ព័ត៍មានទាន់​ហេតុការណ៏
Search

អង់គ្លេស​ សន្យា​ជួយ​រៀបចំ​កែលំអ​កម្មវិធី​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​កម្ពុជា

ភ្នំពេញ ​៖ ​រាជរដ្ឋាភិបាល​អង់គ្លេស​បាន​សន្យា​ថា ​នឹង​ជួយ​រៀបចំ​កែលំអ​កម្មវិធី​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​កម្ពុជា​ដើម្បី​ឲ្យ​វិស័យ​ដ៏​សំខាន់​មួយ​នេះ​មាន​ភាពល្អប្រសើរ​ថែមទៀត​។

ការសន្យា​របស់​លោក អេ​ដ​វ៉​ត វ៉ៃ​ហ្សី បេសកជន​ពិសេស​ផ្នែក​ពាណិជ្ជកម្ម​របស់​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស ប្រចាំ​កម្ពុជា ឡាវ និង​វៀតណាម នេះ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កាលពី​រសៀល​ថ្ងៃទី១២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​នៅ​ទីស្តីការក្រសួង​។

លោក អេ​ដ​វ៉​ត វ៉ៃ​ហ្សី បាន​លើក​ឡើង​ពី​កង្វះខាត​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​កម្មវិធី​បណ្ដុះបណ្ដាល​ក្នុង​វិស័យ TVET កម្ពុជា ហើយ​លោក​ក៏បាន​បង្ហាញ​ពី​ចូលរួម​ក្នុង​ការជួយ​រៀបចំ​ប្លង់​កម្មវិធី​បណ្ដុះបណ្ដាល​ជាមួយ​កម្ពុជា ដើម្បី​កែទម្រង់​កម្មវិធីសិក្សា​នេះ​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​ថែមទៀត​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក ពេ​ជ សោភ័ន​បាន​ពេញចិត្ត និង​ស្វាគមន៍​យ៉ាង​ខ្លាំង​ដោយ​លោក​បាន​ជម្រាប​ទៅកាន់​ភាគី​អង់គ្លេស​វិញ​ថា​ ការរៀបចំ​ប្លង់​នៃ​កម្មវិធីសិក្សា​ក្នុង​វិស័យ TVET នេះ ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​កម្មវិធីសិក្សា​នៃ TVET ទាំងអស់ អាច​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ក្នុងស្រុក និង​អន្តរជាតិ​ និង ​ដើម្បី​អាច​ឈាន​ពី​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០​ខាងមុខ​។

លោក​បាន​បន្ថែម​ថា ​ដើម្បី​សម្រេច​បាន​ទិសដៅ​ខាងលើនេះ​បាន​លុះត្រាតែ​កម្ពុជា​មានកម្ម​វិធី​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដែល​ប្រកបដោយ​ប្រសិទ្ធភាព និង​វិជ្ជាជីវៈ​ច្បាស់លាស់ សម្រាប់​យកទៅ​អភិវឌ្ឍន៍​ធនធានមនុស្ស ដែល​ជា​កម្លាំងចលករ​មួយ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​។

លោក​បាន​បន្ថែម​ថា ​រាជរដ្ឋាភិបាល​ដែលមាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជា​សេនាធិការ​បាន​អភិវឌ្ឍ​គោលនយោបាយ​សំខាន់ៗ​មួយ​ចំនួន​ដែល​គាំពារ​ដល់​វិស័យ TVET រួមមាន​៖* គោលនយោបាយ​ស្ដីពី​មុខរបរ និង​ការងារ ២០១៥-២០២៥​។​គោលនយោបាយ​ជាតិ​ស្ដីពី TVET ២០១៧-២០២៥​។​គោលនយោបាយ​ស្ដីពី​ការវាយតម្លៃ​ផ្អែកលើ​សមត្ថភាព និង​ការផ្ដល់​គុណវុឌ្ឍិ ក្រប​ខណ្ឌ​គុណវុឌ្ឍិ​ជាតិ​កម្ពុជា ប្រព័ន្ធ​វាយតម្លៃ​ផ្អែកលើ​សមត្ថភាព និង​ការផ្ដល់​គុណវុឌ្ឍិ​សម្រាប់​កម្ពុជា​និង​គោលនយោបាយ​ស្ដីពី​ការចុះ​កម្មសិក្សា​ជាដើម​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684