ព័ត៍មានទាន់​ហេតុការណ៏
Search

ឧត្ដមសេនីយ៍​ត្រី សោម ស៊ុន ចុះ​ត្រួតពិនិត្យ​កិច្ចការ​ប្រុងប្រៀប​ឱ្យ​ការបើក​វគ្គ​ហ្វឹកហ្វឺន

​កំពង់ធំ ៖ ឧត្ដមសេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ព្រមជាមួយប្រតិភូ ​ចុះត្រួតពិនិត្យទីតាំងដែល​ត្រៀម​បើក​វគ្គ​ហ្វឹកហ្វឺនប្រចាំឆ្នាំ ​២០១៨ ដល់​កងកម្លាំងអន្តរាគមន៍​ពិសេស ​នៅ​បញ្ជាការ​ដ្ឋាន​វរ​សេនា​តូច​លេខ​១ ក្រោម​ការជួយឧបត្ថម្ភ​កញ្ចប់ថវិកា​បំប៉ន​ពិសេស​សម្រាប់​ការហូបចុក​ប្រចាំថ្ងៃ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​

ថ្ងៃទី​០៩ ខែ​មីនា ឆ្នាំ​២០១៨ មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ និង​គណៈកម្មាការ​គ្រប់គ្រង​វគ្គ​ហ្វឹកហ្វឺន ឯកឧត្ដម​មេបញ្ជាការ​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់គណៈកម្មការ​គ្រប់គ្រង​វគ្គ​ហ្វឹកហ្វឺន ត្រូវ​ទទួលខុសត្រូវ​ខ្ពស់តាម​តួនាទី​ភារកិច្ច​ដែល​បានប្រគល់ជូនក្រុម​គ្រូ​យោធា​ចា​រ្យ​នីមួយៗ ត្រូវ​យកចិត្តទុកដាក់​ចងក្រង​ឯកសារ​ដែល​បានរៀនសូត្រ​ពីសា​លា ក្នុង និង​ក្រៅប្រទេស ដើម្បី​ត្រៀម​ហ្វឹកហ្វឺន​រៀនសូត្រ​ជូន​សិក្ខាកាម​យើងឱ្យបាន​ច្បាស់លាស់ ការហ្វឹកហ្វឺន​ត្រូវ​សំដៅ​យកគុណ​ភាពជា​ចម្បង និង​ត្រូវ​ធ្វើឱ្យ​បងប្អូន​យើងយល់​កាន់តែច្បាស់​អំពី​ភារកិច្ច​របស់​កងយោធពល​ខេមរភូមិន្ទ គឺ​ការពារជាតិ សាសនា ព្រះមហាក្សត្រ។

​គ្រប់​កងយោធពល​ខេមរភូមិន្ទ ត្រូវ​ប្រឆាំង​ដាច់ខាត​រាល់​ការ​បង្កចលាចល​បំផ្លាញ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ធ្វើ​ឱ្យប៉ះពាល់​សន្តិសុខ​ជាតិ កម្ចាត់​ចោល​ជន​ទាំងឡាយណា​ដែល​ប៉ុនប៉ងផ្តួលរំលំ​រាជ​រដ្ឋ​ភិ​បាល​ស្រ​បច្បាប់ ដែល​កើតឡើង​ពី​ការបោះឆ្នោត និង​ត្រូវ​ធានា​ហូបចុកជូនដល់​ក្រុម​គ្រូ​យោធា​ចា​រ្យ និង​សិក្ខាកាម​យើង​ឱ្យបាន​ត្រឹមត្រូវ​តាម​គោល​របបមួយថ្ងៃបីពេល ក្នុង​មួយពេល​មាន​ម្ហូបពីរមុខ។

​ឯកឧត្ដម ឧត្ដមសេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បានថ្លែងអំណរគុណ ឯកឧត្ដម សុខ លូ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាពរដ្ឋបាលខេត្ត​កំពង់ធំ ដែល​បាន​សាងសង់​អគារ​ហូបបាយ០១​ខ្នង មាន​ទំហំ ១០​ម៉ែត្រ x៣០​ម៉ែត្រ ដែល​ត្រូវ​ចំណាយ​ថវិកា​សាងសង់​អស់​ ១០,០០០ ដុល្លារ និង​សម្បុរ​សជន នាយទាហាន ថ្នាក់ដឹកនាំ​ចំណុះ​ឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៨០០ ​ដុល្លារ សម្រាប់ទិញ​ឈើ​សាង​សង់ផ្ទះ​សម្រាប់​ដាំបាយ សម្បុរ​សជន លោក​អនុ​សេនីយ៍ ឆេង បូរ៉ា បានឧបត្ថម្ភ​ថវិកា​ចំនួន ៥០០ ​ដុល្លារ សម្រាប់​ទិញ​ស័ង្កសី​ប្រក់ សម្បុរ​សជន លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ២០០ ដុល្លារ ,​លោក​អនុសេនីយ៍ទោ លីវ ម៉េង នាយទាហាន​តំបន់សឹក បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១០០ ដុល្លារ និង​លោក លី ស្រេង អនុប្រធាន​មន្ទីរបរិស្ថាន​ខេត្តកំពង់ធំ បាន​ឧបត្ថម្ភ​ឈើ និង​ក្តារ សម្រាប់ធ្វើ​តុ​ហូបបាយចំនួន ២០ តុ។​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114