ព័ត៍មានទាន់​ហេតុការណ៏
Search

លោកជំទាវ​ ម៉ៅ​ ម៉ា​ល័យ​ កែ​គឹមយ៉ាន ​ចូលរួម​បើក​ការដ្ឋាន​ធ្វើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង៤.០០០​ម៉ែត្រ ​នៅ​ភូមិ​គោក​សំរោង

​បន្ទាយមានជ័យ​ ៖ ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨នេះ​ លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ​គឹមយ៉ាន ប្រធានកិត្តិយស​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ លោកជំទាវ សុង ផល្លី​ន ភ​រិយា​របស់លោក ​សួន ​បវរ និង​ក្រុមការងារ​ជាច្រើន​នាក់​ទៀត​ បាន​ចូល​បើ​ការដ្ឋាន​ផ្លូវក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ ដែលមាន​ប្រវែង ​៤.០០០​ ម៉ែត្រ ​ស្ថិតនៅ​ភូមិ​គោក​សំរោង​ខាងកើត ឃុំបន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោម​ការឧបត្ថម្ភ​ពី​លោកជំទាវ​ ម៉ៅ ​ម៉ា​ល័យ​ កែគឹមយ៉ាន​។​

​គួរ​បញ្ជាក់​ផងដែរ​ថា ​ផ្លូវមួយ​ខ្សែ​ដែល​ស្ថិតនៅ​ភូមិ​គោក​សំរោង​ខាងកើត ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ​នេះ ​ជាច្រើន​ឆ្នាំ​កន្លងមកហើយ​ពុំដែល​មា​ននរ​ណា​ចេញមុខ​មក​ជួសជុលនោះទេ ​ដោយសារតែ​ភ្លៀង​ហូរ​ច្រោះ និង​ដោយសារ​រថយន្ត​បែន​ដឹក​ដី​ធំៗ​បើក​បំផ្លាញ​ផ្លូវ​ ធ្វើឲ្យ​ផ្លូវ​នេះ​ក្លាយជា​ផ្លូវ​សំបុ​កមាន់​ខូច​ស្ទើរ​អស់ទាំង​ស្រុង​។​ ដោយសារ​តែមាន​សំណូមពរយ៉ាងទទូចរ​បស់​ប្រជា​រដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​នោះ ​សុំ​ឲ្យ​លោកជំទាវ​ ម៉ៅ​ ម៉ា​ល័យ ​កែគឹមយ៉ាន​ ជួយ​ជួសជុល​ផ្លូវ​មួយ​ខ្សែ​នេះ​ឡើងវិញ ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​នេះ​ធ្វើដំណើរទៅមក​បាន​ស្រួល​ផង​នោះ ​ទើប​លោកជំទាវ​យល់ព្រម​ថា​នឹង​ជួយ​ជួសជុល​ផ្លូវ​មួយខ្សែនេះឡើងវិញ​។​

លុះ​នៅ​ព្រឹក​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​២០១៨នេះ ​លោកជំទាវ​ ម៉ៅ​ ម៉ា​ល័យ ​កែ​គឹមយ៉ាន ​បាន​ចូលរួម​បើកការដ្ឋាន​ជួសជុល​ផ្លូវមួយ​ខ្សែ​នេះ​ឡើងវិញ​ ចំណាយ​អស់​ថ​វិការ​ជាច្រើន​ម៉ឺន​ដុល្លា​រ ដែលជា​ថវិការ​ផ្ទាល់​របស់លោក​ជំទាវ​តែម្តង ​ហើយ​ក្នុងការ​ជួសជុល​នោះ​​ប្រើ​គ្រឿងចក្រ​របស់​មន្ទីរសាធារណការ ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ ​ហើយ​ផ្លូវ​នេះ​ចាក់​គ្រួស​ក្រហម ដោយប្រើ​អស់​រយៈពេល​ប្រហែល​កន្លះ​ខែទើប​ត្រូវ​បញ្ចប់​ក្នុងការ​ជួសជុល​នោះ​តែម្តង​។

​ក្នុង​ការបើក​ការដ្ឋាន​ជួសជុល​ផ្លូវ​មួយខ្សែ​នោះ ​លោកជំទាវ​ ម៉ៅ​ ម៉ា​ល័យ​ កែ​គឹមយ៉ាន ​បានធ្វើការសំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​នោះ​ទាំងអស់ ​ក្រោយពី​ជួសជុល​ផ្លូវមួយខ្សែ​នេះ​រួចមក​បានល្អ​ហើយ ​ត្រូវ​ចេះ​ថែរក្សា​ផ្លូវ​នេះ​ឲ្យ​បានល្អ ​និង​ឲ្យ​បានយូរ​អង្វែង​ផង ​ព្រោះផ្លូវ​មួយខ្សែៗ​បើ​គិត​ជា​លុយ​វិញ​វា​ចំណាយ​អស់​ថវិកា​ច្រើនណាស់ ​ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវចេះ​ថែទាំ​ផ្លូវ​ដែលមាន​​ឲ្យ​បានល្អ​ផង​។

​ក្នុងនោះ​លោក​មេឃុំ​បន្ទាយ​ឆ្មា​ បាន​មានប្រសាសន៍ថា​ ក្នុងនាម​លោក​ជា​មេឃុំ​ លោក​តំណាង​ឲ្យប្រជាពលរដ្ឋនៅក្នុង​ភូមិ​គោក​សំរោង​ខាងកើត ​ទាំងអស់ ​សូម​ថ្លែងអំណរគុណ​ដល់​លោកជំទាវ​ ម៉ៅ ​ម៉ា​ល័យ​ យ៉ាង​ជ្រាលជ្រៅ​ ដែល​លោកជំទាវ​បាន​ចំណាយ​ទាំង​កម្លាំង​កាយ​ចិត្ត ទាំង​ថវិកា ទាំងអំណោយ ដែល​បាន​ជួយ​ជួសជុល​ផ្លូវ​មួយ​ខ្សែ​នេះ​ឡើងវិញ​ ដើម្បី​ទុកជា​ចំណងដៃ​ឲ្យប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ស្រែ​ល្អ​ នេះធ្វើដំណើរ​ទៅមក​បាន​ស្រួល​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114