ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​ការ​បរទេស​កម្ពុជា ច្រានចោល​ព័ត៌មាន​ដែល​ថា អាល្លឺម៉ង់​ព្យួរ​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា

ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក ជុំ សុន្ទរី បាន​ច្រានចោល​ព័ត៌មាន ដែល​ថា រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​ព្យួរ​ការផ្តល់​ទិដ្ឋាការ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​គ្រួសារ ក្នុង​ការ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អាល្លឺម៉ង់ ដោយ​អះអាង​ថា ក្រសួង​ពុំបាន​ទទួល​លិខិតផ្លូវការ​ណាមួយ​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់ ជុំវិញ​បញ្ហា​នេះ​ទេ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​លើកឡើង​បែបនេះ បន្ទាប់ពី​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ (​សរសេរ​ដោយ​ឈ្មោះ Leonie Kijewski) បានចេញ​ផ្សាយ​អត្ថបទ​មួយ​ថា អាល្លឺម៉ង់ បាន​ព្យួរ​ការផ្តល់​ទិដ្ឋាការ​អនុគ្រោះ​ចំពោះ​សមាជិក​រដ្ឋាភិបាល​កម្ពុ​ជា​។

ភ្នំពេញ​ប៉ុស្តិ៍​បាន​សរសេរ​ថា រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​ចាត់វិធានការ​មួយ​ចំនួន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ​ ដើម្បី​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​កែ​លម្អ​បរិយាកាស​នយោបាយ ក្នុងនោះ​ក៏​មាន​ការ​ព្យួរ​ការ​ផ្តល់​ទិដ្ឋាការ​អនុគ្រោះ​ចំពោះ​ការ​ធ្វើដំណើរ​ឯកជន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្រុមគ្រួសារ ព្រមទាំង​មន្ត្រី​យោធា​ជាន់ខ្ពស់ និង​ប្រធាន​តុលាការ​កំពូល​របស់​ក​ម្ពុ​ជា​ផងដែរ​។

ទាក់ទង​បញ្ហា​នេះ លោក ជុំ សុន្ទរី បាន​លើកឡើង​ថា រហូតមកដល់​ពេលនេះ ពុំ​មាន​លិខិតផ្លូវការ​ណាមួយ​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់ ជុំវិញ​ការព្យួរ​ទិដ្ឋាការ ចាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្រុមគ្រួសារ មន្ត្រី​យោធា​ជាន់ខ្ពស់ ព្រមទាំង​ប្រធាន​តុលាការ​កំពូល ដូច​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​នោះ​ទេ ហើយ​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា និង​អាល្លឺម៉ង់ ក៏​ពុំ​មាន​ភាពចម្រូងចម្រាស់​អ្វី​នោះដែរ។

តាម​លោក ជុំ សុន្ទរី រហូតមកដល់​ពេលនេះ ក៏​ពុំ​មាន​ការព្រមាន ឬ​ការ​ដាក់​សម្ពាធ​ណាមួយ ធ្វើឡើង​តាម​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា មកដល់​ក្រសួងការបរទេស ឬ​រដ្ឋាភិបាល​កម្ពុជា​នោះឡើយ​។ លោក​បញ្ជាក់​ថា មកដល់ពេលនេះ​មានតែ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​មួយ​គត់ ដែល​បាន​ចេញ​ប្រកាស​ជា​ផ្លូវ​ការ​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114