ព័ត៍មានទាន់​ហេតុការណ៏
Search

ការដ្ឋាន​ស្ថាបនា​ស្ពាន​បេ​ឡេ​ឫស្សីកែវ ចំណុចឃ្លាំង​សាំង​ក្រុមហ៊ុន​សូ​គី​មិច​ សម្រេច​លទ្ធផល​បាន​ ៦០%​ ហើយ​

​ភ្នំពេញ​ ៖ ការដ្ឋាន​ស្ថាបនា​ស្ពាន​បេ​ឡេ​ឫស្សីកែវ ចំណុចឃ្លាំង​សាំង​ក្រុមហ៊ុន​សូ​គី​មិច សម្រេចលទ្ធផល​បាន ​៦០% ​ហើយ ខណៈដែល​ស្ពាន​នេះ​ត្រូវ​ប្រើប្រាស់​រយៈពេល​៦​ខែ ពោល គឺគម្រោង​នេះ​នឹងត្រូវ​បញ្ចប់​នៅមុន​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ ខណៈ​ស្ពាន​កម្ពុជា .​ជប៉ុនបាន​និង​កំពុង​ជួលជុល។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ​​បានអោយដឹងថា មកដល់ពេលនេះ ការដ្ឋាន​ស្ពាន​បេ​ឡេ​ឫស្សីកែវ សម្រេចបាន ៦០% ហើយ ដោយ​ក្នុងខណៈពេលនេះ ការដ្ឋាន​បាននិងកំពុង​ស្ទូច​ដំឡើង​គ្រោង​ដែក​តួ​ស្ពាន និង​កម្រាល​ស្ពាន​ឆ្លងកាត់ទន្លេសាប​។ ស្ពាន​នេះមាន​ប្រវែង៥០៦​ម៉ែត្រ ទទឹង១២​ម៉ែត្រ ត​ភ្ជាប់​ពីខណ្ឌឫស្សីកែវ មក​ខណ្ឌ​ជ្រោយចង្វារ សម្រាប់​ជួយ​បម្រើការ​ការដ្ឋាន​សាងសង់​ស្ពានបេតុង​អារ​មេ និង​ជួយ​សម្រួល​ចរាចរ​ន៍ដែល​កំពុង​កក​ស្ទះ​នៅ​ស្ពាន​ជ្រោយចង្វារ ដែល​កំពុង​ដំណើរការ​ជួសជុល​។

ក្រុមការងារ​ការដ្ឋាន សូម​ស្នើ​ដល់​ម្ចាស់​ជលយាន​យន្ត​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ទីតាំង​ការដ្ឋាន សូមមេត្តា​បើកបរ​ជលយាន​យន្ត​បន្ថយល្បឿន​ឱ្យបាន​យឺត​បំផុត ដើម្បី​កាត់បន្ថយ​ទឹក​រលក និង​យកចិត្តទុកដាក់​ខ្ពស់​ពី​សុវត្ថិភាព​ការដ្ឋាន​។

​គួរ​រំលឹក​ផងដែរ​ថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧ បាន​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់ស្ពានបេតុង​មួយ​ខ្សែស្រប​ជាមួយ​ស្ពាន​បា​ឡេ​នេះ​។​

បើតាម​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​ឲ្យ​ដឹងថា ស្ពានបេតុង​ដែល​គ្រោង​ស្ថាបនានៅ​អម​ជាមួយ​ស្ពានបា​ឡេ​នេះ មាន​ប្រវែង​៩២២​ម៉ែត្រ ទទឹង​២០,៥​ម៉ែត្រ​។ ចិញ្ចើម​ស្ពាន​សម្រាប់​ថ្មើរជើងមាន​ទទឹង១,២៥​ម៉ែត្រ​ សងខាង​, កម្ពស់​សសរ​ស្ពាន​សម្រាប់​ព្យួរ​ខ្សែកាប ធៀប​នឹង​កម្រាល​ស្ពាន​៣៤​ម៉ែត្រ សសរ​សម្រាប់​ព្យួរ​ខ្សែកាបមាន​សសរ​ចំនួន​ ៤, គន្លង​ខ្សែ​យានយន្ត​ទទឹង​៣.៧៥​ម៉ែត្រ​, គន្លង​ធ្វើចរាចរ២​ខ្សែ​ទៅ ​២​ខ្សែ​មក​, កម្ពស់​នាវាចរណ៍​ក្រោម​ស្ពាន​អតិបរមានៅ​រដូវវស្សា​១០.៥​ម៉ែត្រ​, កម្ពស់នាវាចរណ៍​ក្រោម​ស្ពាន​អប្បបរមា នៅ​រដូវប្រាំង​២០.៥​ម៉ែត្រ បំពាក់​បង្គោល​ភ្លើង​បំភ្លឺ និង​ដាក់ស្លាក​សញ្ញា​ចរាចរណ៍​ផងដែរ​។

​ស្ពាន​នេះមាន​តួនាទី​សំខាន់ណាស់ ​ក្នុងការ​រួមចំណែក​រំដោះ​ចរាចរ​ណ៍លើផ្លូវ​ជាតិ​លេខ​៦ និង​ផ្លូវជាតិលេខ​៥ ក៏ដូចជា​ច្រកចេញចូល​រាជធានី​ភ្នំពេញ និង​ជា​សមិទ្ធផល​ថ្មី​មួយទៀត ជា​ចំណងដៃសម្រាប់​រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ​ដែល​បាន​ឆ្លងកាត់​ស្ពាន ក៏​ដូច​បង្កើនសរសៃឈាម​សេដ្ឋកិច្ចត​ភ្ជាប់​ពី​បណ្តា​ខេត្តមក​រាជធានី​ភ្នំពេញ និង​ពី​រាជធានី​ភ្នំពេញ ទៅតាមណ្តា​ខេត្ត​ផងដែរ ក្រោម​អនុសាសន៍របស់​សម្តេចតេ​ជោ ហ៊ុន សែន​៕​