ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​រាជធានី​នឹង​ស្នើ​ទៅ​រាជរដ្ឋាភិបាល​ ដើម្បី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​អម​ផ្លូវ​រថភ្លើង ខណ្ឌ​ឫស្សី​កែវ​

ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ​នឹង​ស្នើ​ទៅ​រាជរដ្ឋាភិបាល​ ដើម្បី​ផ្តល់​ដី​សម្បទានកម្ម​ប័ណ្ណ​កម្មសិទ្ធិ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ប្របផ្លូវ​រថភ្លើង​ក្នុងខណ្ឌឫស្សី​កែវ​ ក្រោយពី​ការ​កាត់​សម្រាប់ប្រើប្រាស់​ជា​ប្រ​យោ​ជ​ន៍​សាធារណៈ​នៅលើ​កណាត់​ផ្លូវ​នេះ​រួច​។​

ក្នុង​ឱ​កាស​អញ្ជើញ​ទៅពិនិត្យ​មើល​ស្ថានភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ និង​ការដ្ឋាន​ស្ថាបនាផ្លូវ​បេតុង​នេះ ​នា​រសៀល​ថ្ងៃទី​១ ​មិនា លោក​ ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាលរាជធានី​ភ្នំពេញ ​បាន​លើកឡើងថា​ រដ្ឋបាល​រាជធានី​ភ្នំពេញ ​នឹង​រៀបចំ​បងប្អូន​ដែល​រស់នៅលើផ្លូវ និង​អម​ផ្លូវ​រថភ្លើង​នេះ​ឲ្យ​មាន​របៀបរៀបរយ ​ដែល​សាលា​រាជធានី​ភ្នំពេញនឹង​ធ្វើលិខិតសុំ​ទៅ​រាជរដ្ឋាភិបាល ​ដើម្បី​ធ្វើ​សម្បទាន​កម្ម​ជូន​បងប្អូននៅពេល​យើង​ធ្វើ​ផ្លូវ​រួច​ ដើម្បីឱ្យបងប្អូន​បានរស់នៅ​ទីតាំង​ដដែល​។​

លោក​អភិបាល​បាន​ជំរុញ​ឲ្យ​ផ្នែក​ជំនាញ ​ស្ថាបនា​ផ្លូវ​បេតុង​នេះ​ឲ្យ​បាន​រួចរាល់​តាម​ការគ្រោងទុក ដែល​ផ្លូវ​នេះ​ជា​ផ្លូវ​សំខាន់​ក្នុងការ​រំដោះ​ចរាចរ​រវាងផ្លូវ​ជាតិ​លេខ​៥ និង ​ផ្លូវ​លេខ ​៧០ ​និង​សុំ​ឲ្យប្រជាពលរដ្ឋ​មានការ​ស្ងប់ចិត្ត​ដូចដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​ប្រាប់​ប្រជាពលរដ្ឋ​ច្រើនដងហើយ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ​មិនមាន​គោល​ការណ៍​ណា​ដេញ​ប្រជាពលរដ្ឋ​ដែល​រងផលប៉ះពាល់​ចេញពី​តំបន់​នេះឡើយ​។​

គួ​របញ្ជាក់ថា ​នៅពេលនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ កំពុងដំណើរការ​ស្ថាបនា​ផ្លូវ​បេតុង​១​ខ្សែ​តាមបណ្តោយ​ផ្លូវ​រថភ្លើង​ឫស្សី​កែវ​ ចាប់ពី​ផ្លូវជាតិ​លេខ​៥ ​ដល់​ផ្លូវ​លេខ៧០​ ទំនប់​ទួលគោក​ មាន​ប្រវែង​ ៤៦០០​ ម៉ែត្រ​ ដោយ​ឆ្លងកាត់​ភូមិសាស្ត្រ​សង្កាត់​ទួល​សង្កែ​ សង្កាត់​ឫស្សី​កែវ និង​ សង្កាត់គីឡូម៉ែត្រ​លេខ​៦​ ក្នុង​ខណ្ឌ​ឫស្សី​កែវ​ ដែល​មកដល់ពេលនេះ​សម្រេច​បាន ​២៥%​ ហើយ​។ ​នេះ​បើតាម​ការ​ឱ្យដឹងពី​លោក​ សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សា​ធា​រណ​ការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ខណៈ​អមដំណើរ​លោក ​ឃួ​ង ស្រេង កាលពី​រសៀល​ថ្ងៃទី​០១ មិនា ២១០៨៕​