ព័ត៍មានទាន់​ហេតុការណ៏
Search

​ប្រមុខ​រាជរដ្ឋាភិបាល​ អំពាវនាវ​កុំ​ឲ្យ​ស្ត្រី​ខ្មែរ​ប្រគល់​ខ្លួន​ទៅ​ឲ្យ​បុរស​ក្នុង​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់

ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​អំពាវនាវ​ឲ្យ​យុវជន​ខ្មែរ​ប្រែក្លាយ​ថ្ងៃ Valentines Day ជា​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​ចំពោះ​ក្រុម​គ្រួសារ ,​ជា​ថ្ងៃ​ក្តី​ស្រឡាញ់​ចំពោះ​ឪពុក ម្តាយ , ជា​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​ចំពោះ ញាតិមិត្ត និង ជា​ថ្ងៃ​ស្រឡាញ់​ចំពោះ​ជាតិ និង ស្រឡាញ់​ចំពោះ​វប្បធម៌​។ ជាមួយនេះ​សម្តេច​ក៏បាន​អំពាវនាវ​ឲ្យ​យុវនារី​ទាំងអស់​កុំ​ប្រគល់​ខ្លួន​ទៅ​ឲ្យ​យុវជន​នៅក្នុង​ថ្ងៃនេះ​ឲ្យ​សោះ​។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ការ​អំពាវនាវ​បែបនេះ​កាលពី​ព្រឹក​ថ្ងៃទី១៣ ខែកុម្ភៈ គឺ​មុន​១​ថ្ងៃ​នៃ​ទិវា​នៃ​ក្ដី​ស្រលាញ់ ដែល​ភាសាបរទេស​ហៅថា (Valentines Day)​។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា «​ក្មួយៗ​អើយ​ថ្ងៃស្អែក​នេះ​គេ​ហៅ​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់ ថ្ងៃ​១៤ កុម្ភៈ​ស្អែក​នេះ​ហើយ​! អាណិត​ទៅ​អាហ្នឹង​មិនមែន​ទំនៀមទម្លាប់​ខ្មែរ​ទេ វា​ជា​ទំនៀមទម្លាប់​បរទេស។ ក៏​ប៉ុន្ដែ​យើង​មិនអាច​រារាំង​បានទេ ​តែ​សុំ​តែ​ម្យ៉ាង​ទេ​សូម​កុំ​ប្រគល់​ខ្លួន​ឲ្យ​បុរស​ណា​ទាំងអស់​ថ្ងៃ​ហ្នឹង​»​។

ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​បញ្ជាក់ដែរ​ថា ថ្ងៃ​១៤​កុម្ភៈ សម្រាប់​វប្បធម៌​បរទេស​ដែល​គេ​បង្ហាញ​ក្ដី​ស្រលាញ់​ឲ្យ​គ្នា​ទៅវិញទៅមក​មិនមែន​ជា​ថ្ងៃ​ប្រគល់​ខ្លួនប្រាណ​ឲ្យ​សង្សារ​នោះ​ទេ ហេតុនេះ​សម្ដេច​ថា ​សូម​ឲ្យ​យុវវ័យ​កម្ពុជា​កុំ​មានការ​ភ័ន្ដច្រឡំ​ឲ្យ​សោះ​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទាំងអស់ ​មិន​ថា​ចាស់ ឬ​ក្មេង​សូម​ឲ្យ​កែប្រែ​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​សម្រាប់​សង្សារ​មក​ជា​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​សម្រាប់​ឪពុកម្ដាយ សម្រាប់​ក្រុមគ្រួសារ សម្រាប់​សាច់ញាតិ សម្រាប់​ប្រទេសជាតិ និង​សម្រាប់​វប្បធម៌​កម្ពុជា​ជាដើម។

​នៅ​កម្ពុជា​ថ្វីបើ​មិនមែន​បុណ្យ​ប្រពៃណី​កម្ពុជា​ក៏​ពិតមែន​ប៉ុន្ដែ​បច្ចុប្បន្ន​យុវជន​ខ្មែរ​ហាក់​កំពុងតែ​ពេញនិយម​ជាមួយ​បុណ្យ​បរទេស​និង វប្បធម៌​បរទេស​។ ដោយ​មិន​យល់​ពី​អត្ថន័យ​ទិវា​នៃ​ក្តី​ស្រឡាញ់ យុវវ័យ​កម្ពុជា​បាន​ចាត់ទុកជា​ថ្ងៃបុណ្យ​សង្សារ ហើយ​មួយចំនួនធំ​បានធ្វើ​ការលះបង់​ខ្លួន​នៅថ្ងៃនេះ​ទៅ​ឲ្យ​ដៃគូ​របស់គេ ដែលជា​ការប្រព្រឹត្ត​ខុស​ចំពោះ​អត្ថន័យ​នៃ​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ និង​ការ​តែ​ខុស​ធ្ងន់​នោះ​គឺ​ខុស​ជាមួយ​ប្រពៃណី​ទំនៀម​ទម្លាប់​វប្បធម៌​ខ្មែរ​។

«Valentine’s Day ឬ ថ្ងៃបុណ្យ​នៃ​សេចក្តីស្រឡាញ់​»​ដែល​យុវវ័យ​មួយចំនួន​ហៅថា «​ថ្ងៃបុណ្យ​សង្សារ​»​ជា​ថ្ងៃ​ដែល​រៀបចំ​ដើម្បី​រំលឹក​ដល់​សេចក្តីស្រឡាញ់​របស់​បព្វជិត​ជនជាតិ​រ៉ូ​ម៉ាំ​ង ដែល​សុខចិត្ត​លះបង់​ជីវិត​ដើម្បី​ការពារ​សេចក្តីស្រឡាញ់។

ជា​ការ​កត់សំគាល់​ជា​រៀងរាល់​ឆ្នាំ​ទិវា​នៃ​ក្តី​ស្រឡាញ់​ដែល​មិនមែន​ជា​ប្រពៃណី​ពុទ្ធសាសនា​។ នៅ​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​នេះ ផ្កា​កូលាប និង​កាដូ​អនុស្សាវរីយ៍ ត្រូវ​បាន​ដាក់លក់ នៅក្នុង​ផ្សារ​ទំនើប តាម​ដង​វិថី ជិត​សាលារៀន និង​តាម​កន្លែង​ដែល​យុវវ័យ​និយម​ដើរ​កម្សាន្ត​មួយ​ចំនួន​។ នៅ​តាម​ភោជនីយដ្ឋាន​បរទេស​-​ខ្មែរ មួយ​ចំនួន​ធំ ក៏​មាន​សរសេរ និង​ដាក់​រូបភាព នៃ​ក្តី​ស្រឡាញ់ ព្រមទាំង​បន្ថែម​នៅលើ​ខិត្តប័ណ្ណ​ថា មានកម្ម​វិធី​ពិសេស សម្រាប់​គូសង្សារ និង​មនុស្ស​ជាទី​ស្រឡាញ់​ទៀតផង។ ក្នុង​នោះ​ក៏​មាន​ការ​ប្រគំ​តន្ត្រី ការ​លេង​ល្បែង​កម្សាន្ត​និង​សកម្មភាព​ផ្សេងទៀត​ក្រោម​ពាក្យ​តែមួយ​ថា​ថ្ងៃ​ដើម្បី​ក្តី​ស្រឡាញ់។

ឯកសារ​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា វ៉ា​ឡិន​ថា​ញ ដេ បាន​កើត​ចេញពី​ប្រពៃណី​គ្រិស្តសាសនា និង​សម័យ​រ៉ូម​បុរាណ​។ លោក វ៉ា​ឡិន​ថា​ញ ជា​បព្វជិត​ដ៏​ល្បីឈ្មោះ​ម្នាក់​ជនជាតិ​រ៉ូ​ម៉ាំង ដែល​បាន​បម្រើ​ព្រះ​ចៅ​អធិរាជ​រ៉ូ​ម៉ាំង​ទី​២ ឈ្មោះ ខ្លូត​ឌៀ​ស (Claudius) នៅក្នុង​សតវត្ស​ទី​៣​។ ព្រះ​ចៅ​អធិរាជ ខ្លូត​ឌៀ​ស បាន​ឈ្វេង​យល់​ឃើញ​ថា ទាហាន​ដែល​ពូកែ​ច្បាំង គឺជា​ទាហាន​ដែល​នៅ​លីវ​មិនទាន់​រៀបការ ដោយ​លោក​បាន​ចេញ​ច្បាប់​ហាមប្រាម​មិន​ឲ្យ​យុវវ័យ​រៀបការ ដោយ​តម្រូវ​ឲ្យ​ពួកគេ​ចូល​បម្រើកងទ័ព​សិន នៅ​ពេល​ប្រទេសជាតិ​ត្រូវការ​។ បព្វជិត វ៉ា​ឡិន​ថា​ញ យល់ថា ច្បាប់​នេះ​មាន​ភាព​អយុត្តិធម៌​ចំពោះ​មនុស្សលោក ហើយក៏​មិន​គោរព​តាម ដោយ​បាន​បន្ត​រៀបចំ​ពិធី​ផ្សំផ្គុំ​ប្រោះព្រំ​រៀបការ​ឲ្យ​បុរស​នារី​ក្មេងៗ​។ អធិរាជ ខ្លូត​ឌៀ​ស ជ្រាប​អំពី​ទង្វើ​បព្វជិត វ៉ា​ឡិន​ថា​ញ ក៏បាន​ចេញ​បញ្ជា​ឲ្យ​យក​បព្វជិត វ៉ា​ឡិន​ថា​ញ ទៅ​ដាក់គុក​អស់​មួយ​ជីវិត​។ ហើយ​រឿងរ៉ាវ​ផ្សេងទៀត លោក វ៉ា​ឡិន​ថា​ញ អាច​ត្រូវបាន​សម្លាប់ នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ដោយសារតែ​ការប៉ុនប៉ង​ជួយ​គ្រិស្ត​សាសនិក រត់​គេ​ត​ចេញពី​ពន្ធនាគារ ក្នុង​យុគសម័យ​រ៉ូម ដ៏​សាហាវ ជាទី​ដែល​ត្រូវ​វាយ​ធ្វើ​ទារុណកម្ម​។​ បន្ទាប់មក​មនុស្សម្នា​ជាច្រើន​បាន​កោតសរសើរ​ដល់​សេចក្ដីក្លាហាន​របស់លោក វ៉ា​ឡិន​ថា​ញ ដែល​ហ៊ាន​ប្រឆាំងនឹង​រាជបញ្ជា​របស់​ព្រះ​ចៅ​អធិរាជ ខ្លូត​ឌៀ​ស ដើម្បី​ជួយ​អោយ​គូស្នេហ៍​វ័យក្មេង​បាន​ស្រឡាញ់គ្នា​។ តាំងពី​ពេលនោះ​មក ថ្ងៃ​១៤ កុម្ភៈ ត្រូវបាន​គេ​ឧទ្ទិស​បូជា​សម្រាប់​សេចក្ដីស្រឡាញ់​។ មិនយូរប៉ុន្មាន​ថ្ងៃនោះ ត្រូវបាន​មនុស្ស​ទូទៅ​នាំគ្នា​ផ្ញើ​សារ​នៃ​សេចក្ដីស្រឡាញ់​ឲ្យ​គ្នា​ទៅវិញទៅមក ហើយ លោក វ៉ា​ឡិន​ថា​ញ បាន​ក្លាយ​ជា​និមិត្តរូប​នៃ​សេចក្ដីស្រឡាញ់​សម្រាប់​គូស្នេហ៍ បង្ហាញ​សេចក្ដីស្រឡាញ់​ទៅកាន់​មិត្ត​ភ័ក្ដិ និង​អ្នកជា​ទីស្រឡាញ់ ដោយ​ផ្ញើ​ពាក្យកាព្យ និង​កាដូ មានដូចជា​ផ្កា និង​វត្ថុ​ផ្សេងៗ​ជាដើម​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684