញ្ញា​មួយ​ដ៏​ល្អ​។ សម្តេច​តេ​ជោ​បានប្រកាស​គាំទ្រ​ទាំងស្រុង​ចំពោះ​កាយវិការ​និង​សកម្មភាព​ដែល​កូរ៉េ​ទាំងពីរ​កំពុង​ធ្វើ​ហើយ​សុំ​ឲ្យ​ប្រទេស​តូច​ធំ​ទាំងឡាយ​ទាំង​មហាអំណាច​និង​មិន​មហាអំណាច​ចូលរួម​អបអរសាទរ​ និង ​មិន​ត្រូវ​ញុះញង់​បង្ក​បញ្ហា​សម្រាប់​ទំនាក់ទំនង​ដ៏​ល្អ​នេះ​ទេ​។

សម្ដេចនាយក​រដ្ឋមន្ដ្រី​បានបង្ហាញ​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ចំពោះ​ភាពល្អូកល្អឺន នៃ​ទំនាក់ទំនង​របស់​ប្រទេស​កូរ៉េ​ទាំងពីរ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ក្នុងពេលដែល​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​វេ​ស្ទើ​ន​ជាង ៤​ពាន់​នាក់​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា «​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សូម​សម្តែង​នូវ​ការ​អបអរសាទរ​ជាមួយ​ទំនាក់ទំនង​ដែល​ត្រូវ​បាន​កែលំអ ទោះបី​បាន​ក្នុង​រយៈពេល​ខ្លី​ក៏ដោយ​ប្រសើរ​ជាង​ភាព​តានតឹង​។ នេះ​ជា​គោលជំហរ​ផ្លូវការ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ចំពោះ​សភាពការណ៍​ថ្មីៗ​នៅ​ឧបទ្វីប​កូរ៉េ​។ យើង​អបអរសាទរ​ជា​មួយនឹង​ទំនាក់ទំនង​ថ្មីៗ​ការ​ស្វះ​ស្វែងរក​ការសម្រុះសម្រួល​ថ្មីៗ​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​។ សង្ឃឹមថា​ប្រទេស​នានា នឹង​បន្ត​ការលើកទឹកចិត្ត​ឲ្យ​កូរ៉េ​ទាំងពីរ​អនុវត្ត​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការស្រុះស្រួល​កាត់បន្ថយ​នូវ​ភាព​តានតឹង»។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា សម្តេច​គួរតែ​និយាយ​បញ្ហា​ដ៏​ក្តៅគគុក​ដែល​ពិភពលោក​បាន​សម្ដែង​ការ​ព្រោះ​បារម្ភ នោះ​គឺ​បញ្ហា​នុយ​ក្លែ​អ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ កាលពី​ចុង​ឆ្នាំនេះ​កិច្ចប្រជុំ ជា​អន្តរជាតិ​ស្ទើរ​គ្រប់​វេទិកា​ទាំងអស់​បាន​ផ្តោត​សំខាន់​ទៅលើ​បញ្ហា​កូរ៉េខាងជើង។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃនេះ​យើង​ពិតជា​មានការ​លើកទឹកចិត្ត​មួយ​ដោយសារ​មេដឹកនាំ​កូរ៉េខាងត្បូង និង ខាងជើង ដែលជា​បងប្អូន​គ្នា​នេះ​គេ​រក​វិធី​សន្ទនា​ជាមួយគ្នា​ដែល​ខ្ញុំ​គិត​ថា ​ប្រទេស​ទាំង​អស់ទាំង​មហាអំណាច និង មិន​មហាអំណាច​ទេ​គួរតែ​ត្រូវ​អបអរសាទរ​លើកទឹកចិត្ត​ឲ្យ​កូរ៉េ​ទាំងពីរ​សហការ​គ្នា​។ ខ្ញុំ​ពិតជា​មានការ​ធុញទ្រាន់​និង​ទើសទាល់​ជាមួយ​ឥរិយាបថ​របស់​ប្រទេស​ខ្លះ​នៅពេលដែល​ឃើញ​ប្រទេស​កូរ៉េ​ទាំងពីរ​ត្រូវរ៉ូវ​គ្នា​បែរជា​សំដែង​ការមិនសប្បាយចិត្ត​ហើយ​ដាក់​គំនាប​បន្ថែម​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា នេះ​អាចជា​កាយវិការ​ស្វែងរក​ការស្រុះស្រួល​មួយ ដែល​បន្ធូរបន្ថយ​នូវ​ភាព​តានតឹង​នៅក្នុង​ឧបទ្វីប​កូរ៉េ​។ សង្ឃឹមថា​ដំណើរ​ផ្លូវ​នេះ​គឺជា​ដំណើរ​ផ្លូវ​មួយ​ដ៏​ល្អ​គួរតែ​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​បន្ត​នៅលើ​ផ្លូវ​នេះ​។

សូម​បញ្ជាក់​ថា ​ស្ថានភាព​ឧបទ្វីប​កូរ៉េ​ដែល​បាន​ឡើងក​ម្តៅ​ខ្លាំង​នៅ​ចុង​ឆ្នាំ​២០១៧ ហើយ​មាន​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​កំញើញ​គ្នា​ផង​ដែរ​។ ក៏ប៉ុន្តែ​សភាពការណ៍​តានតឹង​នេះ​ត្រូវបាន​ជំនួស​ដោយ​ភាព​ល្អូនល្អឺន​រវាង​មេដឹកនាំ​កូរ៉េខាងត្បូង និង កូរ៉េខាងជើង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​តាមរយៈ​នៃ​ការអញ្ជើញ​ចូលរួម​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងា​នៅ​កូរ៉េខាងត្បូង​។

កូរ៉េខាងជើង​បាន​បញ្ជូន​លោក គីម ជុង​ណា​ម ដែល​ជា​ជន​ទី​២ បន្ទាប់ពី​លោក គីម ជុង​អ៊ុន ប្រធានាធិបតី​កូរ៉េខាងជើង និង លោកស្រី គីម យូ​ចុង ប្អូនស្រី​របស់​លោក​គីម ជុង​អ៊ុន ទៅ​ចូលរួម​ក្នុង​ពិធី​នោះ។ ជា​មួយ​នេះ​លោក មូ​ន ជែ​អី​ន ប្រធានាធិបតី​កូរ៉េខាងត្បូង​ក៏បាន​ទទួល​ប្រតិភូ​កូរ៉េខាងជើង​យ៉ាង​កក់ក្តៅ និង បាន​ជួបពិភាក្សា​ជាមួយគ្នា​យ៉ាងច្រើន​ផងដែរ។

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ថ្ងៃទី​១២ ខែកុម្ភៈ​បាន​ជួប​ជាមួយ​ប្រតិភូ​កូរ៉េខាងជើង​ដែល​ទើប​ត្រឡប់​ពី​ការចូលរួម​ពិធី​បើក​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​កាលពី​ចុង​សប្ដាហ៍​មុន​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ផ្សាយ​ថា​លោក គីម ជុង​អ៊ុន បាន​ស្ដាប់​លទ្ធផល​ទស្សនកិច្ច​រប​ស់​ប្រតិភូ​ដែល​ដឹកនាំ​ប្រធានសភា គីម យ៉ុង​ណា​ម និង​ប្អូនស្រី​របស់ខ្លួន គីម យ៉ូ​ចុង​។ ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​ពេញចិត្ត​លទ្ធផល​នេះ​និង​សរសើរ​កូរ៉េខាងត្បូង​យ៉ាងខ្លាំង​។

បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន KCNA លោក គីម ជុង​អ៊ុន បាន​រំភើប​យ៉ាងខ្លាំង​នឹង​បដិសណ្ឋារកិច្ច​ជា​អាទិភាព​ចំពោះ​ប្រតិភូ​កូរ៉េខាងជើង​ពី​សំណាក់​ភាគី​កូរ៉េខាងត្បូង​ហើយ​លោក​សូម​អរគុណ​ចំពោះ​រឿងនេះ​។ នេះ​ជា​រឿង​កម្រ​បំផុត​ដែល​មេដឹកនាំ​កូរ៉េខាងជើង​និយាយ​លើកសរសើរ​ក្រុង​សេ​អ៊ូ​ល មិនបាច់​និយាយ​ដល់​ការ​អរគុណ​ផង​។ កន្លងមក​ក្រុង​ព្យុងយ៉ាង​តែង​ប្រើប្រាស់​ពាក្យពេចន៍​គំរាម​និង​រិះគន់​ក្រុង​សេ​អ៊ូ​ល​មិន​ឈប់ឈរ​ឡើយ​។

ជំនួប​រវាង​លោក គីម ជុង​ណា​ម​និង​ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង ជាមួយ​មេដឹកនាំ​កូរ៉េខាងត្បូង ប្រកបដោយ​ភាព​វិជ្ជមាន​ច្រើន​ទៅលើ​ការ​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។ សារលិខិត​ផ្ញើជូន​ប្រធានាធិបតី​កូរ៉េខាងត្បូង​តាមរយៈ​ប្អូនស្រី​របស់ខ្លួន​នោះ ប្រធានាធិបតី​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ថែមទាំង​បាន​អញ្ជើញលោក​ប្រធានាធិបតី មូ​ន ជែ​អ៊ីន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​ថែម​ទៀតផង។

ក្នុង​កិច្ចប្រជុំ​ដដែល​លោក គីម ជុង​អ៊ុន ក៏បាន​ដាក់​ចេញ​ផែនការ​ជំរុញ​ទំនាក់ទំនង​អន្តរ​កូរ៉េ​ដែល​កំពុងតែ​ប្រសើរ​ឡើង​ក្នុង​ពេល​បច្ចុប្បន្ននេះ និង​ណែនាំ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ចាត់វិធានការ​ជាក់ស្ដែង​ដើម្បី​រក្សា​ស្ថានភាព​បែបនេះ​។ លោក​អះអាង​ថា ​វា​ជា​រឿង​សំខាន់​ក្នុងការ​សម្រេច​បាន​លទ្ធផល​ល្អៗ​តាមរយៈ​ការ​ពង្រឹង​បរិយាកាស​ផ្សះផ្សា​និង​ការសន្ទនា​ដែលជា​ផ្លែផ្កា​នៃ​បំណង និង​ឆន្ទៈ​រួម​របស់​កូរ៉េខាងជើង និង​ខាងត្បូង។

តាមរយៈ​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ទីក្រុង​ព្យុង​ឆាង ទំនាក់ទំនង​អន្តរ​កូរ៉េ​បានល្អ​ប្រសើរ​ជាខ្លាំង​។ កូរ៉េខាងត្បូង​បានទទួល​ប្រតិភូ​កូរ៉េខាងជើង​ដិតដល់​បំផុត ព្រោះ​លោក គីម យ៉ុង​ណា​ម ជា​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​ដំបូង​គេ​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង ហើយ​វត្តមាន​លោកស្រី គីម យ៉ូ​ចុង ធ្វើ​ឲ្យ​លោកស្រី គឺជា​សាច់ញាតិ​សន្តិ​វង្ស​ត្រកូល គីម ទីមួយ ដែល​ជាន់​ទឹកដី​កូរ៉េខាងត្បូង ខណៈ​កូរ៉េ​ទាំងពីរ​ស្ថិតក្នុង​ស្ថានភាព​សង្គ្រាម​នៅឡើយ​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684