ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​ ៖ ការលើកតម្កើង​សិទ្ធិ​និង​ផ្តល់​តម្លៃ​ខ្ពស់​ដល់​ស្ត្រី គឺជា​ភាពចាំ​បាច់​មួយ​ក្នុងការ​ជំរុញ​ឲ្យ​ស្ត្រី​បាន​ចូល​រួម​ចំណែក​ក្នុង​កិច្ចការងារ​ជាច្រើន​ដូច​បុរស

ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា ការ​លើក​ត​ម្កើ​ន​សិទ្ធិ​និង​ផ្តល់​តម្លៃ​ខ្ពស់​ដល់​ស្ត្រី គឺជា​ភាព​ចាំបាច់​មួយ​ក្នុងការ​ជំរុញ​ឲ្យ​ស្ត្រី​បាន​ចូលរួម​ចំណែក​ក្នុង​កិច្ចការងារ​ជាច្រើន​ដូច​បុរស​ដែរ​។ សម្តេច​តេ​ជោ​លើកឡើងថា ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ​សេដ្ឋកិច្ចកម្ពុជា​បាន​កើនឡើង​ដោយ​ក្នុងនោះ​ក៏មាន​ការចូលរួម​រប​ស់​ស្ត្រី​ផងដែរ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បែបនេះ ក្នុង​ឱកាស​ប្រារព្ធ​ទិវា​សិទ្ធិនារី​អន្តរជាតិ ៨ មិនា ខួប​លើក​ទី​១០៧ ក្រោម​ប្រធានបទ «​ស្ត្រី​រួមគ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ​»​ដែល​រៀបចំ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែមីនា នេះ ហើយ​ក៏មាន​វត្តមាន​ស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊​នុ សែន ចូលរួម​ជា​កិត្តិយស​ផង​ដែរ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ស្ត្រី​ជាច្រើន​បាន​ទទួល​ឱកាស​ចូលរួម ក្នុង​ការងារ​ស្ទើរ​គ្រប់​វិស័យ​ហើយ​ត្រូវបាន​គាំទ្រ និង លើកទឹកចិត្ត​តាមរយៈ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ និង​កម្មវិធី​លើកកម្ពស់​សមភាព​យេនឌ័រ​និង​បង្កើន​ភាព​អង់​ឤ​ច​ដល់​ស្ត្រី​ឱ្យមាន​ភាពរឹងមាំ​ក្នុង​ជីវិត ។ ជាក់ស្តែង យើង​សម្រេចបាន​លទ្ធផល​ល្អប្រសើរ​ច្រើន​លើ​ការងារ​លើកកម្ពស់​និង​អភិវឌ្ឍ​ស្ត្រី​ក្នុងនោះ​មានដូចជា ៖ ក្នុង​វិស័យ​មុខងារសាធារណៈ​ចំនួន​ស្ត្រី​បាន​កើនឡើង​ពី ៣២% នៅ​ឆ្នាំ ២០០៧ ដល់ ៤១%​នៅ​ឆ្នាំ ២០១៧​។ លទ្ធផល​នេះ​ដោយ​ការជ្រើសរើស​មន្ត្រីរាជកា​រ​ថ្មី​ដែល​ត្រូវ​ជ្រើសរើស​ស្ត្រី​ចំនួន​ពី​២០%​ទៅ​៥០% និង​ការពន្យា​ឤ​យុ​ចូលនិវត្តន៍​មន្ត្រីរាជការ​ជា​ស្ត្រី​ដល់​ឤ​យុ ៦០ ឆ្នាំ ។

​បើ​ពិនិត្យ​ទៅលើ​ចំនួន​ស្ត្រី​ដែលមាន​មុខតំណែង ក្នុងនោះ​អគ្គនាយក​ជា​ស្ត្រី​មាន ២៣ រូប​ប្រធាន​នាយកដ្ឋាន​មាន ១០៨ រូប និង បានតែងតាំង​ស្ត្រី​ជា​អភិបាលខេត្ត ១ រូប ស្ត្រី​ជា​អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត ២៦ រូប អភិបាលក្រុង ស្រុក ខណ្ឌ​ជា​ស្ត្រី ៧ រូប ស្ត្រី​ជា​អភិបាលរង​នៃ​គណៈ​អភិបាលក្រុង ស្រុក ខណ្ឌ ១៨៥ រូប ស្រី​ជា​ស្មៀនឃុំ​/ សង្កាត់ ២៣៥ រូប។

ការចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​មានការ​កើនឡើង​ជា​លំដាប់ ក្នុងនោះ​សមាជិក​រដ្ឋសភា​ជា​ស្ត្រី​នៅ​ឆ្នាំ ១៩៩៣ មាន ៥,៨៣% កើន​ដល់ ២០,៣២% ឆ្នាំ ២០១៣ ។ នៅ​ឆ្នាំ ១៩៩៣ ស្រី​ជា​រដ្ឋមន្ត្រី​គ្មាន រដ្ឋលេខាធិការ​គ្មាន អនុរដ្ឋលេខាធិការ ២ រូប ។ បើ​ប្រៀបធៀប​នៅ​ឆ្នាំ ២០១៣ មាន​ឧបនាយក​រដ្ឋ​ម​ន្រី​ជា​ស្រី ១ រូប ទេសរដ្ឋមន្ត្រី ១ រូប រដ្ឋមន្ត្រី​ជា​ស្ត្រី ២ រូប រដ្ឋលេខាធិការ ៣៨ រូប និង​អនុរដ្ឋលេខាធិការ ៤៨ រូប ។ ស្រី​ជា​ចៅសង្កាត់ មេឃុំ មានការ​កើនឡើង​ពី ៤២ រូប ក្នុង​ឆ្នាំ ២០០២ ដល់ ១៣០ រូប កុង​ឆ្នាំ ២០១៨ ។

​នៅក្នុង​កងកម្លាំង​ប្រដាប់​ឤ​វុ​ធ​នាយ​ទាហាននារី ក្របខណ្ឌ​ក្រសួង​កា​រញរ​ជាតិ មាន​ចំនួន សរុប ៨៦ រូប ក្នុងនោះ ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ ១ រូប ,​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក ៧ រូប ,​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ ១៦ រូប និង ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី ៦២ រូប ។ ​ស្រី​ក្នុង​មុខ​ដំណែង​ជា​ឯកអគ្គរាជទូត​បចុប្បន្ន​មាន​ចំនួន ៦ រូប និង​មន្ត្រីការ​ទូត​ជា​ស្ត្រី​មាន​ចំនួន ២៤,៤៣% នៃ​មន្ត្រីការ​ទូត​សរុប ១៧០ រូប។ ទន្ទឹម​នោះ ស្ត្រី​ក្នុង​ប្រព័ន្ធតុលាការ​បាន​កើន​ឡើងជា​លំដាប់ ក្នុង​មុខ​ដំណែង​ជា​ចៅក្រម ព្រះរាជឤជ្ញា ក្រឡាបញ្ជី ឤ​ជ្ញា​សាលា សារការី និង មេធាវី។ ជាមួយ​នោះ​កីឡាករ​ជា​ស្រី​ចូលរួម​លេង​កីឡា​ក៏បាន​កើនឡើង មិន​តែ​ប៉ុណ្ណោះ​កម្ពុជា មាន​កីឡាការិនី​បាន​ទទួល​មេដាយមាស​ជូន​ជាតិ​មាតុភូមិ​ទៀតផង។

សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ថ្ងៃនេះ​ជា​ថ្ងៃ​រំលឹក​ការ​លើកកម្ពស់​សិទ្ធិ​ស្ត្រី​ប៉ុន្តែ​មិន​មានន័យថា ស្ត្រី​មាន​សិទ្ធិ​តែមួយ​ថ្ងៃ​នោះ​ទេ សិទ្ធិ​ស្ត្រី​គឺជា​សិទ្ធិមនុស្ស​នៅក្នុង​ពិភពលោក​ដែលមាន​ចំនួន ៤៩,៦% ដូច្នេះ​ការអភិវឌ្ឍ​ប្រទេស​នីមួយៗ​ត្រូវតែ​គិតគូរ​ពី​សក្ដានុពល របស់​ស្ត្រី​ដែលមាន​ចំនួន​ជាច្រើន​ប្រហាក់ប្រហែល​នឹង​បុរស​និង​អាចរួមចំណែក​ក្នុងការ​ព​ន្លឿ​ន​ដល់​ដំណើរការ​ផងដែរ​។ ដូចដែល ខ្ញុំ​តែងតែ​និយាយថា “​ជួយ​ស្ត្រី​គឺ​ជួយ​ខ្លួនឯង​”​។​សម្តេច​តេ​ជោ​បន្តថា​៖​ចំណុច​នេះ ខ្ញុំ​ចង់​និយាយ​បន្ថែមថា សិទ្ធិ​ស្ត្រី​មិនគួរ​មានតែ​មួយថ្ងៃ​នៅ​ថ្ងៃទី​៨ ខែមីនា នោះទេ គឺ​ត្រូវមាន ៣៦៥ ថ្ងៃ​ជាប់​គ្នា​តែម្ដង ។​ប៉ុន្តែ​ថ្ងៃនេះ យើង​យក​ធ្វើជា​កម្មវត្ថុ​នៃ​ការជួបជុំ​ហើយ​លើក​ជា​ប្រធានបទ​ដើម្បី​ជំរុញ​ចលនា​ទៅមុខ​តែប៉ុណ្ណោះ ប៉ុន្តែ​មិនត្រូវ​គិតថា ទិវា​ស្ត្រី សិទ្ធិ​ស្ត្រី មាន​ត្រឹមតែ​មួយថ្ងៃ​នោះទេ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា អ្នក​ដែល​ល្ងង់​គឺជា​អ្នក​ដែល​មិន​ហ៊ាន​វិនិយោគ​ទៅលើ​ស្ត្រី​នេះ​តែម្ដង ។ ខ្ញុំ​បាន​និយាយ​ជារឿយៗ​មកហើយ​ថា ជួយ​ស្ត្រី​គឺ​ជួយ​ខ្លួនឯង ។ ប្រសិនបើ​ភរិយា​មិនមាន​ចំណេះដឹង​គ្រប់គ្រាន់​ទេ ច្បាស់​ណាស់​ថា​បន្ទុក​រប​ស់​យើង​ពិតជា​នឹងត្រូវ​ទទួល​នូវ​ការលំបាក​ដោយសារតែ​ភរិយា​ខ្វះ​នូវ​ចំណេះដឹង ។ ប៉ុន្តែ​ប្រសិនជា ភរិយា កូនស្រី​របស់​យើង ឬ ក៏​សាច់ញាតិ​របស់​យើង​ជា​ស្ត្រី​មានចំណេះដឹង​ខ្ពស់ ពេលនោះ​ហើយ​គឺជា​ពេលវេលា​ដែល​ជួយ​នៅក្នុង​ក្រុមគ្រួសារ។

នៅក្នុង​ស្ថាប័ន​នីមួយៗ​របស់​ជាតិ​ក៏​ដូច្នោះ​ដែរ​ប្រសិនបើ​ស្ត្រី​គឺមាន​លទ្ធភាព​កាន់តែ​ខ្ពស់​គឺ​វា​នឹង​បាន​ជួយ​រែកពន់​ការងារ​ដែល​យើង​បាន​នឹងកំពុង​ធ្វើ ។ ដូច្នេះហើយ​បានជា​ខ្ញុំ​នៅតែ​បន្ត​អំពាវនាវ​ឲ្យ​គ្រប់​ស្ថាប័ន​ទាំង​ថ្នាក់ជាតិ​និង ថ្នាក់ក្រោម​ជាតិ មិនមែន​គ្រាន់តែ​តែងតាំង​សម្រាប់​ឲ្យ​មាន​អង្គុយ​នៅ​ទីកន្លែង​ដែល​បាន​រៀប​ចំ ដូច​ជាការ​កំណត់ថា យ៉ាង​ហោច​ក្នុង​មួយ​ខេត្ត​ឲ្យ​មាន​ស្ត្រី​ម្នាក់។ ប៉ុន្តែ​ការតែងតាំង​ឲ្យ​តែ​បង្គ្រប់​កិច្ច ហើយ​មិន​ប្រគល់​ការងារ​ឲ្យ​ធ្វើ​នេះ​គឺជា​រឿង​ឆោតល្ងង់​មួយ។ នៅតាម​ស្ថាប័ន​នានា​ក៏​ដូច្នោះ​ដែរ ខ្ញុំ​សង្ឃឹមថា​ នៅ​ក្នុងពេល​ខាងមុខនេះ​នឹងមាន​ការកើនឡើង​នូវ​ចំនួន​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​ថែមទៀត។ សម្តេច​បន្តថា ​នេះ​គឺ​ការ​គិតគូរ​របស់ខ្ញុំ​នៅក្នុង​ឋានៈ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ដោយសារតែ​ការតែងតាំង​ថ្នាក់​រដ្ឋលេខាធិការ​និង​អនុរដ្ឋលេខាធិការ​គឺ​ត្រូវ​ធ្វើ​តាមរយៈ​ព្រះរាជក្រឹត្យ ដូច្នេះ​យើង​ពិតជា​មាន​ចំនួន​រដ្ឋលេខាធិការ​និង​អនុរដ្ឋលេខាធិការ​ច្រើនជាង​នេះ ខ្ញុំ​ស្នើ​ឲ្យ​មានការ​ត្រៀម​រៀបចំ នៅ​តាម​ស្ថាប័ន​ទាំងអស់​សម្លឹង​មើល​អំពី​បញ្ហា​នេះ ដើម្បី​ជួយ​លើកកម្ពស់​ស្ថានភាព​ស្ត្រី​របស់​យើង ។ ឯ​សម្រាប់​មុខងារ​សាធារណៈ បើ​យើង​មិន​តែងតាំង​ស្ដ្រី​ឲ្យ​ចូល​ទៅ​ក្នុង​តំណែង​ការងារ​នោះ តើ​យើង​យល់​យ៉ាងម៉េច​? អ្នកខ្លះ​អាច​និយាយ​បាន​ថា គឺ​ស្ត្រី​រូបនេះ​ខ្វះ​ការធ្វើ​សេចក្ដីសម្រេច ធ្វើ​ល្អ​ហើយ គាត់​ល្អ ប៉ុន្តែ​មិនទាន់​ហ៊ាន​ធ្វើការ​វះកាត់​និង​ការ​ធ្វើ​សម្រេច​ប៉ុន្តែ​ខ្ញុំ​អាច​បញ្ជាក់ថា ​បទពិសោធ​ន៍​ដែល​ខ្ញុំ​មាន ទាំង​បុរស​ក៏ដោយ​និង​ស្ត្រី​ក៏ដោយ​កាលណា​យើង​មិនទាន់​ប្រគល់​ការងារ​ឲ្យ​គេ តើ​ឲ្យ​គេ​មាន​សមត្ថភាព​និង​ធ្វើការ​សម្រេចចិត្ត​យ៉ាងម៉េច​ទៅ​?

សម្តេច​បាន​បន្ត​ឲ្យដឹង​ទៀត​ថា សម្តេច​ធ្លាប់​សួរ​ទៅ​កន្លែង​ខេត្ត​ខ្លះ ដែល​ខ្វះ​អភិបាលខេត្ត ប៉ុន្តែ​ក៏មាន​ចម្លើយ​ថា អ្នកនេះ​ខ្វះ​ភាព​ដាច់ខាត ខ្វះ​ការ​ហ៊ាន​វះកាត់។ ប៉ុន្តែ​គាត់​ល្អ​ខ្ញុំ​ប្រាប់​ថា ​សំខាន់​យើង​តែងតាំង​ឲ្យ​គាត់​កាន់​ប៉ុស្តិ៍​ធ្វើការ​សម្រេច​ហើយ​នៅ ? បើ​មិនទាន់​តែងតាំង​គាត់​នៅ​ក្នុង​ការ​កាន់​ប៉ុស្ដិ៍​ដើម្បី​ធ្វើការ​សម្រេចចិត្ត​ទេ យើង​មិនទាន់​អាច​និយាយ​ថា ​គាត់​ខ្វះ ការ​មិន​ហ៊ាន​ធ្វើ​សេចក្ដីសម្រេចចិត្ត ដូច្នេះ​សង្ឃឹមថា នៅតាម​ស្ថាប័ន​នានា​ចេះតែ​រុញ​មក​បណ្ដើរៗ​ឲ្យ​មក​កៀក​ជា​មួយនឹង​ក្របខ័ណ្ឌ​ដែល​ត្រូវ​បានទទួល​, ដូចជា​យើង​ត្រូវការ​ប្រធាន​នាយកដ្ឋាន​, ត្រូវការ​អនុប្រធាននាយកដ្ឋាន​, ត្រូវការ​អគ្គនាយក​, អគ្គនាយករង​ជា​ស្ត្រី​ថែមទៀត ចឹ​ង​តើ​យើង​ត្រូវ​រៀបចំ​យ៉ាងម៉េច ដើម្បី​បំពាក់បំប៉ន​និង​ការរៀបចំ​ក្របខណ្ឌ​ឋានៈ​ដើម្បី​ឲ្យ​ទទួលបាន​សមស្រប​ទៅតាម​ការតែងតាំង ដូចជា​គេ​កំណត់​ថា ប្រធាន​នាយកដ្ឋាន​ត្រូវតែ​ចាប់ពី​អនុមន្ត្រី​ឬក៏​វីរៈ​មន្ត្រី។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​យើង​មាន​វឌ្ឍនភាព​ច្រើន​ហើយក៏​ប៉ុន្តែ​យើង​ត្រូវ​ជំរុញ​នូវ​ស្ថានភាព​នេះ ឥឡូវនេះ ខ្ញុំ​កត់សម្គាល់​ឃើញថា ដោយសារ​ប្រាក់ចំណូល​ចេះតែ​កើនឡើង​ស្ត្រី​បាន​ពង្រឹង​ខ្លួន​ក្នុង​វិស័យសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដូច្នេះ​ស្ត្រី​កាន់តែ​មានលទ្ធភាព​គេ​ហៅថា​អំណាច​នៃ​សេដ្ឋកិច្ច​គឺជា​អំណាច​ខាង​នយោបាយ​នៅក្នុង​គ្រួសារ​នោះឯង​។​ស្ត្រី​កម្ពុជា​ជាទូទៅ​អាច​ថា​មាន​មួយ ក្នុង​មួយ​ពាន់ នាក់​ទេ​ដែល​ប្ដី​កាន់​លុយ ឯ​៩៩៩​នាក់​គឺ​ប្រពន្ធ​កាន់​លុយ។​ ឥឡូវ​មិនមែន​គ្រាន់តែ​កាន់​លុយ​ដែល​បុរស​ដែល​ជា​ប្ដី​រក​មកអោយ​នោះទេ ប៉ុន្តែ​យោងទៅលើ​អ្វី​ដែល​ខ្ញុំ​ចុះសួរ​សុខទុក្ខ​កម្មករ​កម្ម​ការ​នី ប្រមាណ​ជាង ៤០ ម៉ឺន​នាក់ ​រួច​មក​ហើយ​នោះ​បានសេចក្ដីថា ស្ត្រី​បច្ចុប្បន្ន​នេះ គេ​បាន​កាន់កាប់​នូវ​ប្រាក់​ទាំងនោះ​ដែល​មាន​ឥទ្ធិពល​កាន់តែ​ខ្ពស់​សម្រាប់​ពួកគេ មិនបាន​ពឹងពាក់​ទៅលើ​តែ​ប្រាក់ចំណូល​របស់​បុរស​នោះទេ​។ ដូច្នេះ​ការ​យកចិត្តទុកដាក់​ព​ង្រឹ​ង​ស្ត្រី​នៅក្នុង​វិស័យសេដ្ឋកិច្ច គឺ ជាការ​ពង្រឹង​សិទ្ធិអំណាច​នយោបាយ​របស់​ស្ត្រី​នៅក្នុង​គ្រួសារ​ក៏ដូចជា​នៅ​ក្នុង​ការធ្វើ​ការសម្រេច​នានា​នៅក្នុង​ក្របខ័ណ្ឌ​នយោបាយ​ផងដែរ យើង​ត្រូវ​បន្ត​ការយកចិត្តទុកដាក់​ទៅលើ​បញ្ហា​នេះ​។

​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ឆ្នាំ ២០១៦-២០២៥ ដែល​ជា​ផែនទី​ម​គ្គុ​ទេស​ក៏​សម្រាប់​កែទម្រង់​ការអភិវឌ្ឍ​ប្រព័ន្ធ​គាំពា​សង្គម រក្សា​នូវ​សន្តិសុខ​ប្រាក់ចំណូល កាត់បន្ថយ​នូវ​ភាព​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រជាជន និង​បាន​ដាក់ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​លើកកម្ពស់​សុខុមាលភាព សមធម៌ សាមគ្គីភាព នៅក្នុង​សង្គមជាតិ​ទាំងមូល ​ដែល​ជា​ការ​គិតគូរ​ចំពោះ​ស្រី​មាន​ជា​ឤ​ទិ៍​៖ ​ការ​ផ្តល់​ជា​សាច់ប្រាក់​ជួយ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុងការ​ថែទាំ​សុខភាព​មុន និង ក្រោយពេល​សម្រាល ហើយ​សម្រាប់​កម្ម​ការ​នី​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​រយៈពេល ៣ ខែ ដោយ​ទទួល​បាន​បៀវត្សរ៍ ១២០% ក្នុង​នោះ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ចេញ ៧០% និង និយោជក​ចេញ ៥០% ព្រមទាំង​បានទទួល​ប្រាក់ឧបត្ថម្ភ​ចំនួន ៤០ ម៉ឺន រៀល​ ចំពោះ​កូន​មួយ កូនភ្លោះ​ទទួល​បាន ៨០ ម៉ឺន​រៀល និង​កូនភ្លោះ​បី​បាន ១ លាន ២ សែន​រៀល។ ការ​អនុញ្ញាត​ឲ្យ​កម្មការិនី​ជា​ស្រី​ដែលមាន​ផ្ទៃពោះ​លើសពី ៣ ខែ ឤ​ច​ចេញ​មុន​ម៉ោង​ការងារ​ចំនួន​យ៉ាងតិច​១៥​នាទី ហើយ​ចាប់ពី​ខែមករា ឆ្នាំ ២០១៨ តទៅ​កម្មករ​-​កម្ម​ការ​នី​ទាំង​ក្នុង និង ក្រៅ​ប្រព័ន្ធ​ត្រូវ​ទទួល​បាន​ការពិនិត្យ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​នៅតាម មន្ទីរពេទ្យ​រដ្ឋ តាមរយៈ​មូលនិធិ​សមធម៌​របស់​ជាតិ។

រាជរដ្ឋាភិបាល​ប្រកាស​ផ្តល់ជូន​ប្រាក់ឧបត្ថម្ភ​ដល់​ស្ត្រី​ជា​មន្ត្រី​រាជការ​ស៊ី​វិល នគរបាល និង កងកម្លាំង​ប្រដាប់​ឤ​វុ​ធ​ដែល​បាន​សម្រាលកូន ក្នុង​នោះ​កូន​មួយ​ទទួល​បាន ៨០ ម៉ឺន​រៀល កូនភ្លោះ​ទទួលបាន ១​លាន ៦០ម៉ឺន​រៀល កូនភ្លោះ ៣ ទទួល​បាន ២លាន ៤០ម៉ឺន​រៀល រួម​ជា​មួយ​នឹង​ការ​ឈប់​សម្រាក​លំហែ​មាតុភាព​រយៈពេល ៣ ខែ ជាមួយ​ប្រាក់​បៀវត្សរ៍ ១០០%។ ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ​សម្រាប់​កម្មក​រ និយោជិត ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់​និង​ផលិត​ស្បែកជើង​ពី ១៥៣ ដុល្លារ ក្នុង​មួយ​ខែ ក្នុង​ឆ្នាំ ២០១៧ ទៅដល់ ១៧០ ដុល្លារ សម្រាប់​ឆ្នាំ ២០១៨ ដោយ​មិន​គិត​ពី​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ព្រមទាំង​ជំរុញ​ឲ្យ​មាន​គិលានដ្ឋាន កន្លែង​ហូបបាយ បន្ទប់​បំបៅកូន និ ង​ទារកដ្ឋាន ដើម្បី​ជួយ​ដល់​បញ្ហា​សុខុមាលភាព​របស់​កម្ម​ករ និង និយោជិត។

ការ​ដាក់​ចេញ​នូវ​សារាចរ​ស្តី​ពី​ការលុបចោល​ចំពោះ​ការបង់ថ្លៃ​ភាស៊ី​ដល់​ឤជីវករ ភាគច្រើន​ជា​ស្ត្រី​ដែល​លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី។ ការលុបចោល​ការ​បង់​ថ្លៃ​ក្នុង​ការ​ធ្វើដំណើរ​ឆ្លងកាត់ ផ្លូវ​-​ស្ពាន ព្រមទាំង​សាងសង់​លំនៅឋាន ដែល​មាន​តម្លៃ​សមរម្យ ដំណាក់កាល​ទី ១ សម្រាប់​មន្ត្រីរាជការ​និង​ដំណាក់កាល​ទី ២ សម្រាប់​កម្មករ​និង​ប្រជាជន​ទូទៅ ដែលមាន​ប្រាក់ចំណូល​ទាប៕