ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាតក​ អា​រក ស្ត្រី​ម្នាក់​សម្លាប់ចោល​នៅក្នុង​ព្រៃ​ក សង្ស័យ​ថា ចាប់​រំលោភ​ហើយ​សម្លាប់​ប្លន់​យក​គ្រឿងអលង្ការ

កំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​ឃាតក​អា​រក​សម្លាប់ចោល​ក្នុង​ព្រៃ នៅ​ចំណុច​ចម្ងាយ​ជាង​១០០​ម៉ែត្រ ​ពី​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​ស្ថិត​ក្នុង ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី។

ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល ​នៃ​ការ​ប្រទះឃើញ​សព​ស្ត្រី​រងគ្រោះ​រូប​នេះ បាន​កើត​ឡើង​នៅ​ម៉ោង ៧​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១២ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៧ បន្ទាប់ពី​ក្រុមគ្រួសារ​បាន​នាំ​គ្នា​ដើរ​រក​ពេញ​មួយថ្ងៃ​។

បុរស​ឈ្មោះ ហង្ស ស្រុង អាយុ​៤៤​ឆ្នាំ ​ជា​ឪពុក​បង្កើត​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា កូនស្រី​គាត់​មានឈ្មោះ ហ៊​ន ណាវី អាយុ​២០​ឆ្នាំ នាង​បាន​រៀបការ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ ជា ធី​ម៉ា​រ៉ាត់ អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​គ្រី ឃុំ​ព្រៃ​គ្រី​ ស្រុក​ជល​គី​រី ក្នុង​ឆ្នាំ​កន្លងទៅ ហើយ​បាន​កូន​មួយ​នៅក្នុង​ពេលនេះ​មាន​អាយុ​៦​ខែ​ហើយ។ បុរស​ខាងលើ​បាន​បន្ត​ថា កាល​ពីមួយ​សប្តាហ៍​មុន កូន​ប្រសារ​គាត់​ឈ្មោះ ជា ធី​ម៉ា​រ៉ាត់ បាន​ទាស់សំដី​ជាមួយ​គាត់ ហើយ​ក៏​រត់​ទៅផ្ទះ​គេ​នៅ​ភូមិ​ព្រៃ​គ្រី​បាត់ទៅ។ នៅ​ថ្ងៃ​កើតហេតុ ម៉ោង​ប្រមាណ៩​ព្រឹក ថ្ងៃ​ទី​១២ ខែ​កុម្ភៈ កូនស្រី​គាត់​បាន​ទុក​កូន​តូច​៦​ខែ ឲ្យ​ក្មួយ​មើល ដោយ​ប្រាប់​ថា ទៅផ្ទះ​យាយ​មួយ​ភ្លែត ហើយ​ក៏​ជិះ​ម៉ូតូ​ទៅផ្ទះ​យាយ ដែល​មាន​ចម្ងាយ​ជាង​១​គីឡូម៉ែត្រ​ពី​ផ្ទះ​គាត់ ពេល​ទៅ​ដល់​ផ្ទះ​យាយ កូនស្រី​គាត់ ក៏​បាន​ផ្ញើ​ម៉ូតូ​ជាមួយ​គេ រួច​ក៏​ជិះ​ទូក​ឆ្លងទន្លេ មក​ត្រើយម្ខាង ហើយ​ក៏បាត់​ខ្លួន​រហូត។

បុរស​ជា​ឪពុក​បាន​បញ្ជាក់​ថា នៅ​ម៉ោង​១១​ព្រឹក ពេល​គាត់​មកពី​ស្រែ​វិញ មិន​ឃើញ​កូនស្រី​ឃើញ​តែ​ចៅ​យំ ពេញ​ផ្ទះ ពេល​សួរ​ក្មួយ​ប្រាប់​ថា កូនស្រី​គាត់​ជិះ​ម៉ូតូ​ទៅផ្ទះ​យាយ មាន​គេ​ទូរ​ស័ព្ទ​មក​ហៅ​គាត់ ពេលនោះ​គាត់​ក៏​បាន​ទៅរក​នៅផ្ទះ​យាយ​ក៏​រក​មិន​ឃើញ ឃើញតែ​ម៉ូតូ និង​ពេល​ទូរ​ស័ព្ទ​ចូល តែ​គ្មាន​អ្នក​លើក​ទៀត ទើប​មានការ​សង្ស័យ នាំគ្នា​ដើរ​រក​ពេញ​មួយថ្ងៃ រហូតដល់​ម៉ោងជាង​៧​យប់​ ទើប​ប្រទះឃើញ​ស្លាប់​ឲ្យ​ត្រូវ​គេ​អា​រក។ ដោយ​នៅ​ជាប់​ខ្លួន​កូន​ស្ត្រី​គាត់ មាន​ខ្សែកមាស ៥​ជី កងដៃ​ប្លា​ទីន​១​តម្លឹង ក្រវិល​ប្លា​ទីន​១​ជី ចិញ្ចៀន​១​ជី និង​ប្រាក់​២០​ម៉ឺន​រៀល ផង​ដែរ​បាន​បាត់អស់។

នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុ​ម្ភៈ សមត្ថកិច្ច​បាន​ទៅពិនិត្យ​ធ្វើ​កោសល្យ​វិច័​យ​បាន​ឲ្យ​ដឹង​ថា នៅ​ជិត​សព​ស្ត្រី​រងគ្រោះ មាន​ទូរ​ស័ព្ទ​របស់​ស្ត្រី​រងគ្រោះ​មួយគ្រឿង កូនកាំបិត​ដង​លឿង​១។ ​ចំណែក​ស្ត្រី​រងគ្រោះ​ត្រូវ​ជន​ពុំ​ស្គាល់​មុខ​អា​រក សម្លាប់ និង​មាន​ស្នាម​ឈាម ក្នុង​ប្រដាប់​ភេទ អាច​ជា​ករណី​រំលោភ​ហើយ​សម្លាប់​ប្លន់​យក​គ្រឿងអលង្ការ និង​ប្រាក់​ទៀត​ផង។ សមត្ថកិច្ច​ក៏​បាន​សន្និដ្ឋាន​ទៀតថា ស្ត្រី​រងគ្រោះ​អាច​ត្រូវ​អ្នក​ជិតស្និទ្ធ ណា​ម្នាក់​ទូរ​ស័ព្ទ​ហៅ​មក​ឲ្យ​ជួប ទើប​នាង​ឆ្លងទន្លេ​ពី​ត្រើយម្ខាង​មក​ជួប ហើយ​ក៏​ត្រូវ​ជន​ដៃ​ដល់​ចាប់​រំលោភ​ហើយ​សម្លាប់ ប្លន់​យក​ទ្រព្យសម្បត្តិ​អស់។

ក្នុង​រឿង​នេះ ​បុរស​ជា​ប្តី ស្ត្រី​រងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​បណ្តោះអាសន្ន ដែល​ពេលនេះ​សមត្ថកិច្ច​កំពុង​សាកសួរ​យ៉ាង​យកចិត្តទុកដាក់។ ចំណែក​សព​ស្ត្រី​រងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ខ្មែរ​នៅ​ក្នុង​មូលដ្ឋាន៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684