ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងការបរទេស​ ៖​ ការ​ប្រកួតប្រជែង​ដណ្តើម​ឥទ្ធិពល​របស់​មហាអំណាច បាន​ធ្វើឱ្យ​កម្ពុជា​ប្រឈម​នឹង​ស្ថានភាព​ប្រទាញប្រទង់ និង​ប៉ះពាល់​ដល់​ស្ថិរភាព​របស់​ប្រទេស

​ភ្នំពេញ ​៖​ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លើកឡើង​បែបនេះ​ នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ​២០១៨ របស់​ក្រសួង កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨។

របាយ​ការ​ណ៍ដែល​លើកឡើង​ដោយ​លោក អ៊ុច បូរ​រិ​ទ្ធិ រដ្ឋលេខាធិការ​ក្រសួងការបរទេស​ស្តីពីសមិទ្ធផល​ដែល​ក្រសួងការបរទេស​សម្រេច​បាន​ក្នុង​ឆ្នាំ​ ២០១៧ បាន​ឲ្យ​ដឹងថា អស់​រយៈ​មួយឆ្នាំកន្លងមកហើយ ព្យុះ​នយោបាយ​ដ៏​ឃោរឃៅ​បង្កឡើង​ដោយ​ប្រទេស​មហាអំណាច និង​សម្ព័ន្ធមិត្ត​លោក​ខាងលិច​មួយចំនួន បាននិងកំពុង​បក់​បោក​យ៉ាង​ខ្លាំងក្លា​មក​លើ​ទឹកដី​មាតុភូមិ​កម្ពុជា សំដៅ​បំផ្លិចបំផ្លាញ​សន្តិភាព ស្ថិរភាព បង្ក​ភាព​ចលាចល​ក្នុង​សង្គមជាតិ សំដៅ​ចាប់​បង្ខំ​រាជរដ្ឋាភិបាល​ឲ្យ​ដើរ​តាម​គន្លង​នយោបាយ​របស់​ពួកគេ តាមរយៈ​ជន​លក់​ឧត្ដមគតិ​ជាតិ​បម្រើ​ផលប្រយោជន៍​ឱ្យ​បរទេស។

ស្ថិតនៅ​ចំពោះ​មុខ​ប្រកបដោយ​គ្រោះថ្នាក់​ចំពោះ​សង្គមជាតិ​បែបនេះ ​ក្រោម​ការ​ចង្អុលបង្ហាញ​ប្រកបដោយ​គតិបណ្ឌិត​របស់​ស​ម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន និងក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​ទស្សនវិស័យ​ទូលំទូលាយ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ផលប្រយោជន៍​ជាតិ​របស់​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន​ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក គ្រប់​ស្រទាប់​ជាន់ថ្នាក់​ ទាំង​នៅ​ក្នុង​ក្រសួង ទាំង​កំពុង​បំពេញបេសកកម្ម​នៅ​បរទេស បាន​ខិត​ខំប្រឹងប្រែង​ពុះពារជម្នះ​រាល់​ការលំបាក និង​ឧបសគ្គ​នានា ធ្វើឱ្យ​សម្រេចបាន​នូវ​សមិទ្ធផល​ដ៏ច្រើន​គួរ​ជាទី​មោទនៈ​។

របាយការណ៍​នោះ​បញ្ជាក់​ដែរ​ថា គិត​ចាប់តាំង​ពី​លោក​ទេសរដ្ឋមន្ត្រី បាន​អញ្ជើញ​ចូល​មក​ដឹកនាំ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​អស់​រយៈពេល​ជិត​២​ឆ្នាំ គោល​នយោបាយកំណែទម្រង់​ដែល​មាន​ការដ្ឋាន​ចំនួន​៣ គឺ​ ទី​១ ការដ្ឋាន​សំណង់​រូបវន្ត ទី​២ ការដ្ឋាន​កំណែទម្រង់​ស្ថាប័ន និង​រចនាសម្ព័ន្ធ និង​ ទី​៣ ការដ្ឋាន​កំណែទម្រង់​លើ​វិស័យ​ធនធាន​មនុស្ស និង​ហិរញ្ញវត្ថុ បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​សំខាន់​ជា​អាទិភាព​ខ្ពស់​បំផុត របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ក្នុងទិសដៅ​ជំរុញ បង្កើន​ប្រសិទ្ធភាព​ការងារ​ការទូត​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ជាបន្ទាន់ ក្នុងការ​ប្រឈម​ទៅ​នឹង​សភាព​ការវិវត្តន៍​ដ៏​ឆាប់រហ័ស​នៃ​សភាព​ការ​ពិភពលោក និង​ការ​ការពារ​ផលប្រយោជន៍​ប្រទេសជាតិ​នៅ​លើ​ឆាក​អន្តរជាតិ។

ដោយមាន​ការ​គាំទ្រ​យ៉ាងខ្លាំង​ក្លា​ពី​ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្រសួង​បាន​សាងសង់​អគារ​វិទ្យាស្ថាន​ជាតិ​ទំនាក់ទំនង​ការទូត និង​សិក្សា​អន្តរជាតិ និង​ការិយាល័យ​បន្ថែម ដើម្បី​បំពេញ​តម្រូវការ​នៃ​ភារកិច្ច​ថ្មីៗ​ស្របតាម​ស្មារតី​នៃ​កំណែទម្រង់​ស្ថាប័ន ក៏ដូចជា​រចនា​សម្ព័ន្ធក្រសួង​។ ជា​លទ្ធផល​ពោ​ពេញ​ដោយ​ក្តី​មោទនៈ​ និង​សោមនស្សនៅ​ថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅនេះក្រសួង​បាន​សម្ពោធ​ជា​ផ្លូវការ​នូវ​សំណង់​អគារ​ថ្មី​ទាំងនេះ​។

​ទាក់ទង​ការងារ​ការទូត​របាយ​ការ​ណ៍​នេះ​បាន​លើកឡើងថា ការវិវត្តន៍​ភូមិសាស្ត្រ​នយោបាយបង្កឡើង​ដោយ​ការប្រែប្រួល​តុល្យភាព​កម្លាំង និង​ការប្រកួតប្រជែង​ដណ្តើម​ឥទ្ធិពលរបស់​មហាអំណាច​ក្នុង​តំបន់ និង​ពិភពលោក បានធ្វើឱ្យ​ប្រទេស​កម្ពុជា​ប្រឈម​នឹង​ស្ថានភាពប្រទាញប្រទង់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព សន្តិភាព និង​សន្តិសុខប្រទេសជាតិ​។ ដើម្បី​សម្រេច​មហិច្ឆតា​នយោបាយ​របស់ខ្លួន ប្រទេស​មហា​អំណាច និង​លោកខាងលិច​មួយចំនួនមិនញញើតនឹង​ជាន់ឈ្លីនឹង​ជើង ​នូវ​សន្តិភាព ស្ថេរភាព ដែល​ប្រជាជន និង​រាជរដ្ឋាភិបាលកម្ពុជា​បានទទួល​ដោយ​លំបាក តាមរយៈ​ការអនុវត្ត​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា សំដៅបំពុលបរិយាកាស​នយោបាយ​ទាំង​ក្នុង និង​ក្រៅប្រទេស អុជអាល​បំបែកបំបាក់​សង្គមជាតិជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ក្រោមរូបភាព “​ការគោរព​សិទ្ធិមនុស្ស​” និង “​លទ្ធិប្រជាធិបតេយ្យ​” គឺ​សំដៅ​ផ្តួលរំលំ​រាជរដ្ឋាភិបាល ដែល​ជ្រើសតាំង​ដោយ​ប្រជាជន។

​នៅក្នុង​បរិបទ​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវគោលនយោបាយ​ការណ៍បរទេស​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ការពារ​ដាច់​ខាត​នូវ​ផលប្រយោជន៍ប្រទេសជាតិ​។ គួបផ្សំ​នឹង​ការខិតខំ​ពង្រឹងពង្រីក​ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​រវាង​កម្ពុជា និង​បណ្តា​ប្រទេស​ជា​មិត្ត​ក្នុង​ពិភពលោកក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្មក្នុងការ​ពន្យល់​បកស្រាយ​ជូន​បណ្តា​ប្រទេស​ជា​មិត្ត​ទាំងអស់ ពី​អង្គហេតុ​ និង​អង្គច្បាប់​នៃវិធាន​ការដែល​ប្រកាន់យក​ដោយ​ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ សំដៅ​ទប់ស្កាត់ “​បដិវត្តន៍​ពណ៌​” ពង្រឹង​នីតិរដ្ឋ រក្សា​ការពារ​សន្តិភាព ស្ថេរភាព និង​ជីវភាព​រស់នៅ​ដោយ​សុខសាន្តរបស់​ប្រជាជន​។

​ទន្ទឹម​នឹង​នេះ​ក្រសួង​ក៏បាន​ធ្វើការ​រ​ផ្សព្វផ្សាយ​ឯកសារ “​ប្រាប់​ពី​ការពិត​” កាលពី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៧ និង​ការបញ្ជូន​ឯកសារ​មូលដ្ឋាន​ជា​បន្តបន្ទាប់​ឱ្យ​គ្រប់​ស្ថាន​បេសកកម្ម​កម្ពុជា​នៅ​បរទេស​ ដើម្បី​ប្រើប្រាស់​តាម​តម្រូវការ​ចលនា​ការទូត​ជាមួយ​ប្រទេស​ម្ចាស់ផ្ទះ ព្រមទាំង​បានចេញ​សេចក្តី​ថ្លែងការ​របស់​អ្នកនាំពាក្យ​ជា​បន្តបន្ទាប់​ ធ្វើការ​បដិសេធ​នូវ​រាល់​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​មកលើរាជរដ្ឋាភិបាល ហើយ​បាន​ការពារ​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលការណ៍​គោរព​អធិបតេយ្យភាព មិនជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ការប្តេជ្ញាចិត្ត​របស់​រា​ជ​រដ្ឋាភិបាល​ក្នុងការ​ប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស ដូចដែល​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រ​កម្ពុជា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114