ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ថោង ខុន និង​លោក ម៉ៅ ភិ​រុណ ដឹកនាំ​សកម្មភាព​ដាំ​ដើមឈើ​ក្នុង​ពិធីបុណ្យ​ទន្លេ លើក​ទី​៤ នៅ​ខេត្តកណ្តាល

​ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល បាន​ដឹកនាំ​សកម្មភាព​ដាំ​ដើមឈើ​នៅក្នុង​សួន​អាពាហ៍ពិពាហ៍ តាម​មាត់​ទន្លេបាសាក់ ក្រុង​តាខ្មៅ ដើម្បី​បំផុសស្មារតី​ស្រលាញ់​ដើមឈើ និង​ក្រើនរំឭក​ឱ្យចូល​រួម​ដាំ​ដើមឈើ សំដៅ​បង្កើនសោភ័ណភាព​ដ៏​ស្រស់បំព្រង​ក្នុង​ទីក្រុង និង​ភូមិឋាន​ប្រជាពលរដ្ឋ ក្នុងឱកាស​អបអរសាទ​រពិធីបុណ្យ​ទន្លេ​លើក​ទី​៤ នៅ​ខេត្តកណ្តាល។

​ប្រភពពី​ក្រសួង​ទេសចរ​ណ៍បាន​ឲ្យ​ដឹងថា សកម្មភាព​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១៨ ពោល​ស្រប​នឹង​ការចាប់ផ្ដើម​ពិធីបុណ្យ​ទន្លេ​លើក​ទី​៤ ដែលមាន​ការចូលរួម​ពីមន្ត្រីរាជការ​ពាក់ព័ន្ធ ប្រជាពលរដ្ឋ សិស្សានុសិស្ស​ផងដែរ​។

​លោក ម៉ៅ ភិ​រុណ បាន​ថ្លែងថា ការដាំ​ដើមឈើ​នៅពេលនេះ​ ជាការ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវការយកចិត្តទុកដាក់រ​បស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​ជំរុញ​ការអភិវឌ្ឍន៍​តំបន់​បៃតង​នៅតាមបណ្តា​ក្រុង​នីមួយៗ និង​លើកទឹកចិត្ត​ឱ្យមាន​យុទ្ធនា​ការដាំ​ដើមឈើ​ឡើង​គ្រប់​ទីកន្លែង ក្រោមពាក្យស្លោក «​ដាំ​ដើមឈើ​ផ្តើមចេញពី​អ្នក​» ឬ «​ទេសចរ​ម្នាក់ ដើមឈើ​មួយ​ដើម និង​គូស្រករ​ថ្មី ចូលរួម​ដាំ​ដើមឈើ ​២​ ដើម​ទុកជា​អនុស្សាវរីយ៍​»​។

​ក្នុងឱកាស​នោះដែរ ថោង ខុន បាន​បញ្ជាក់ថា យុទ្ធនាការ​ខាងលើនេះ​ធ្វើឡើង​ក្នុង​គោលបំណងជំរុញ​សកម្មភាព​ដាំ​ដើមឈើ ឱ្យ​ក្លាយជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ​ប្រកបដោយការទាក់ទាញ សម្រាប់​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​ចង់​ទទួលបាន​បទពិសោធន៍​ថ្មីៗ ព្រមទាំង​ជំរុញ​ចលនា​ក្នុងស្រុក ជាពិសេស​ការធ្វើដំណើរ​កម្សាន្ត​របស់​យុវជន សិស្ស និស្សិត មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទូទៅ​។

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ការដាក់ចេញ​នូវ​យុទ្ធនាការ​នេះ​ក៏​នឹង​រួមចំណែក​បង្កើន​ឧត្តមភាព​ប្រកួតប្រជែង ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។ ជាក់ស្តែង នៅ​ឆ្នាំ​២០១៧ កន្លងទៅ ចំនួន​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុ​ជាមាន​ចំនួន​ជាង ៥,៦​លាន​នាក់ កើនឡើង ១១,៦% ធៀប​នឹង​ឆ្នាំ​២០១៦​។ តាម​ការព្យាករណ៍ នៅ​ឆ្នាំ​២០២០ កម្ពុជា​អាចនឹងទទួល​ភ្ញៀវទេសច​រ​អន្តរជាតិ​ជាង ៧​លាន​នាក់​។

​លោក​បាន​បញ្ជាក់ទៀតថា ការរីកចម្រើន​នៃ​វិស័យ​ទេសចរណ៍ ​គឺ​ពិតជា​បានរួម​ចំណែក​យ៉ាងខ្លាំងក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាពលរដ្ឋ ពិសេស​ចូលរួមដល់​ការសម្រេច​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ ដើម្បី​កំណើន​ការងារ ប្រសិទ្ធភាព និង​សមធម៌​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114