ព័ត៍មានទាន់​ហេតុការណ៏
Search

កុងស៊ី​នៅ​ឃ្លាំង​រំសេវ​ ទទួល​ទិញ​ផល​ចោរកម្ម​ មាន​ឥទ្ធិពល​លើ​ប៉ូលិស រួចខ្លួន​រហូត

ភ្នំពេញ ​៖ បន្ទាប់ពី​មាន​ករណី​ចាប់ខ្លួន​ជនល្មើស​ លួច​និង​ឆបោក​យក​ម៉ូតូ​អ្នកដទៃ​ជាច្រើន​គ្រឿង​ នៅ​ក្នុង​ខណ្ឌ​សែន​សុខ​ កាល​ពី​ពេល​ថ្មីៗ​នេះ ពួកគេ​បាន​សារភាពថា ​ម៉ូតូ​ទាំង​នោះ​ បាន​យក​ទៅ​លក់​ក្រោម​រូប​ភាព​ដាក់​បញ្ចាំ​នៅ​កុងស៊ី​មួយចំនួន​នៅ​ម្តុំ​ឃ្លាំង​រំសេវ ក្នុង​ខណ្ឌទួលគោក ប៉ុន្តែ​សមត្ថកិច្ច​មិន​ហ៊ាន​ចាប់ខ្លួន​ម្ចាស់​កុងស៊ី​ទាំង​នោះ​តាមច្បាប់​ទេ​ដោយ​ខ្សឹប​ថា ម្ចាស់​កុងស៊ី​ទាំងនោះ​មាន​ខ្នង​សុ​ទ្ធ​តែ​លោកធំ​…។

ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​ថ្មី បាន​ព្យាយាម​តាមដាន​រក​ឈ្មោះ​ម្ចាស់​”​ហាង​បញ្ចាំ​” ឬ ហៅថា “​កុងស៊ី​” តាមរយៈ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ដែល​បាន​កាន់​សំណុំ​​រឿង​ឯកសារ គ្រប់​រឿង​ដែល​បាន​ចាប់ខ្លួន​ចោរ​ឆបោក​លួច​ម៉ូតូ ឬ ជន​រំលោភ​លើ​សេចក្តីទុកចិត្ត​ដែល​ភាគច្រើន​សុំ​ខ្ចី​ម៉ូតូ​មិត្តភក្តិ​ជិះ​ទៅ​ទិញ​ម្ហូប​គ្រឿងក្លែម​មួយ​ភ្លែត​តែ​យក​ទៅ​បាត់​រហូត​នោះ ហើយ​ពេល​ម្ចាស់​ចាប់បាន​យកមក​ប្រគល់​ឲ្យ​ប៉ូលិស​គេ​តែង​បាន​សារភាព​ថា ម៉ូតូ​ដែល​ខ្លួន​បាន​លួច​និង​ឆបោក​នោះ បាន​យកទៅដាក់​បញ្ចាំ នៅ​កុងស៊ី​ម្តុំ​ឃ្លាំង​រំសេវ យក​លុយ​ចាយវាយ​អស់ហើយ​។

​ពេលខ្លះ​ប៉ូលិស​បាន​ទៅ​ដក​ហូត​យក​ម៉ូតូ​នោះ​បាន​មកវិញ​មក​ប្រគល់​ឲ្យ​ជន​រង​គ្រោះ ពេលខ្លះ​បរាជ័យ​ដោយសារ​ម្ចាស់​កុងស៊ី មាន​ខ្នងបង្អែក​ជា​លោកធំ​គ្រាន់តែ​ឮឈ្មោះ​ស្លុត​ស្មារតី​ខ្លាច​ធ្លាក់បុណ្យ​ស័ក្តិ​ខ្លួនឯង​។ ​ប៉ូលិស​ភាគច្រើន​គេច​មិន​ហ៊ាន​ឆ្លើយ​សំណួរ​អ្នកកាសែត​ពាក់​ព័​ន្ធករណី​នេះ ហើយក៏​មាន​ពេលខ្លះ​ប៉ូលិស​បាន​ថ្លៃ​សាំង ​កាហ្វេ​គុយទាវ​ពី​ម្ចាស់​កុងស៊ី​ល្មើសច្បាប់​ទាំង​នោះដែរ​នាពេល​កន្លងមក​។

ជាក់​ស្តែង​កាលពី​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ មានការ​ចាប់ខ្លួន​ជនជាប់ចោទ​ម្នាក់​ឈ្មោះ ម៉ុង ដា​រ៉ូ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ក្នុង​ករណី​ឆបោក​ម៉ូតូ​មិត្តភក្តិ​១​គ្រឿង​ម៉ាក​ ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ២០១៥ ពាក់​ស្លាក​លេខ ៨៥៦៦ ពី​មិត្តភក្តិ​របស់គេ​នៅ ចំណុច​ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​ជនល្មើស​បាន​សារភាព​ថា ម៉ូតូ​នោះ​ខ្លួន​បាន​យក​ទៅ​ដាក់​បញ្ចាំ​នៅ​ម្តុំ​ឃ្លាំង​រំសេវ​បាន​លុយ​ចំនួន៧០០​ដុល្លារ កាលពី​ថ្ងៃ​ទី​០៥ មុន​ពេល​ចាប់ខ្លួន​៣​ថ្ងៃ​។

ជនជាប់ចោទ​ត្រូវបាន​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ឡុង សុខ​ឡេង ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ តាម​ចាប់ខ្លួន​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគ​របាល​មូលដ្ឋាន​ចាត់ការ​តាមច្បាប់​។

ក្រោយ​ចាប់​ខ្លួន​បាន​២​ថ្ងៃ​ជនជាប់ចោទ​ត្រូវ​បាន​តុលាការ​ដោះលែង​នៅក្រៅ​ឃុំ​វិញ​ ហើយ​ជន​ជា​ម្ចាស់​ហាង​បញ្ចាំ​ក៏​មិន​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ទទួល​ផល​ចោរកម្ម​តាម​គតិ​ច្បាប់​ដែរ។

​លោក ហួរ ម៉េង​វ៉ាង អធិការ​នគរបាល​ខណ្ឌសែនសុខ បាន​មានប្រសាសន៍ថា ករណី​បែប​នេះ​លោក​បាន​បញ្ជូន​ទៅ​តុលាការ​អស់ហើយ លោក​មិនបាន​ដឹងថា ជន​សង្ស័យ​ត្រូវ​បាន​ដោះលែង​ឬ​យ៉ាងណា​នោះ​ទេ​។

កន្លងមក​កាលពី​ប៉ុន្មាន​ខែ​មុន​ថ្មីៗ​នេះ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិ​បាល​រាជធានី​ភ្នំពេញ បាន​ចេញ​បទបញ្ជា ឲ្យ​បង្ក្រាប​គ្រប់​ហាង​បញ្ចាំ ឬ​កុងស៊ី​ទាំងឡាយ​ណា​ដែល​ពាក់​ព័​ន្ធ​ទទួល​ផល​ចោរកម្ម ក្នុង​គោលបំណង​ដើម្បី​កាត់​បន្ថយ​អំពើចោរកម្ម​ផ្សេងៗ។

មន្ត្រី​ប៉ូលិស​ថ្នាក់ខ្ពស់​នៅ​ខណ្ឌ​សែន​សុខ​ម្នាក់​ ដែល​សុំ​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ត្អូញត្អែរថា យើង​ដឹង​ថា មាន​ហាង​បញ្ចាំ​មួយ​ចំនួន​នៅ​ឃ្លាំង​រំសេវ បាន​ទទួលផល​ចោរកម្ម ប៉ុន្តែ​យើង​មិនអាច​ចាប់ខ្លួន​ម្ចាស់​នោះ​បាន​ទេ​ ព្រោះ​សុ​ទ្ធ​តែ​ខ្សែ​លោកធំៗ​ដែល​វា​នឹង​នាំ​ឲ្យ​អន្តរាយ​ដល់​យើង​ធ្លាក់​បុណ្យស័ក្ដិ​ និង ​អត់​ការងារ​ធ្វើ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684