ព័ត៍មានទាន់​ហេតុការណ៏
Search

SEATV​ បើក​សង្វៀន​ Ganzberg Top Fighter ពេលយប់​ឡើងវិញ ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃ​សៅ​រ៍នេះ

​​SEATV នឹង​បើក​សង្វៀន​ Ganzberg​ នៅពេល​យប់​ថ្ងៃ​សៅ​រ៍​ឡើងវិញ ដោយ​ចាប់ផ្តើម​ប្រកួត​ជាល​ក្ខណៈ​មិត្តភាព​អន្តរជាតិ និង​ មិត្តភាព​រវាង​ខ្មែរ​និង​ខ្មែរ ដែល​រូបភាព​នៃ​ការប្រកួត​ថ្មី​នេះ មាន​លក្ខ​ណៈស្តង់ដារ​កម្រិត​ខ្ពស់។

​សង្វៀន​ពេលយប់​ថ្ងៃ​សៅ​រ៍នៅ​ SEATV​ នេះ​ កាល​មិនទាន់​ផ្អាក​នោះជា​កម្មវិធី​ប្រដាល់​ដែលមានឈ្មោះ​ប្រដាល់​អន្តរជាតិ​ជើងឯក​ Ganzberg Top Fighter ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុនស្រាបៀរ Ganzberg ហើយ​ការបើក​លើក​នេះ​វិញ ក៏​ត្រូវបាន​ប្រសិទ្ធ​នាម​ដដែល។ កម្មវិធី​ថ្មីនេះការប្រកួត​គឺមាន​លក្ខ​ណៈស្តង់ដារ​កម្រិត​ខ្ពស់ ដោយ​ការប្រកួត​រៀងរាល់​សប្តាហ៍​មាន​ពីរគូ មួយគូ​ខ្មែរ​ថៃ ហើយ​មួយគូ​ទៀត ខ្មែរ​ជាមួយ​អឺរ៉ុប។

​ជាមួយគ្នានេះដែរ ក៏មាន​ការប្រកួត​ដណ្តើម​ប្រាក់​លាន​មួយគូៗ​រៀងរាល់​សប្តាហ៍​ផងដែរ ហើយជាពិសេស​ទៀត​នោះ រាល់​៣​ខែម្តង​នឹង​រៀបចំ​ការប្រកួត​ដណ្តើមរ​ង្វាន់​ប្រាក់​លាន​ធំ ដែលសមាសភាព ​គឺ​ជ្រើស​រើសយក​អ្នកឈ្នះ​ក្នុងការ​ប្រកួត​ដណ្តើម​ប្រាក់​លាន​ប្រចាំ​សប្ដាហ៍ឱ្យប្រកួត​គ្នា​ដណ្តើម​ប្រាក់​លាន​ធំ ហើយ​អ្នក​ជាប់​ចំណាត់ថ្នាក់​លេខ​១ នឹង​ទទួលបានទឹកប្រាក់​ចំនួន​ ២,៥០០​ ដុល្លារ​អាម៉េរិក និង ​លេខ​២ បាន​ ៥០០​ ដុល្លារ​អាម៉េរិក។​ នេះបើតាម​ការ​ឲ្យ​ដឹង​របស់លោក Josef Brune តំណាង​ក្រុមហ៊ុនស្រា​បៀរ Ganzberg ។

​លោក យិន ខេមរា នាយក​ទីផ្សារ​ និង​ទំនាក់ទំនង​សាធារណៈ​ SEATV បានបញ្ជាក់​ក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃទី​០៩​ មីនា​ ២០១៨​ នេះ​ឱ្យដឹងថា “ប្រដាល់​អន្តរជាតិ​ជើងឯក ​Ganzberg Top Fighter ”​នេះ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១០​ មីនា​ ២០១៨ នេះ​តទៅ​ហើយ ដែលមាន​កីឡាករ​ជើងខ្លាំងៗ​ចំនួន​១០​នាក់​ចូលរួម។ ក្នុងនោះក៏មាន​គូ​អន្តរជាតិ​ពីរ​គូ​ផងដែរ គឺ​ ឌុន រដ្ឋា អ្នក​ប្រដាល់ជើង​ខ្លាំង​ក្លិប​អេ​ភូ​ថង​កីឡា ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បារាំង Kevin ដោយ​ប្រកួត​ក្នុងទម្ងន់ ​៧១​ គីឡូក្រាម និង​មួយគូ​ទៀតគឺ ​រឿង សោ​ភ័​ណ្ឌ ជើង​ខ្លាំង​នៃ​ក្លិប​ម្កុដ​រាជសីហ៍ ត្រូវ​ជួបជាមួយ​ថៃ Khun Phen ក្នុង​ទម្ងន់ ​៦៩ ​គីឡូក្រាម។

​លោក Josef Brune បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា មូលហេតុ​ដែល​ក្រុមហ៊ុន​សហការ​ជាមួយ ​SEA-TV រៀបចំ​កម្មវិធី​ប្រដាល់​នេះ គឺ​ដើម្បី​ចូលរួមចំណែក​លើកស្ទួយ​ និង អភិរក្ស​វិស័យ​កីឡាប្រដាល់​កម្ពុជាឱ្យ​កាន់តែ​ល្បីល្បាញ និង​រីកចម្រើន​កាន់តែខ្លាំង។ ជាពិសេស​នោះ ដោយ​យល់ឃើញថាមានមនុស្ស​ជាច្រើន​នៅ​ទូទាំងប្រទេស​កម្ពុជា បាន​គាំទ្រ​ដល់​វិស័យ​កីឡា ពិសេសកីឡាប្រដាល់ ហើយ​ក្នុង​គោលបំណង​គាំទ្រ​កីឡាករ​ប្រដាល់​ និង​ដើម្បី​ពង្រឹង​បទពិសោធន៍ គុណភាព សមត្ថភាព​កីឡាករ​កម្ពុជា​ ឱ្យ​ប្រសើរឡើង​ថែមទៀត​។​ លោក​បាន​អះអាង​ទៀតថា នឹងសហការ​ជាមួយ SEA-TV សហព័ន្ធ​កីឡាប្រដាល់ ដើម្បី​ជ្រើសរើស​អ្នក​ប្រដាល់​ល្អ​ និង​សមត្ថភាពខ្លាំងៗសម្រាប់​បម្រើ​កម្មវិធី​ប្រកួត​មួយ​នេះ។​
​ ​ ​ ​ ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​មានប្រសាសន៍​ដោយសំណូមពរ​សូម​ឲ្យ​អ្នក​ប្រដាល់​ទាំងអស់ ត្រូវខិតខំ​ហ្វឹកហាត់ និង ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ទទួលបាន​ទំនុកចិត្ត​ពី​សហព័ន្ធ និង ខាង​ទូរទស្សន៍ ពិសេស​អ្នក​ឧបត្ថម្ភ​តែម្ដង។ តែ​ទន្ទឹមនេះលោក​ក៏បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ធ្វើយ៉ាងណា​ប្រកាន់​នូវភាពត្រឹមត្រូវ ​យុត្តិធម៌ និង​សូមឱ្យ​គោរព​បទបញ្ជាផ្ទៃក្នុង។​
​ ​
​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​ក្នុង​ថ្ងៃ​បើកឆាក​វិញ ទី ព​ន្លែ​ត អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ ត្រូវគេ​ផ្តល់​ឱកាសឱ្យ​ជួប​ប្រកួត​ជាមួយ​ ទេស ជីវ៉ា អ្នក​ប្រដាល់​ក្លិប​ទីបញ្ជាការ​កងទ័ពជើងទឹក ដោយប្រកួត​គ្នា​ក្នុង​ទម្ងន់​ ៦៥ ​គីឡូក្រាម។

​ភួង ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី នឹង​ជួប​សាក​កណ្តាប់ដៃជាមួយ​ ផាន រះ អ្នកប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់ ​៥៧ ​គីឡូក្រាម។ ហើយ​មួយគូ​ទៀតនោះគឺ ​លីន សោ​ភ័​ណ្ឌ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ជួប​ប្រកួត​ជាមួយ​ ចាន់ កុល ក្លិប​រស្មី​ភូមិ​គាបខេត្តបន្ទាយមានជ័យ ក្នុង​ប្រភេទ​ទម្ងន់​ ៥៧ ​គីឡូក្រាម​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114