ព័ត៍មានទាន់​ហេតុការណ៏
Search

ជំនួប​បើកឆាក​បឹងកេត ចាញ់​ខ្លាំង​នៅ​លី​គ​កំពូល​ប្រទេស​ហ្វីល​ពី​ន​រហូតដល់​៩-០

ក្លិប​បាល់ទាត់​បឹងកេត របស់​កម្ពុជា បាន​បរាជ័យ​យ៉ាង​ធ្ងន់​ក្នុង​ប្រកួត​បើកឆាក​ប្រចាំ​ពូ​ល​F របស់ខ្លួន​ប្រចាំ​ពានរង្វាន់ AFC Cup 2018​ដោយ​ថ្វី​ជើង​ម្ចាស់​ស្រុក Ceres-Negros របស់​ហ្វីលីពីន ដោយ​លទ្ធផល ៩​ទល់​០ នា​ល្ងាច​ថ្ងៃ​អង្គារ ទី​១៣​ខែកុម្ភៈ​ ឆ្នាំ​២០១៨ លើ​ទីលាន​កីឡដ្ឋាន Panaad Stadium ក្នុង​ទីក្រុង Bacolod City​។

គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​ម្ចាស់ផ្ទះ​Ceres-Negros រកបាន​ដោយ​កីឡាករ​T. Uesato នៅ​នាទី​ទី​១៥ ហើយ​កីឡាករ Bienve រកបាន​នៅ​នាទី​ទី​១៩ ខណៈ​T. Uesato បន្ថែម​គ្រាប់​បាល់​ទី​២​នៅ​នាទី​២២ ហើយ​កីឡាករ​Bienve បាន​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​បានសម្រេច​នៅ​នាទី​២៩ និង​កីឡាករ​J. Porteria បន្ថែម​គ្រាប់​បាល់​ទី​៥​នៅ​នាទី​៣១​មុន​ចប់​ការប្រកួត​។ ចូល​ដល់​តង់​ទី​២ កីឡាករ ស៊ុន សុវណ្ណ​រិទ្ធី បានធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​នៅ​នាទី​៥៨ ស្រប​ពេល​កីឡាករ​C. de Murga បន្ថែម​គ្រាប់​បាល់​ទី​៥​នៅ​នាទី​៦៤​។ កីឡាករ​Manuel Ott បា​នរក​គ្រាប់​បាល់​ទី​៨ នៅ​នាទី​៨១ និង​កីឡាករ​J. Porteria បន្ថែម​គ្រាប់​បាល់​ទី​៩​នៅ​នាទី​៨៥​។

ក្រុម​បឹងកេត ធ្វើដំណើរ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​លើក​នេះ​មាន​កីឡាករ​ចំនួន​១៥​នាក់​ប៉ុណ្ណោះ ដោយ​ត្រូវ​អវត្តមាន​កីឡាករ​សំខាន់ៗ​៣​រូប​រួមមាន​កីឡាករ Julius Oiboh, Samuel Ajayi មាន​បញ្ហា​ឯកសារ​ឆ្លងដែន និង​កីឡាករ សេត រ៉ូ​ហ្ស៊ី​ប មាន​បញ្ហា​របួស​។ ក្រោយ​បរាជ័យ​ក្នុង​ថ្ងៃ​បើកឆាក​នេះ​ក្រុម​បឹងកេត នឹង​ធ្វើ​ដំណើរ​មកដល់​មាតុភូមិ​វិញ​នៅ​ម៉ោង​១និង០៥​នាទី​រសៀល​ថ្ងៃ​សុក្រ ខាងមុខ ក្រោយ​បន្ត​ជើង​យន្តហោះ​៣​លើក​។

សូម​រំលឹក​ថា ​ពានរង្វាន់ AFC Cup 2018 ជា​ពានរង្វាន់​កម្រិត​ទាប​ជាង AFC Champion League 2018 ដោយមាន​ក្រុម​ចូលរួម​ចំនួន​៤៦​ក្រុម​មកពី​២៦​ប្រទេស ដោយ​ប្រកួត​ជម្រុះ​ពី​វគ្គ​ជម្រុះ​ដំបូង​, វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ​, វគ្គ​ចែក​ពូ​ល​, វគ្គ​ជម្រុះ​តាម​តំបន់ (​តំបន់​អាស៊ាន និង​ពាន​អាស៊ី​ខាងកើត​) វគ្គ​Knockout Stage (​វគ្គ​១៦​ក្រុម​ចុងក្រោយ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​)​។ ពានរង្វាន់​នេះ​ប្រកួត​ចាប់ពី​ថ្ងៃ​២២ ខែមករា ដល់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧​។ សម្រាប់​វគ្គ​ចែក​ពូ​ល​មាន​ក្រុម​ចំនួន​៣៦​គ្នា​ដែល​បែង​ចែកជា​ពូ​ល​៩​ដើម្បី​បន្ត​រក​ក្រុម​ខ្លាំង​ឡើងទៅ​វគ្គ​បន្ត​រហូតដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។

ចំណែក​វគ្គ​ជម្រុះ​ពូ​ល F នេះ​ចាប់ពី​ថ្ងៃ​ទី​១៣​ខែកុម្ភៈ ដល់​ថ្ងៃទី​២៥​ខែមេសា ឆ្នាំ​២០១៨ ហើយ​ក្រោយ​ប្រកួត​ចាញ់​ម្ចាស់ផ្ទះ​Ceres Negros ៩​ទល់​០ នេះ​ក្រុម​បឹងកេត ត្រូវ​បន្ត​ប្រកួត​នៅ​ថ្ងៃទី​២៧ កុម្ភៈ ទៀត​ដោយ​ជួប​ក្រុម​តំណាង​លី​គ​មី​យ៉ាន់​ម៉ា Shan United នៅ​ប្រទេស​កម្ពុជា ហើយ​នៅ​ថ្ងៃទី​៧ មីនា បឹងកេត ត្រូវ​បន្ត​ទទួល​ក្រុម Home United របស់​សិង្ហ​បុរី នៅ​ទឹកដី​របស់​ខ្លួន​មុន​បញ្ចប់​វគ្គ​ជម្រុះ​ជើង​ទី​១​ប្រចាំ​ពូ​ល​។​

​ចូល​ដល់​ជើង​ទី​២​វិញ​នៅ​ថ្ងៃ​ទី​១៣ ខែមីនា ក្រុម​បឹងកេត ធ្វើដំណើរ​ទៅ​ប៉ះ​ក្រុម Home United នៅ​សិង្ហ​បុរី ខណៈ​នៅ​ថ្ងៃទី​១១ ខែមេសា ត្រូវធ្វើ​ម្ចាស់ផ្ទះ​ទទួល​ក្រុម Ceres Negros របស់​ហ្វីលីពីន វិញ​ម្តង​និង​ចុងក្រោយ នៅ​ថ្ងៃ​២៥ ខែមេសា បឹងកេត​ប៉ះ​ក្រុម Shan United នៅ​មី​យ៉ាន់​ម៉ា ជា​ជំនួប​បិទ​ពូល។ ក្រោយ​ចប់​វគ្គ​ជម្រុះ​តាម​ពូ​ល ក្រុម​ខ្លាំង​ជាង​គេ​ចំនួន​២​ក្រុម​មាន​ក្រុម​មាន​កៅអី​ឡើង​ទៅ​លេង​វគ្គ​១៦ក្រុម​ចុង​ក្រោយ​ជាបន្ត​ជាមួយ​ក្រុម​មក​ពី​ខ្លាំង​មក​ពូល​ផ្សេងៗទៀត៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684