ព័ត៍មានទាន់​ហេតុការណ៏
Search

ឈប់​ម៉ូតូ​នោម​មួយ​ភ្លែត​ចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ​និង​គ្រឿងអលង្ការ​លុយកាក់​សរុប​ប្រមាណ​ជាង​៥​ពាន់​ដុល្លារ

​ភ្នំពេញ ៖ បុរស​ម្នាក់​ខណៈពេល​ជិះ​ម៉ូតូ​ទៅយក​មួកសុវត្ថិភាព​នៅ​ផ្ទះ​ប្អូន​មិនទាន់​ដល់​ផង គ្រាន់តែ​ឈប់​នោម​មួយ​ភ្លែត​ត្រូវ​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ជិះ​ម៉ូតូ​មក​ភ្ជង់​ប្លន់​យក​ម៉ូតូ​ចិញ្ចៀនពេជ្រ​ទូរស័ព្ទដៃ​និង​លុយកាក់​សរុប​ជាង​៥​ពាន់​ដុល្លារ​បានសម្រេច កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​៩​ ខែ​មីនា​ ឆ្នាំ​២០១៨ ​នៅ​តាម​បណ្តោយ​ផ្លូវលំ​ភូមិ​ត្រពាំង​ជ្រៃ​សង្កាត់​កា​កាប​២​ខណ្ឌ​ពោធិ៍​សែនជ័យ។

ជនរងគ្រោះ​ឈ្មោះ ចាន់ រិ​ទ្ធិ​ ភេទ​ប្រុស​ អាយុ៣៨​ឆ្នាំ​ មុខរបរ​លក់​អីវ៉ាន់​ស្នាក់នៅ​ផ្លូវ​សឡា​សង្កាត់​អូ​បែកក្អម ​ខណ្ឌ​សែន​សុខ​មាន​ស្រុកកំណើត​នៅ​ស្រុកចំការ​លើ​ខេត្តកំពង់ចាម​។

សម្ភារៈ​ដែល​ក្រុមចោរ​ភ្ជង់​ប្លន់​យក​រួមមាន ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​២០១៣​ពណ៌​ខ្មៅ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​0635​មិន​ចាំ​អក្សរ លុយ​ដុល្លារ ចំនួន​២៨០០​ដុល្លារ ចិញ្ចៀនពេជ្រ មួយ​វង់​តម្លៃ​ជាង​១០០០​ដុល្លារ ​និង​ ទូរ​ស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក huawei​ បើ​សរុប​មិន​តិចជាង​៥​ពាន់​ដុល្លារ​នោះ​ទេ។

តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បាន​និយាយ​ថា នៅមុន​ពេល​កើតហេតុ​រូបគាត់​បាន​ជិះ​ម៉ូតូ​ពី​ផ្ទះជួល​ទៅយក​មួកសុវត្ថិភាព​ ដែល​ភ្លេច​នៅផ្ទះ​ប្អូនស្រី​នៅ​ភូមិ​ព្រៃទារ​ សង្កាត់​ចោមចៅ​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ លុះ​បើក​តាម​ផ្លូវលំ​ខាងលើ ដែល​ជិត​ម្តុំ​រោងចក្រ។​ នៅ​ពេល​មកដល់​ចំណុច​កើតហេតុ គាត់​បាន​ឈប់​ម៉ូតូ​មួយ​ភ្លែត​ដើម្បី​បត់ជើងតូច​ហើយដោយ​មិនទាន់​នឹង​បាន​នោម​ផង​ស្រាប់​តែ​មាន​ជនសង្ស័យ​មាន​គ្នា​៣​នាក់​ បាន​មក​ឈប់​ម៉ូតូ​នៅ​ក្បែរ​គាត់​ហើយ​ដក​យក​កាំភ្លើង​មក​ភ្ជង់​គាត់​ដោយ​ឲ្យ​យកដៃ​សង្កត់​ផ្ទប់​នឹង​ដី​រួច​អោយ​ជនសង្ស័យ​ម្នាក់ទៀត លូក​យក​កាបូប​លុយ​ក្នុង​ហោប៉ៅ​និង​ដោះ​ចិញ្ចៀន​ពេជ្រ​ពី​ដៃ​គាត់​ហើយ​ជនសង្ស័យ​អត់​បាន​ឃើញ​ខ្សែក កុំ​អី​ជនសង្ស័យ​ដោះ​យក​ខ្សែក​គាត់​ថែមទៀត​មិន​ខាន​ហើយ​ជនសង្ស័យ​ជិះ​ម៉ូតូ​ចេញទៅ​បាត់​ដោយ​សុ​វត្ថិភាព។

ក្រោយពេល​កើតហេតុ គាត់​បាន​យក​ទូរ​សព្ទ​ដៃ​មួយគ្រឿង​ទៀត​ទាក់ទង​ទៅ​កម្លាំង​សមត្ថកិច្ច​មកជួយ​អន្តរាគមន៍​ភ្លាមៗ​ផង​ដែរ​ហើយ​សមត្ថកិច្ច​បាន​នាំ​រូបគាត់​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​២​ដើម្បី​ដាក់ពាក្យ​បណ្ដឹង​ដើម្បី​ងាយស្រួល​ក្នុងការ​ស៊ើប​អង្កេត​ស្វែង​មុខសញ្ញា​ក្រែង​អាច​ថ្ងៃ​ណាមួយ​ចោរ​អស់លក្ខណ៍​អាច​ធ្លាក់​ចូលក្នុង​កណ្ដាប់ដៃ​សមត្ថកិច្ច៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114