ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​ស៊ីន​ទ្រី​ជំពាក់​លុយ​ថ្លៃបង់​ទីលាន​ចាក់សំរាម​រាជធានី​ភ្នំពេញ​ជាង​២០​ម៉ឺន​ដុល្លារ ខណៈ​ប្រជាពលរដ្ឋ​ជំពាក់​ក្រុមហ៊ុន​ជាង​២០​លាន​ដុល្លារ​អាមេរិក

ភ្នំពេញ ​៖ ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីន​ទ្រី បាន​និង​កំពុង​ជំពាក់​លុយ​រាជធានី​ភ្នំពេញ​ថ្លៃ​បង់​ទីលាន​ចាក់សំរាម​នៅ​ខណ្ឌដង្កោ ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លារ ខណៈ​ដែល​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ជំពាក់​លុយ​ក្រុមហ៊ុន​ស៊ីន ទ្រី​វិញ​ជាង​២០​លាន​ដុល្លារ​អាមេរិក។

នេះ​បើ​តាម​ការ​លើកឡើង​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤៥​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​២​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុ​ម្ភៈ ឆ្នាំ២០១៨​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ។

សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា នៅ​តាម​ដង​ផ្លូវ​១​ចំនួន​នៅតែ​បន្សល់ទុក​គំនរ​សំរាម​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោ​ភណ​ភាព បរិស្ថាន និង​សុខុមាលភាព​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​។

ជា​មួយ​គ្នា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ស៊ីន​ទ្រី សហការ​ជាមួយ​អាជ្ញាធរ​សង្កាត់ ខណ្ឌ​ប្រមូល​សំរាម​ចេញ​ឲ្យ​អស់​តាម​មូលដ្ឋាន​ខ្លួន និង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ស៊ីន​ទ្រី បង់ថ្លៃ​ទីលាន​ចាក់សំរាម​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ​ដែល​មកដល់ពេលនេះ​ក្រុមហ៊ុន​ជំពាក់​ថ្លៃ​ទីលាន​ជាង​២០​ម៉ឺន​ដុល្លារ​អាមេរិក មិន​ព្រម​សង​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ។

ចំណែក​ក្រុមហ៊ុន​ស៊ីន​ទ្រី ឆ្លើយតប​វិញ​ថា ក្រុមហ៊ុន​អាច​បង់ថ្លៃ​ជំពាក់​ទីលាន​ចាក់សំរាម​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន តែ​ក៏​សុំ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជួយ​ទារ​ថ្លៃ​ប្រមូល​សំរាម​ដែល​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ជំពាក់​ក្រុមហ៊ុន​រហូតដល់​ជាង​២០​លាន​ដុល្លារ​អាមេរិក​។

ជាមួយគ្នា​នេះ ក្រុមហ៊ុន​ស៊ីន​ទ្រី​បាន​ត្អូញត្អែរ​ពី​ការ​រកស៊ី​ខាត​ជា​រៀងរាល់ខែ​ដោយសារ​ប្រជាពលរដ្ឋ​ជំពាក់​។ សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​អះអាងថា ពុំ​មាន​ប្រភព​ច្បាស់លាស់​ថា ក្រុមហ៊ុន​ស៊ីន​ទ្រី​រកស៊ី​ខាត​នោះទេ​ទាល់តែ​មានការ​ធ្វើ​សវនកម្ម​ត្រឹមត្រូវ មិនមែន​ក្រុមហ៊ុន​ចេះតែ​និយាយ​តែ​ខ្លួនឯង​នោះទេ​។​ កិច្ចប្រជុំ​នេះ ក៏មាន​ការចូលរួម​ពី​លោក ម៉ប់​សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​ផង​ដែរ​៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684