ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ឧបនាយករដ្ឋមន្ត្រី​កែ​ គឹមយ៉ាន បាន​ចូលរួម​សន្និបាត​សមាគម​មូលនិធិ​មនុស្ស​ចាស់​ខេត្ត​បន្ទាយមានជ័យ​

បន្ទាយមានជ័យ ៖ ព្រឹក ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​ នៅ​សាល​ប្រជុំ​ធំ​ក្នុង​សាលាខេត្ត​បន្ទាយមានជ័យ​បាន​បើក​កិច្ចប្រជុំ​សន្និបាត​សមាគម​មូលនិធិ​មនុស្ស​ខេត្ត​បន្ទាយ​មាន​ជ័យ​។ ពិធី​នេះ​មានការ​ចូលរួម លោក​ឧបនាយករដ្ឋមន្ត្រី​កែ​ គឹមយ៉ាន ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​បន្ទាយ​ជ័យ លោក ​សួន​ បវរ ​អភិបាលខេត្ត​បន្ទាយមានជ័យ អភិបាលរង​ខេត្ត មន្ត្រី​ប្រធាន​មន្ទីរ​គ្រប់​អង្គភាព​ព្រមទាំង​មនុស្ស​ចាស់​៨០០​នាក់​បាន​ចូលរួម​ផងដែរ​។​

ក្នុង​សន្និបាត​នោះ ​លោក​ឧបនាយករដ្ឋមន្ត្រី កែ​ គឹមយ៉ាន​ បាន​មានប្រសាសន៍​ទៅកាន់​អង្គប្រជុំ​ថា​ សមាគម​មនុស្ស​ចាស់​នេះ​បង្កើត​ឡើង​ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ចែក​ក្នុង​ជំពូក​៣ មាត្រា​៤២​ត្រង់​កថា​ខណ្ឌ​ទី​១​និង​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល សមាគម​នេះ​មាន​ឈ្មោះថា​ សមាគម​មូលនិធិ​មនុស្ស​ចាស់​ខេត្ត​បន្ទាយមានជ័យ​ដែល​មាន​ទីតាំងនៅ​តាមផ្លូវ​ភ្លោះ ស្ថិតក្នុង​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក​ឧបនាយករដ្ឋមន្ត្រី កែ​ គឹមយ៉ាន បាន​មានប្រសាសន៍​បញ្ជាក់ទៀត​ថា ​សមាគម​មូលនិធិ​មនុស្ស​ចាស់​ខេត្តបន្ទាយមានជ័យ​មាន​ចក្ខុវិស័យ​យ៉ាងសំខាន់​នៅក្នុង​ការចូលរួមចំណែក​ក្នុង​ការជួយ​សម្រាល​រំលែក​ទុក្ខលំបាក​របស់​មនុ​ស្សចា​ស់ ជន​ដែល​ងាយ​រងគ្រោះ ជួប​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅក្នុង​សហគមន៍​និង​ដោះស្រាយ​រាល់​សំណូមពរ​ជា​ចាំបាច់​បន្ទាន់​មួយចំនួន​នៅក្នុង​មូលដ្ឋាន សំដៅ​ចង់ឃើញ​មនុស្ស​នៅក្នុង​ខេត្ត​មាន​ជីវភាព​ល្អប្រសើរ សុ​វត្តិភាព សុខមាលភាព សេចក្តីថ្លៃថ្នូរ និង​សុខដុម​នីយកម្ម​នៅក្នុង​សហគមន៍​។

លោក​ឧបនាយករដ្ឋមន្ត្រី កែ​ គឹមយ៉ាន​បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា ​សមាគម​មូលនិធិ​មនុស្ស​ខេត្តបន្ទាយមានជ័យ​មាន​គោលបំណង​សំខាន់ៗ​គឺ​ចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ជួប​ការលំបាក សំដៅ​ដោះស្រាយ​រាល់​បញ្ហាលំបាកៗ​របស់​មនុស្ស​ចាស់​ចង​ជា​សម្ព័ន្ធ​សាមគ្គី​សម្រាប់​មនុស្ស​ចាស់​ជន​ដែល​ងាយ​រងគ្រោះ អ្នក​ដែលមាន​ការលំបាក​ក្នុង​ជីវភាព ដើម្បី​ទទួល​បាន​ការថែទាំ​សុខុមាលភាព ការថែទាំ​ផ្លូវចិត្ត និង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ដោយ​មិន​ទុក​ឲ្យ​មនុស្ស​ចាស់​ស្ថិត​នៅ​ក្នុង​ភាព​ឯក​កោរ​ឡើយ​។

លោក​ឧបនាយករដ្ឋមន្ត្រី កែ ​គឹមយ៉ាន​បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា ​សមាគម​មូលនិធិ​មនុស្ស​ខេត្តបន្ទាយមានជ័យ​គឺជា​សមាគម​អព្យាក្រឹត្យ​មិន​ស្វែងរក​ប្រាក់កម្រៃ​មិន​ប្រកាន់​ពូជសាសន៍ មិន​ប្រកាន់​សាសនា មិន​ប្រកាន់​និន្នាការ​នយោបាយ មិន​ធ្វើ​នយោបាយ មិន​ធ្វើ​ឧបករណ៍​របស់​គណបក្សនយោបាយ​ដោយ​មិន​ផ្តល់ សម្ភារៈ ហិរញ្ញវត្ថុ ធនធានមនុស្ស​ឲ្យ​ទៅ​ចូលរួម​នៅ​ក្នុង​សកម្មភាព​ទាំងឡាយ​ណា​ ដែល​គាំទ្រ​ដល់​គណបក្សនយោបាយ​ឬ​បេក្ខជន និង​អ្នក​គាំទ្រ​ណាមួយ​ឡើយ​។

នៅ​ចុង​បញ្ចប់​កម្ម​ពិធី​សប្បុរសជន​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​សមាគម​មូលនិធិ​មនុស្ស​ខេត្តបន្ទាយមានជ័យ ​មាន​ទឹកប្រាក់​ចំនួន​៥០.០០០​ដុល្លារ​ សម្រាប់​ទ្រទ្រង់​មនុស្ស​ទៅ​ថ្ងៃមុខ​ផងដែរ​ និង ​បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​កែ​ គឹមយ៉ាន​ជា​ទឹកប្រាក់​ចំនួន​១៥.៥៨៣​ដុល្លារ ​ហើយ​មនុស្ស​ចាស់​ដែល​បាន​ចូលរួម​ប្រមាណ ៨០០នាក់ ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា ២​ម៉ឺន​រៀល​ផង​ដែរ​៕

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684